កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​រៀប​ចំ​ការ​អធិប្បាយ​ព្រះ​បន្ទូល មុន​ពេល​ថ្ងៃ​អាទិត្យ​ចូល​មក​ដល់ តែ​នៅ​ពេល​ព្រឹក​ថ្ងៃ​អាទិត្យ​ខ្លះ ខ្ញុំមាន​អារម្មណ៍​ថា​ ខ្លួន​ឯង​ហាក់​ដូច​ជា​សត្វ​ដង្កូវ​ដ៏​តូច​ទៀប។ ក្នុង​អំឡុង​ពេល​សប្តាហ៍​មុន​នោះ ខ្ញុំ​មិន​បាន​ធ្វើ​ជា​ស្វាមី​ ឪពុក​ ឬ​មិត្តភក្តិ​ដែល​ល្អ​បំផុត​ទេ។ ខ្ញុំ​គិត​ថា មុន​ពេល​ព្រះ​ទ្រង់​អាច​ប្រើ​ខ្ញុំ​ម្តង​ទៀត ខ្ញុំ​ត្រូវ​តែ​រស់​នៅឲ្យ​បាន​ត្រឹម​ត្រូវ។ ដូច​នេះ ខ្ញុំ​ក៏​បាន​ប្តេជ្ញា​ចិត្ត​ថា ខ្ញុំ​នឹង​អធិប្បាយ​ព្រះ​បន្ទូល​ឲ្យ​បាន​ល្អ ហើយ​ព្យាយាម​រស់​នៅ ក្នុង​សប្តាហ៍​ក្រោយ ឲ្យ​បាន​ល្អ​ជាង​មុន។

តែ​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ដ៏​ល្អ​ឡើយ។ បទ​គម្ពីរ​កាឡាទី​ជំពូក​៣ បាន​ចែង​ថា ព្រះ​ជា​ម្ចាស់​បាន​ប្រទាន​យើង នូវ​ព្រះវិញ្ញាណ​បរិសុទ្ធ ហើយ​ធ្វើ​ការ ដោយ​អំណាច​ចេស្តា តាម​រយៈ​យើង។ ជំនួយ​នេះ ជា​អំណោយ​ដែល​ព្រះ​អង្គ​ប្រទាន​យើង គឺ​មិន​មែន​ដោយ​សារ​យើង​បាន​ធ្វើ​អ្វី​មួយ ដើម្បី​ឲ្យ​សក្តិ​សម​នឹង​ទទួល​ជំនួយ​នេះ​ឡើយ។​

គឺ​ដូច​ដែល​លោក​អ័ប្រាហាំ​បាន​ធ្វើ​ជា​គំរូ​ស្រាប់។ នៅ​សម័យ​នោះ គាត់​បរាជ័យ​នៅ​ក្នុង​តួនាទី​ជា​ស្វាមី។ ឧទាហរណ៍ គាត់​បានធ្វើ​ឲ្យ​ជីវិត​របស់​នាង​សារ៉ា​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ពីរ​ដង ពេល​ដែល​គាត់​និយាយ​កុហក ដើម្បី​ជួយ​ខ្លួន​ឯង​(លោកុប្បត្តិ ១២:១០-២០ ២០:១-១៨)។ ប៉ុន្តែ ដោយ​សារ​សេចក្តី​ជំនឿ នោះ​ព្រះ​ទ្រង់​បាន​រាប់​គាត់​ជា​សុចរិត​(លោកុប្បត្តិ ៣:៦)។ លោក​អ័ប្រាហាំបាន​ថ្វាយ​ជីវិត​គាត់ ក្នុង​ព្រះ​ហស្ត​ព្រះ​ ទោះ​គាត់​ធ្លាប់​ធ្វើ​ខុស​យ៉ាង​ណា​ក៏​ដោយ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ប្រើ​គាត់ ​ដើម្បី​នាំ​សេចក្តី​សង្រ្គោះ ដល់​ពិភព​លោក តាម​រយៈ​កូន​ចៅ​ជំនាន់​ក្រោយ​របស់​គាត់។​

ព្រះ​យេស៊ូវ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ដើរ​តាម​ព្រះ​អង្គ ដោយ​ការ​ស្តាប់​បង្គាប់ ហើយ​បាន​ប្រទាន​យើង​នូវ​លទ្ធ​ភាព ដើម្បី​ស្តាប់បង្គាប់​ព្រះ​អង្គ។ ចិត្ត​ដែល​រឹង​រូស មិន​ព្រម​កែ​ប្រែ តែង​តែ​រា​រាំង​មិន​ឲ្យសម្រេច​បំណង​ព្រះ​ទ័យ ដែល​ព្រះ​អង្គ​មាន​សម្រាប់​យើង ប៉ុន្តែ លទ្ធភាព​ដែល​ព្រះ​អង្គ​អាច​ប្រើ​យើង គឺ​មិន​ពឹង​ផ្អែក​ទៅ​លើ​គំរូ​នៃ​ការ​ប្រព្រឹត្ត​ល្អ ​ដែល​យើង​មាន​ជា​យូរ​មក​ហើយ​នោះ​ទេ តែ​អាស្រ័យទៅ​លើ​ព្រះ​ទ័យ​របស់​ព្រះ​អង្គ ដែល​ចង់​ធ្វើ​ការ​តាម​រយៈ​យើង ដែល​បាន​សង្រ្គោះ និង​លូត​លាស់​ដោយ​សារ​ព្រះ​គុណ​ព្រះ​អង្គ។ យើងមិនចាំបាច់ត្រូវខំធ្វើការល្អ ដើម្បីឲ្យបានព្រះគុណព្រះអង្គនោះទេ ព្រោះព្រះគុណព្រះអង្គ គឺជាអំណោយដែលឥតគិតថ្លៃ។​—David H. Roper