ពេល​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​ជិត​ដល់​ផ្ទះ ខ្ញុំ​ក៏​បាន​សង្កេត​ឃើញ​ទ្រនិច​នាឡិការ​សីតុណ្ហ​ភាព​ម៉ាស៊ីន​ឡាន​កំពុង​តែ​ឡើងកាន់​តែ​ខ្លាំង។ ខ្ញុំ​ក៏​បាន​អែប​ខាង ហើយ​ពន្លត់​ម៉ាស៊ីន រួច​ចេញ​ក្រៅ​ឡាន។ ផ្សែង​បាន​ហុយ​ចេញ​ពី​គំរប​ក្បាល​ឡាន។ ខ្ញុំ​ក៏​បាន​រុញ​ឡាន​ថយ​ក្រោយ​បាន​ប្រហែល​មួយ​ម៉ែត្រ ហើយ​ក៏​បាន​ឃើញ​ប្រេង​ម៉ាស៊ីន​មួយ​ថ្លុក នៅ​លើ​ដី។ ភ្លាម​ៗ​នោះ ខ្ញុំ​ក៏​បាន​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង។ រ៉ង​ម៉ាស៊ីន​បាន​ខូច​ហើយ។​

ខ្ញុំ​ក៏​បាន​ត្អូញ​ត្អែរ។ យើង​ទើប​តែ​បាន​ចំណាយ​លុយ​ជា​ច្រើន នៅ​ក្នុង​ការ​ជួស​ជុល​ផ្សេង​ទៀត។ ហេតុ​អ្វី​វា​ខូច​នេះ​ខូច​នោះ ​មិនចេះ​ចប់​សោះ? ខ្ញុំ​ក៏​បាន​រអ៊ូរទាំ​ដោយ​ចិត្ត​ជូរ​ល្វីង។ ហេតុ​អ្វី​ឡាន​នេះ​មិន​ឈប់​ខូច?

តើ​អ្នក​ធ្លាប់​ជួប​រឿង​បែប​នេះ​ទេ? ជួន​កាល យើង​បាន​ជៀស​ចេញ​ពី​រឿង​វិបត្តិ​មួយ ដោះ​ស្រាយ​បញ្ហា​មួយ ហើយ​បាន​បង់​ថ្លៃឈ្នួល​អ្វី​មួយ​ហើយ តែ​ត្រូវ​ជួប​រឿង​មួយ​ទៀត។ ជួន​កាល បញ្ហា​ទាំង​នោះ​អាច​ធំ​ជាង​រឿង​ឡាន​ខូច​ទៅ​ទៀត។ ឧទាហរណ៍ លទ្ធផល​នៃ​ការ​ពិនិត្យ​សុខ​ភាព​ដែល​មិន​នឹក​ស្មាន​ដល់ ការ​ស្លាប់​ដែល​មិន​បាន​ព្រៀង​ទុក ឬ​ការ​បាត់​បង់​ដ៏​អាក្រក់​ណា​មួយ​ជា​ដើម។

ស្ថិត​ក្នុង​ពេល​នោះ យើង​ស្រេក​ឃ្លាន​ចង់​បាន​ពិភព​លោក ដែល​មាន​ការ​ឈឺ​ចាប់ ឬ​បញ្ហា​តិច​ជាង​នេះ។ ព្រះ​យេស៊ូវ​បាន​សន្យាថា អ្នក​ជឿ​ព្រះ​អង្គ​នឹង​បាន​ទៅ​រស់​នៅ​ក្នុង​ផែន​ដី​ថ្មី។ ព្រះ​អង្គ​បាន​រំឭក​ពួក​សាវ័ក​របស់​ព្រះ​អង្គ​ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១៦​ថា “នៅ​លោកីយ៍​នេះ នោះ​អ្នក​រាល់​គ្នា​មាន​សេចក្តី​វេទនា​មែន ប៉ុន្តែ ត្រូវ​សង្ឃឹម​ឡើង ដ្បិត​ខ្ញុំ​បាន​ឈ្នះ​លោកីយ៍​ហើយ” (ខ.៣៣)។ ក្នុង​ជំពូក​នេះ ព្រះ​យេស៊ូវ​មាន​បន្ទូល អំពី​សេចក្តី​វេទ​នា​ធ្ងន់​ធ្ងរ ដែល​មាន​ដូច​ជា​ការ​បៀត​បៀន ដោយ​សារ​ជំនឿ​របស់​យើង​ជា​ដើម​។ ប៉ុន្តែ​ ព្រះ​អង្គ​បាន​បង្រៀន​ថា  អ្នក​ដែល​សង្ឃឹម​លើ​ព្រះ​អង្គ​ នឹង​មិន​ជួប​សេចក្តី​វេទនា​ទាំង​នោះ ជា​រៀង​រហូត​ឡើយ។​

បញ្ហា​ទំាង​តូច​ធំ អាច​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​យើង​មាន​ការ​ពិបាក។ ប៉ុន្តែ ព្រះ​យេស៊ូវ​បាន​សន្យា​ថា យើង​នឹង​មាន​ពេល​អនាគតដែល​ល្អ​ជាង​នេះ ជា​មួយ​ព្រះ​អង្គ។ ការ​សន្យា​នេះ​បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​ឈប់​រស់​នៅ ដោយ​ផ្តេក​ផ្តួល​ទៅ​លើ​បញ្ហា​របស់​យើងទៀត។​—Adam Holz