បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់​អ្នក​ស្រី​ម៉ាប៊ែល(Mabel) ទើប​តែ​ផ្លាស់​មក​រស់​នៅ​កន្លែង​ថ្មី រ៉ាយអិន(Ryan) ដែល​ជា​កូន​ប្រុស​របស់គាត់ អាយុ​៧​ឆ្នំា មាន​ការ​ទើស​ទាល់​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​គាត់​រៀប​ចំ​ខ្លួន ដើម្បី​ចូល​រួម នៅ​ក្នុង​កម្ម​វិធី​បោះ​ជំរុំ​រដូវ​ក្តៅ នៅសាលា​រៀន​ថ្មី​របស់​គាត់។ អ្នក​ស្រី​ម៉ាបែល​ក៏​បាន​លើក​ទឹក​ចិត្ត​គាត់ ដោយ​និយាយ​បញ្ជាក់​ថា គាត់​យល់​ អំពី​ការ​លំបាក ​ដែល​បណ្តាល​មក​ពី​ក្នុង​ការ​ផ្លាស់​ប្តូរ​ទី​លំ​នៅ​នេះ។ ប៉ុន្តែ នៅ​ពេល​ព្រឹក​មួយ​នោះ  រ៉ាយ​អិន​ហាក់​ដូច​ជា​មាន​ភាព​ម៉ូ​មៅ​ជ្រុល ខុស​ពី​ធម្មតា ដែល​នេះ​មិន​មែន​ជា​ចរិយា​សម្បត្តិ​របស់​គាត់​ទេ។

អ្នក​ស្រី​ម៉ាប៊ែល ​ក៏​បាន​សួរ​គាត់ ដោយ​ចិត្ត​អាណឹត​ថា “តើ​កូន​មាន​រឿង​អី?”

រ៉ាយ​អិន​ក៏​បាន​សម្លឹង​មើល តាម​ម៉ាត់​បង្អួច ហើយ​និយាយ​ទំាង​ញាក់​ស្មា​ថា​ “កូន​មិន​ដឹង​ដែរ​ ម៉ាក់។ កូន​មាន​អារម្មណ៍​លាយ​ឡំច្រើន​ណាស់”។​

អ្នក​ស្រី​ម៉ាប៊ែល មាន​ការ​ឈឺ​ចាប់​ក្នុង​ចិត្ត ពេល​ដែល​គាត់​កម្សាន្ត​ចិត្ត​កូន​ប្រុស​របស់​គាត់។ គាត់​បាន​ព្យាយាម​រិះ​រក​វិធី​ជួយ​កូនប្រុស​គាត់។ គាត់​ប្រាប់​រ៉ាយ​អិន​ថា ការ​ផ្លាស់​ប្តូរ​ទី​លំនៅ​នេះ ក៏​នាំ​ឲ្យ​គាត់​មាន​ការ​ពិបាក​ផង​ដែរ។ គាត់ក៏​បាន​លើក​ទឹក​ចិត្ត​រ៉ាយអិន​ថា ព្រះជា​ម្ចាស់​នឹង​នៅ​តែ​គង់​នៅ​ក្បែរ​ជា​និច្ច ហើយ​ព្រះ​អង្គ​ជ្រាប​អំពី​រឿង​គ្រប់​យ៉ាង សូម្បី​តែ​នៅ​ពេល​​ដែល​ពួក​គេ​មិន​អាចយល់ ឬ​មិន​អាច​រៀប​រាប់​អំពី​ភាព​នឿយ​ណាយ​របស់​ពួក​គេ​ក៏​ដោយ។ គាត់​ក៏​បាន​បបួល​កូន​ប្រុស​គាត់ ​ឲ្យទៅ​លេង​មិត្ត​ភក្តិ​ មុន​ពេល​សាលា​រៀន​ចាប់​ផ្តើម​ឆ្នាំ​សិក្សា​ថ្មី។ ពួក​គេ​ក៏​បាន​រៀប​គម្រោង ហើយ​អរ​ព្រះ​គុណ​ព្រះ​ជាម្ចាស់ ដែល​បាន​ជ្រាប​ថា កូនរបស់​ទ្រង់​មាន​ការ​ពិបាក​ក្នុង​អារម្មណ៍។​

អ្នក​និពន្ធ​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក​១៤៧ ធ្លាប់​មាន​អារម្មណ៍​ដែល​ពិបាក​ខ្លាំង ក្នុង​ការ​ធ្វើ​ដំណើរ​នៃ​សេចក្តី​ជំនឿ​របស់​គាត់ ហើយ​ក៏​បាន​ទទួល​ស្គាល់​អត្ថ​ប្រយោជន៍​នៃ​ការ​សរសើរ​ដំកើង ព្រះ​ជា​ម្ចាស់​ដែល​ជ្រាប​គ្រប់​ការ​ទំាង​អស់ និង​ជា​អ្នក​ទ្រទ្រង់​អ្វី​ៗគ្រប់​យ៉ាង ហើយ​ជា​អ្នក​ព្យាបាល​របួស​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍(ខ.១-៦)។ គាត់​ក៏​បាន​សរសើរ​ដំកើង​ព្រះ ដែល​បាន​ផ្គត់​ផ្គង់ និង “គឺ​ព្រះយេហូវ៉ា​ទ្រង់​សព្វ​ព្រះហឫទ័យ​តែ​នឹង​អស់​អ្នក ដែល​កោត​ខ្លាច​ទ្រង់ ហើយ​នឹង​អស់​អ្នក​ដែល​សង្ឃឹម​ដល់​សេចក្តី​សប្បុរស​របស់​ទ្រង់​ប៉ុណ្ណោះ” (ខ.១១)។

ពេល​ណា​យើង​មាន​ការ​ពិបាក ក្នុង​ផ្លូវ​អារម្មណ៍​ដែល​ចេះ​តែ​ផ្លាស់​ប្តូរ យើង​មិន​ត្រូវ​មាន​អារម្មណ៍​ឯកោ ឬ​បាក់​ទឹក​ចិត្ត​ឡើយ។ យើង​អាច​សម្រាក ក្នុង​សេចក្តី​ស្រឡាញ់ ដែល​គ្មាន​លក្ខ​ខណ្ឌ និង​សម្រាក​ដោយ​ដឹង​ថា ព្រះ​ដែល​មិន​ចេះប្រែ​ប្រួល តែង​តែជ្រាប​អំពី​រឿង​គ្រប់​យ៉ាង​របស់​យើង។​—Xochitl Dixon