មានពេលមួយ ហាលេយ(Harley)គិតថា នាងកំពុងតែចំណាយពេលឥតប្រយោជន៍ ជាមួយភ្នាក់ងាររបស់ក្រុមហ៊ុនធានារ៉ាប់រង ដែលបានទទូលឲ្យនាងទៅជួបពួកគេសារជាថ្មីទៀត។ ហាលេយគិតថា ពួកគេនឹងព្យាយាមនាំនាងទិញកញ្ចប់ធានារ៉ាប់រង ដែលគួរឲ្យធុញទ្រាន់នោះទៀតហើយ ប៉ុន្តែ នាងបានសម្រេចចិត្តថា នាងនឹងប្រើពេលជួបគ្នានោះឲ្យមានប្រយោជន៍បំផុត ដោយឆ្លៀតឱកាសនិយាយប្រាប់ពួកគេ អំពីសេចក្តីជំនឿរបស់នាង។
ពេលដែលនាងបានកត់សំគាល់ឃើញចិញ្ចើមរបស់ភ្នាក់ងារនោះ មានរូបសាក់ នាងក៏បានសួរគាត់ អំពីរូបសាក់នោះ ដោយចិត្តស្ទាក់ស្ទើរ ហើយក៏បានដឹងថា ស្រ្តីនោះបានឲ្យគេសាក់រូបនៅលើចិញ្ចើម ព្រោះគាត់មានអារម្មណ៍ថា វានឹងនាំឲ្យគាត់មានសំណាងល្អ។ សំណួររបស់ហាលេយគឺជាការនិយាយបង្វៀងដ៏ប្រថុយ ចេញពីការជជែកជាធម្មតា អំពីរឿងហិរញ្ញវត្ថុ ប៉ុន្តែ វាបានបើកឱកាសឲ្យនាងសន្ទនាជាមួយគាត់ អំពីរឿងសំណាង និងសេចក្តីជំនឿ ពោលគឺបាននាំឲ្យនាងមានឱកាសជជែក អំពីមូលហេតុដែលនាងពឹងផ្អែកលើព្រះយេស៊ូវ។ ការចំណាយពេលដែលនាងគិតថា ឥតប្រយោជន៍ បានប្រែក្លាយពេលជួបគ្នា ដែលព្រះទ្រង់បានរៀបចំ។
ព្រះយេស៊ូវក៏ធ្លាប់យាងតាមផ្លូវវាងផងដែរ។ កាលព្រះអង្គកំពុងតែធ្វើដំណើរពីស្រុកយូដា ទៅស្រុកកាលីឡេ ព្រះអង្គបានយាងតាមផ្លូវវាង ហើយក៏បានជជែកជាមួយស្រ្តីសាសន៍សាម៉ារីម្នាក់ ដែលតាមធម្មតា គេមិននឹកស្មានថា ជនជាតិយូដានិយាយរកជនជាតិសាម៉ារីឡើយ។ ដែលអាក្រក់ជាងនេះទៀតនោះ គឺនាងជាស្រ្តីផិតក្បត់ ដែលសូម្បីតែសាសន៍សាម៉ារីដទៃទៀត ក៏ជៀសចេញពីនាងផងដែរ។ តែព្រះអង្គបានមានបន្ទូលជាមួយនាង ហើយការនេះបាននាំឲ្យមនុស្សជាច្រើនទទួលសេចក្តីសង្រ្គោះ(យ៉ូហាន ៤:១-២៦,៣៩-៤២)។
តើអ្នកនឹងទៅជួបមនុស្ស ដែលអ្នកមិនចង់ជួបឬ? តើអ្នកឧស្សាហ៍ជួបអ្នកជិតខាងណាម្នាក់ ដែលអ្នកតែងតែជៀសវាងឬទេ? ព្រះគម្ពីរបានរំឭកយើងថា យើងត្រូវត្រៀមខ្លួនជានិច្ច ដើម្បីផ្សាយដំណឹងល្អ ទោះត្រូវពេល ឬខុសពេលក្តី(២ធីម៉ូថេ ៤:២)។ នៅពេលណាអ្នកបានជួបគេ សូមនិយាយបង្វៀងអំពីរឿងផ្សេង។ ព្រះទ្រង់ប្រទានឱកាសឲ្យអ្នកនិយាយជាមួយគេ អំពីព្រះអង្គនៅពេលនោះ!—Leslie Koh