ក្រុម​អ្នក​ឆ្លើយ​តប​បន្ទាន់ បាន​បង្ហាញ​ចេញ​នូវ​ការ​ប្តូរ​ផ្តាច់ និង​សេចក្តី​ក្លាហាន ជា​រៀង​រាល់​ថ្ងៃ ដោយ​មាន​វត្ត​មាន​នៅ​កន្លែង​ដែលមាន​គ្រោះ​មហន្ត​រាយ​កើត​ឡើង។ កាល​មជ្ឈ​មណ្ឌល​ពាណិជ្ជ​កម្ម​ពិភព​លោក បាន​ទទួល​រង​ការ​វាយ​ប្រហារ នៅ​ឆ្នំា​២០០១ បណ្តាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់​បង់​ជីវិត ឬ​របួស ក្រុម​អ្នក​សង្រ្គោះ​បន្ទាន់​រាប់​រយ​នាក់ ក៏​បាន​បាត់​បង់​ជីវិត​ផង​ដែរ។ ដើម្បី​ផ្តល់​ការ​គោរព​ដល់​ក្រុម​អ្នក​ឆ្លើយ​តប​បន្ទាន់ ព្រឹទ្ធ​សភា​អាមេរិក​ក៏​បាន​កំណត់​យក​ថ្ងៃ​ទី​១២ ខែ​កញ្ញា ជា​ទិវា​លើក​ទឹក​ចិត្ត ដែលស្ថិត​ក្នុង​ចំណោម​ថ្ងៃ​បុណ្យ​ជាតិ​សំខាន់​ៗ។

ការ​ជ្រើស​រើស​យក​ថ្ងៃ​នោះ ជា​ទិវា​លើក​ទឹក​ចិត្ត ហាក់​ដូច​ជា​រឿង​ដែល​ពិសេស ប៉ុន្តែ សាវ័ក​ប៉ុល​ក៏​បាន​ចាត់​ទុក​ការ​លើក​ទឹក​ចិត្ត ជា​ធាតុ​ផ្សំ​ដ៏​ចាំ​បាច់​មួយ សម្រាប់​ការ​លូត​លាស់​នៃ​ពួក​ជំនុំ​ផង​ដែរ។ គាត់​បាន​បង្រៀន​ពួក​ជំនុំ​ក្មេង​ខ្ចី នៅ​ក្រុង​ថែស្សាឡូនិច​(ជាទីក្រុង​មួយ​ នៅ​ខេត្ត​ម៉ាសេដូន) ឲ្យ​ “​ជួយ​កំសាន្ត​ដល់​ពួក​អ្នក​ណា​ដែល​មាន​សេចក្តី​ទន់​ក្រំ​ចិត្ត ទាំង​គាំពារ​ពួក​អ្នក​ដែល​ខ្សោយ និង​អត់​ឱន​ចំពោះ​មនុស្ស​ទាំង​អស់”(១ថែស្សាឡូនិច ៥:១៤)។ ទោះ​បី​ជា​ពួក​អ្នក​ជឿ​ទាំង​នេះ​កំពុង​តែ​ជួប​ការ​បៀត​បៀន​ក៏ដោយ ក៏​សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ ឲ្យ “​ដេញ​តាម​ការ​ល្អ​ជា​ដរាប ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ដល់​មនុស្ស​ផង​ទាំង​ឡាយ​ដែរ”(ខ.១៥)។ គាត់​ដឹង​ថា ក្នុង​នាម​ជា​មនុស្ស ពួក​គេ​ងាយ​នឹង​មាន​ភាព​អស់​សង្ឃឹម​ អាត្មា​និយម និង​ការ​ប៉ះ​ទង្គិច​គ្នា។ ប៉ុន្តែ គាត់​ក៏​ដឹង​ផង​ដែរ​ថា ពួក​គេ​មិន​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​គ្មាន​ជំនួយ និង​កម្លាំង​មក​ពី​ព្រះ​បាន​ឡើយ។

សម័យ​នេះ​មិន​ខុស​ពី​សម័យ​មុន​ទេ។ យើង​រាល់​គ្នា​សុទ្ធ​តែ​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត ហើយ​យើង​ចាំ​បាច់​ត្រូវ​លើក​ទឹក​ចិត្ត​មនុស្ស ដែល​នៅ​ក្បែរ​យើង​ផង​ដែរ។ តែ​យើង​មិន​អាច​ធ្វើ​ការ​នេះ ដោយ​ពឹង​អាង​កម្លាំង​ខ្លួន​ឯង​បាន​ឡើយ។ ហេតុ​នេះ​ហើយ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​ថា “ព្រះ​ដែល​បាន​ហៅ​អ្នក​រាល់​គ្នា ទ្រង់​ស្មោះត្រង់ ទ្រង់​នឹង​ធ្វើ​សំរេច​ការ​នោះ”(ខ.២៤)។ ដោយ​ជំនួយ​មកពី​ព្រះ​អង្គ នោះ​យើង​អាច​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក ជា​រៀង​រាល់​ថ្ងៃ។​—Estera Pirosca Escobar