កាលពីពេលថ្មីៗនេះ ខ្ញុំបានចូលរួមកម្មវិធីចែកសញ្ញាប័ត្រវិទ្យាល័យ ដែលក្នុងនោះ វាគ្មិនប្រាប់យុវជនវ័យក្មេងដែលកំពុងរង់ចាំទទួលសញ្ញាប័ត្រ ឲ្យគិតអំពីបញ្ហាប្រឈមមួយ។ គាត់លើកឡើងថា ពេលនេះជាពេលមួយ ក្នុងជីវិតរបស់ពួកគេ ដែលគេរាល់គ្នានឹងសួរពួកគេថា “តើពួកគេនឹងធ្វើអ្វីទៀត?” តើពួកគេចង់ធ្វើការងារអ្វីនៅពេលខាងមុខ? តើពួកគេនឹងទៅរៀននៅសាលាណា ឬទៅធ្វើការនៅកន្លែងណា? បន្ទាប់មក គាត់ក៏បាននិយាយថា សំណួរដែលសំខាន់ជាងនេះទៀតនោះគឺ តើពួកគេកំពុងតែធ្វើអ្វីខ្លះ នៅពេលបច្ចុប្បន្ន?
នៅក្នុងបរិបទនៃការធ្វើដំណើរខាងសេចក្តីជំនឿរបស់ពួកគេ តើពួកគេនឹងសម្រេចចិត្តធ្វើអ្វីខ្លះ ជារៀងរាល់ថ្ងៃ ដើម្បីឲ្យពួកគេអាចរស់នៅថ្វាយព្រះយេស៊ូវ ជាជាងរស់នៅសម្រាប់ខ្លួនឯង?
ពាក្យសម្តីរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរសុភាសិត ដែលបានប្រាប់យើង ពីរបៀបរស់នៅ ក្នុងពេលបច្ចុប្បន្នឲ្យបានត្រឹមត្រូវ។ ឧទាហរណ៍ បទគម្ពីរសុភាសិតបានបង្រៀនយើងឲ្យរស់នៅ ក្នុងពេលបច្ចុប្បន្ន ដោយចិត្តស្មោះត្រង់ (១១:១) ជ្រើសរើសមិត្តភក្តិ ឲ្យបានត្រឹមត្រូវ(១២:២៦) រស់នៅ ដោយទៀតត្រង់ (១៣:៦) មានការវិនិច្ឆ័យដ៏ល្អ (១៣:១៥) និយាយស្តីប្រកបដោយប្រាជ្ញា(១៤:៣)។
ចូរយើងរស់នៅថ្វាយព្រះ ក្នុងពេលបច្ចុប្បន្ន តាមការដឹកនាំរបស់ព្រះវិញ្ញាណបរិសុទ្ធ ព្រោះការនេះនឹងជួយឲ្យយើងមានភាពងាយស្រួល នៅក្នុងការសម្រេចចិត្តធ្វើអ្វីៗ ក្នុងពេលអនាគត។ ដ្បិតព្រះទ្រង់ប្រទានឲ្យមានប្រាជ្ញា ឯដំរិះនឹងយោបល់ …ក៏ជាខែលដល់អស់អ្នកដែលដើរក្នុងសេចក្តីទៀងត្រង់ ហើយការពារផ្លូវរបស់ពួកបរិសុទ្ធរបស់ទ្រង់” (២:៦-៨)។ សូមព្រះទ្រង់ប្រទានអ្វី ដែលយើងត្រូវការ សម្រាប់រស់នៅ តាមការដឹកនាំរបស់ព្រះអង្គ ក្នុងពេលបច្ចុប្បន្ន ហើយសូមព្រះអង្គដឹកនាំយើង ចូលទៅក្នុងកិច្ចការបន្ទាប់ ដើម្បីថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ។—Dave Branon