កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានរៀបចំការអធិប្បាយព្រះបន្ទូល មុនពេលថ្ងៃអាទិត្យចូលមកដល់ តែនៅពេលព្រឹកថ្ងៃអាទិត្យខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងហាក់ដូចជាសត្វដង្កូវដ៏តូចទៀប។ ក្នុងអំឡុងពេលសប្តាហ៍មុននោះ ខ្ញុំមិនបានធ្វើជាស្វាមី ឪពុក ឬមិត្តភក្តិដែលល្អបំផុតទេ។ ខ្ញុំគិតថា មុនពេលព្រះទ្រង់អាចប្រើខ្ញុំម្តងទៀត ខ្ញុំត្រូវតែរស់នៅឲ្យបានត្រឹមត្រូវ។ ដូចនេះ ខ្ញុំក៏បានប្តេជ្ញាចិត្តថា ខ្ញុំនឹងអធិប្បាយព្រះបន្ទូលឲ្យបានល្អ ហើយព្យាយាមរស់នៅ ក្នុងសប្តាហ៍ក្រោយ ឲ្យបានល្អជាងមុន។
តែនេះមិនមែនជាដំណោះស្រាយដ៏ល្អឡើយ។ បទគម្ពីរកាឡាទីជំពូក៣ បានចែងថា ព្រះជាម្ចាស់បានប្រទានយើង នូវព្រះវិញ្ញាណបរិសុទ្ធ ហើយធ្វើការ ដោយអំណាចចេស្តា តាមរយៈយើង។ ជំនួយនេះ ជាអំណោយដែលព្រះអង្គប្រទានយើង គឺមិនមែនដោយសារយើងបានធ្វើអ្វីមួយ ដើម្បីឲ្យសក្តិសមនឹងទទួលជំនួយនេះឡើយ។
គឺដូចដែលលោកអ័ប្រាហាំបានធ្វើជាគំរូស្រាប់។ នៅសម័យនោះ គាត់បរាជ័យនៅក្នុងតួនាទីជាស្វាមី។ ឧទាហរណ៍ គាត់បានធ្វើឲ្យជីវិតរបស់នាងសារ៉ាស្ថិតក្នុងគ្រោះថ្នាក់ពីរដង ពេលដែលគាត់និយាយកុហក ដើម្បីជួយខ្លួនឯង(លោកុប្បត្តិ ១២:១០-២០ ២០:១-១៨)។ ប៉ុន្តែ ដោយសារសេចក្តីជំនឿ នោះព្រះទ្រង់បានរាប់គាត់ជាសុចរិត(លោកុប្បត្តិ ៣:៦)។ លោកអ័ប្រាហាំបានថ្វាយជីវិតគាត់ ក្នុងព្រះហស្តព្រះ ទោះគាត់ធ្លាប់ធ្វើខុសយ៉ាងណាក៏ដោយ ហើយព្រះទ្រង់ក៏បានប្រើគាត់ ដើម្បីនាំសេចក្តីសង្រ្គោះ ដល់ពិភពលោក តាមរយៈកូនចៅជំនាន់ក្រោយរបស់គាត់។
ព្រះយេស៊ូវបានត្រាស់ហៅយើងឲ្យដើរតាមព្រះអង្គ ដោយការស្តាប់បង្គាប់ ហើយបានប្រទានយើងនូវលទ្ធភាព ដើម្បីស្តាប់បង្គាប់ព្រះអង្គ។ ចិត្តដែលរឹងរូស មិនព្រមកែប្រែ តែងតែរារាំងមិនឲ្យសម្រេចបំណងព្រះទ័យ ដែលព្រះអង្គមានសម្រាប់យើង ប៉ុន្តែ លទ្ធភាពដែលព្រះអង្គអាចប្រើយើង គឺមិនពឹងផ្អែកទៅលើគំរូនៃការប្រព្រឹត្តល្អ ដែលយើងមានជាយូរមកហើយនោះទេ តែអាស្រ័យទៅលើព្រះទ័យរបស់ព្រះអង្គ ដែលចង់ធ្វើការតាមរយៈយើង ដែលបានសង្រ្គោះ និងលូតលាស់ដោយសារព្រះគុណព្រះអង្គ។ យើងមិនចាំបាច់ត្រូវខំធ្វើការល្អ ដើម្បីឲ្យបានព្រះគុណព្រះអង្គនោះទេ ព្រោះព្រះគុណព្រះអង្គ គឺជាអំណោយដែលឥតគិតថ្លៃ។—David H. Roper