ពេលដែលខ្ញុំកំពុងតែធ្វើដំណើរជិតដល់ផ្ទះ ខ្ញុំក៏បានសង្កេតឃើញទ្រនិចនាឡិការសីតុណ្ហភាពម៉ាស៊ីនឡានកំពុងតែឡើងកាន់តែខ្លាំង។ ខ្ញុំក៏បានអែបខាង ហើយពន្លត់ម៉ាស៊ីន រួចចេញក្រៅឡាន។ ផ្សែងបានហុយចេញពីគំរបក្បាលឡាន។ ខ្ញុំក៏បានរុញឡានថយក្រោយបានប្រហែលមួយម៉ែត្រ ហើយក៏បានឃើញប្រេងម៉ាស៊ីនមួយថ្លុក នៅលើដី។ ភ្លាមៗនោះ ខ្ញុំក៏បានដឹងថា មានរឿងអ្វីកើតឡើង។ រ៉ងម៉ាស៊ីនបានខូចហើយ។
ខ្ញុំក៏បានត្អូញត្អែរ។ យើងទើបតែបានចំណាយលុយជាច្រើន នៅក្នុងការជួសជុលផ្សេងទៀត។ ហេតុអ្វីវាខូចនេះខូចនោះ មិនចេះចប់សោះ? ខ្ញុំក៏បានរអ៊ូរទាំដោយចិត្តជូរល្វីង។ ហេតុអ្វីឡាននេះមិនឈប់ខូច?
តើអ្នកធ្លាប់ជួបរឿងបែបនេះទេ? ជួនកាល យើងបានជៀសចេញពីរឿងវិបត្តិមួយ ដោះស្រាយបញ្ហាមួយ ហើយបានបង់ថ្លៃឈ្នួលអ្វីមួយហើយ តែត្រូវជួបរឿងមួយទៀត។ ជួនកាល បញ្ហាទាំងនោះអាចធំជាងរឿងឡានខូចទៅទៀត។ ឧទាហរណ៍ លទ្ធផលនៃការពិនិត្យសុខភាពដែលមិននឹកស្មានដល់ ការស្លាប់ដែលមិនបានព្រៀងទុក ឬការបាត់បង់ដ៏អាក្រក់ណាមួយជាដើម។
ស្ថិតក្នុងពេលនោះ យើងស្រេកឃ្លានចង់បានពិភពលោក ដែលមានការឈឺចាប់ ឬបញ្ហាតិចជាងនេះ។ ព្រះយេស៊ូវបានសន្យាថា អ្នកជឿព្រះអង្គនឹងបានទៅរស់នៅក្នុងផែនដីថ្មី។ ព្រះអង្គបានរំឭកពួកសាវ័ករបស់ព្រះអង្គក្នុងបទគម្ពីរយ៉ូហាន ជំពូក១៦ថា “នៅលោកីយ៍នេះ នោះអ្នករាល់គ្នាមានសេចក្តីវេទនាមែន ប៉ុន្តែ ត្រូវសង្ឃឹមឡើង ដ្បិតខ្ញុំបានឈ្នះលោកីយ៍ហើយ” (ខ.៣៣)។ ក្នុងជំពូកនេះ ព្រះយេស៊ូវមានបន្ទូល អំពីសេចក្តីវេទនាធ្ងន់ធ្ងរ ដែលមានដូចជាការបៀតបៀន ដោយសារជំនឿរបស់យើងជាដើម។ ប៉ុន្តែ ព្រះអង្គបានបង្រៀនថា អ្នកដែលសង្ឃឹមលើព្រះអង្គ នឹងមិនជួបសេចក្តីវេទនាទាំងនោះ ជារៀងរហូតឡើយ។
បញ្ហាទំាងតូចធំ អាចធ្វើឲ្យការរស់នៅរបស់យើងមានការពិបាក។ ប៉ុន្តែ ព្រះយេស៊ូវបានសន្យាថា យើងនឹងមានពេលអនាគតដែលល្អជាងនេះ ជាមួយព្រះអង្គ។ ការសន្យានេះបានលើកទឹកចិត្តយើង ឲ្យឈប់រស់នៅ ដោយផ្តេកផ្តួលទៅលើបញ្ហារបស់យើងទៀត។—Adam Holz