ក្រុមអ្នកឆ្លើយតបបន្ទាន់ បានបង្ហាញចេញនូវការប្តូរផ្តាច់ និងសេចក្តីក្លាហាន ជារៀងរាល់ថ្ងៃ ដោយមានវត្តមាននៅកន្លែងដែលមានគ្រោះមហន្តរាយកើតឡើង។ កាលមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បានទទួលរងការវាយប្រហារ នៅឆ្នំា២០០១ បណ្តាលឲ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត ឬរបួស ក្រុមអ្នកសង្រ្គោះបន្ទាន់រាប់រយនាក់ ក៏បានបាត់បង់ជីវិតផងដែរ។ ដើម្បីផ្តល់ការគោរពដល់ក្រុមអ្នកឆ្លើយតបបន្ទាន់ ព្រឹទ្ធសភាអាមេរិកក៏បានកំណត់យកថ្ងៃទី១២ ខែកញ្ញា ជាទិវាលើកទឹកចិត្ត ដែលស្ថិតក្នុងចំណោមថ្ងៃបុណ្យជាតិសំខាន់ៗ។
ការជ្រើសរើសយកថ្ងៃនោះ ជាទិវាលើកទឹកចិត្ត ហាក់ដូចជារឿងដែលពិសេស ប៉ុន្តែ សាវ័កប៉ុលក៏បានចាត់ទុកការលើកទឹកចិត្ត ជាធាតុផ្សំដ៏ចាំបាច់មួយ សម្រាប់ការលូតលាស់នៃពួកជំនុំផងដែរ។ គាត់បានបង្រៀនពួកជំនុំក្មេងខ្ចី នៅក្រុងថែស្សាឡូនិច(ជាទីក្រុងមួយ នៅខេត្តម៉ាសេដូន) ឲ្យ “ជួយកំសាន្តដល់ពួកអ្នកណាដែលមានសេចក្តីទន់ក្រំចិត្ត ទាំងគាំពារពួកអ្នកដែលខ្សោយ និងអត់ឱនចំពោះមនុស្សទាំងអស់”(១ថែស្សាឡូនិច ៥:១៤)។ ទោះបីជាពួកអ្នកជឿទាំងនេះកំពុងតែជួបការបៀតបៀនក៏ដោយ ក៏សាវ័កប៉ុលបានលើកទឹកចិត្តពួកគេ ឲ្យ “ដេញតាមការល្អជាដរាប ដល់គ្នាទៅវិញទៅមក ហើយដល់មនុស្សផងទាំងឡាយដែរ”(ខ.១៥)។ គាត់ដឹងថា ក្នុងនាមជាមនុស្ស ពួកគេងាយនឹងមានភាពអស់សង្ឃឹម អាត្មានិយម និងការប៉ះទង្គិចគ្នា។ ប៉ុន្តែ គាត់ក៏ដឹងផងដែរថា ពួកគេមិនអាចលើកទឹកចិត្តគ្នាទៅវិញទៅមក ដោយគ្មានជំនួយ និងកម្លាំងមកពីព្រះបានឡើយ។
សម័យនេះមិនខុសពីសម័យមុនទេ។ យើងរាល់គ្នាសុទ្ធតែត្រូវការការលើកទឹកចិត្ត ហើយយើងចាំបាច់ត្រូវលើកទឹកចិត្តមនុស្ស ដែលនៅក្បែរយើងផងដែរ។ តែយើងមិនអាចធ្វើការនេះ ដោយពឹងអាងកម្លាំងខ្លួនឯងបានឡើយ។ ហេតុនេះហើយ សាវ័កប៉ុលបានលើកទឹកចិត្តថា “ព្រះដែលបានហៅអ្នករាល់គ្នា ទ្រង់ស្មោះត្រង់ ទ្រង់នឹងធ្វើសំរេចការនោះ”(ខ.២៤)។ ដោយជំនួយមកពីព្រះអង្គ នោះយើងអាចលើកទឹកចិត្តគ្នាទៅវិញទៅមក ជារៀងរាល់ថ្ងៃ។—Estera Pirosca Escobar