បន្ទាប់ពីក្រុមគ្រួសាររបស់អ្នកស្រីម៉ាប៊ែល(Mabel) ទើបតែផ្លាស់មករស់នៅកន្លែងថ្មី រ៉ាយអិន(Ryan) ដែលជាកូនប្រុសរបស់គាត់ អាយុ៧ឆ្នំា មានការទើសទាល់យ៉ាងខ្លាំង ខណៈពេលដែលគាត់រៀបចំខ្លួន ដើម្បីចូលរួម នៅក្នុងកម្មវិធីបោះជំរុំរដូវក្តៅ នៅសាលារៀនថ្មីរបស់គាត់។ អ្នកស្រីម៉ាបែលក៏បានលើកទឹកចិត្តគាត់ ដោយនិយាយបញ្ជាក់ថា គាត់យល់ អំពីការលំបាក ដែលបណ្តាលមកពីក្នុងការផ្លាស់ប្តូរទីលំនៅនេះ។ ប៉ុន្តែ នៅពេលព្រឹកមួយនោះ រ៉ាយអិនហាក់ដូចជាមានភាពម៉ូមៅជ្រុល ខុសពីធម្មតា ដែលនេះមិនមែនជាចរិយាសម្បត្តិរបស់គាត់ទេ។
អ្នកស្រីម៉ាប៊ែល ក៏បានសួរគាត់ ដោយចិត្តអាណឹតថា “តើកូនមានរឿងអី?”
រ៉ាយអិនក៏បានសម្លឹងមើល តាមម៉ាត់បង្អួច ហើយនិយាយទំាងញាក់ស្មាថា “កូនមិនដឹងដែរ ម៉ាក់។ កូនមានអារម្មណ៍លាយឡំច្រើនណាស់”។
អ្នកស្រីម៉ាប៊ែល មានការឈឺចាប់ក្នុងចិត្ត ពេលដែលគាត់កម្សាន្តចិត្តកូនប្រុសរបស់គាត់។ គាត់បានព្យាយាមរិះរកវិធីជួយកូនប្រុសគាត់។ គាត់ប្រាប់រ៉ាយអិនថា ការផ្លាស់ប្តូរទីលំនៅនេះ ក៏នាំឲ្យគាត់មានការពិបាកផងដែរ។ គាត់ក៏បានលើកទឹកចិត្តរ៉ាយអិនថា ព្រះជាម្ចាស់នឹងនៅតែគង់នៅក្បែរជានិច្ច ហើយព្រះអង្គជ្រាបអំពីរឿងគ្រប់យ៉ាង សូម្បីតែនៅពេលដែលពួកគេមិនអាចយល់ ឬមិនអាចរៀបរាប់អំពីភាពនឿយណាយរបស់ពួកគេក៏ដោយ។ គាត់ក៏បានបបួលកូនប្រុសគាត់ ឲ្យទៅលេងមិត្តភក្តិ មុនពេលសាលារៀនចាប់ផ្តើមឆ្នាំសិក្សាថ្មី។ ពួកគេក៏បានរៀបគម្រោង ហើយអរព្រះគុណព្រះជាម្ចាស់ ដែលបានជ្រាបថា កូនរបស់ទ្រង់មានការពិបាកក្នុងអារម្មណ៍។
អ្នកនិពន្ធបទគម្ពីរ ទំនុកដំកើង ជំពូក១៤៧ ធ្លាប់មានអារម្មណ៍ដែលពិបាកខ្លាំង ក្នុងការធ្វើដំណើរនៃសេចក្តីជំនឿរបស់គាត់ ហើយក៏បានទទួលស្គាល់អត្ថប្រយោជន៍នៃការសរសើរដំកើង ព្រះជាម្ចាស់ដែលជ្រាបគ្រប់ការទំាងអស់ និងជាអ្នកទ្រទ្រង់អ្វីៗគ្រប់យ៉ាង ហើយជាអ្នកព្យាបាលរបួសផ្លូវកាយ និងផ្លូវអារម្មណ៍(ខ.១-៦)។ គាត់ក៏បានសរសើរដំកើងព្រះ ដែលបានផ្គត់ផ្គង់ និង “គឺព្រះយេហូវ៉ាទ្រង់សព្វព្រះហឫទ័យតែនឹងអស់អ្នក ដែលកោតខ្លាចទ្រង់ ហើយនឹងអស់អ្នកដែលសង្ឃឹមដល់សេចក្តីសប្បុរសរបស់ទ្រង់ប៉ុណ្ណោះ” (ខ.១១)។
ពេលណាយើងមានការពិបាក ក្នុងផ្លូវអារម្មណ៍ដែលចេះតែផ្លាស់ប្តូរ យើងមិនត្រូវមានអារម្មណ៍ឯកោ ឬបាក់ទឹកចិត្តឡើយ។ យើងអាចសម្រាក ក្នុងសេចក្តីស្រឡាញ់ ដែលគ្មានលក្ខខណ្ឌ និងសម្រាកដោយដឹងថា ព្រះដែលមិនចេះប្រែប្រួល តែងតែជ្រាបអំពីរឿងគ្រប់យ៉ាងរបស់យើង។—Xochitl Dixon