មានពេលមួយ អ្នកស្រាវជ្រាវជីវិតសត្វ នៅក្នុងទឹកម្នាក់ បានទៅហែលទឹក នៅក្បែរកោះឃុគ ក្នុងតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ពេលនោះ ស្រាប់តែមានសត្វត្រីបាឡែនបូកខ្នងមួយក្បាលទម្ងន់ ប្រហែល២៣តោន បានលេចចេញមក ហើយក៏បានដាក់នាង នៅពីក្រោមព្រុយពោះរបស់វា។ នាងគិតថា ជីវិតរបស់នាងនឹងត្រូវអស់ពេលនោះហើយ។ ប៉ុន្តែ បន្ទាប់ពីសត្វត្រីបាឡែនមួយក្បាលនេះបានហែលទឹកយឺតៗជារង្វង់ហើយ វាក៏បានលែងឲ្យនាងទៅ។ គឺនៅពេលនោះហើយ ដែលជីវវិទូរូបនោះបានឃើញត្រីឆ្លាមថាយហ្គ័រមួយក្បាល កំពុងតែចាកចេញពីតំបន់នោះ។ ស្រ្តីម្នាក់នេះក៏បានជឿថា តាមពិត សត្វត្រីបាឡែនបានការពារនាង ឲ្យរួចផុតពីការវាយប្រហាររបស់ត្រីឆ្លាម។
ក្នុងលោកិយដែលមានពេញទៅដោយគ្រោះថ្នាក់ ព្រះទ្រង់បានត្រាស់ហៅយើង ឲ្យមើលថែរគ្នាទៅវិញទៅមក។ ប៉ុន្តែ អ្នកប្រហែលជាចង់សួរខ្លួនឯងថា តើខ្ញុំគួរតែមានការទទួលខុសត្រូវ នៅក្នុងការមើលថែរអ្នកដទៃឬទេ? ទាក់ទងនឹងរឿងនេះ លោកកាអ៊ីនក៏បានធ្លាប់បានដោះសារ នៅចំពោះព្រះជាម្ចាស់ថា “តើទូលបង្គំជាអ្នកថែរក្សាប្អូនទូលបង្គំឬអី?”(លោកុប្បត្តិ ៤:៩)។ នៅក្នុងព្រះគម្ពីរសញ្ញាចាស់ទាំងមូល មានការឆ្លើយតប ចំពោះការដោះសារនេះ ដោយសម្លេងដែលឮច្បាស់ថា : ដែលលោកអ័ដាមត្រូវថែរក្សាសួនច្បារអេដែនជាយ៉ាងណា នោះលោកកាអ៊ីនក៏ត្រូវមើលថែរលោកអេបិលដែលជាប្អូនផងដែរ។ ពួកអ៊ីស្រាអែលក៏ត្រូវមើលថែរអ្នកដែលងាយរងគ្រោះ និងជនទុរគត់។ ប៉ុន្តែ ពួកគេបែរជាធ្វើផ្ទុយទៅវិញ ដោយកេងប្រវ័ញ្ចមកលើអ្នកដទៃ គាបសង្កត់អ្នកក្រ ហើយក៏បានបដិសេធមិនព្រមធ្វើតាមការបង្គាប់ ឲ្យស្រឡាញ់អ្នកដទៃ ឲ្យដូចខ្លួនឯង(អេសាយ ៣:១៤-១៥)។
ប៉ុន្តែ ក្នុងរឿងលោកកាអ៊ីន និងលោកអេបិល ព្រះជាម្ចាស់នៅតែបន្តថែរក្សាលោកកាអ៊ីន បន្ទាប់ពីទ្រង់បណ្តេញគាត់(លោកុប្បត្តិ ៤:១៥-១៦)។ ការថែរក្សាដែលព្រះទ្រង់មានសម្រាប់លោកកាអ៊ីន គឺជាអ្វី ដែលគាត់ត្រូវធ្វើសម្រាប់លោកអេបិលផងដែរ។ ការដ៏ប្រសើរនេះក៏ជាគំរូ នៃការអ្វីដែលព្រះទ្រង់បានយាងមកធ្វើ សម្រាប់យើង ក្នុងព្រះយេស៊ូវ។ ព្រះយេស៊ូវបានថែរក្សាយើង ហើយប្រទានអំណាចឲ្យយើង ចេញទៅថែរក្សាអ្នកដទៃផងដែរ។—Glenn Packiam