មាន​ពេល​មួយ ហាលេយ(Harley)គិត​ថា នាង​កំពុង​តែ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ ជា​មួយ​ភ្នាក់​ងារ​របស់​ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង ដែល​បាន​ទទូល​ឲ្យ​នាង​ទៅ​ជួប​ពួក​គេ​សារ​ជា​ថ្មី​ទៀត។ ហាលេយ​គិត​ថា ពួក​គេ​នឹង​ព្យាយាម​នាំ​នាង​ទិញ​កញ្ចប់​ធានា​រ៉ាប់​រង ​ដែល​គួរ​ឲ្យ​ធុញ​ទ្រាន់​នោះ​ទៀត​ហើយ ប៉ុន្តែ នាង​បាន​សម្រេច​ចិត្ត​ថា នាង​នឹង​ប្រើ​ពេល​ជួប​គ្នា​នោះ​ឲ្យ​មាន​ប្រយោជន៍​បំផុត ដោយ​ឆ្លៀត​ឱកាស​និយាយ​ប្រាប់​ពួក​គេ អំពី​សេចក្តី​ជំនឿ​របស់​នាង។​

ពេល​ដែល​នាង​បាន​កត់​សំគាល់​ឃើញ​ចិញ្ចើម​របស់​ភ្នាក់​ងារ​នោះ មាន​រូប​សាក់ នាង​ក៏​បាន​សួរ​គាត់ អំពី​រូប​សាក់​នោះ ដោយ​ចិត្ត​ស្ទាក់​ស្ទើរ ហើយក៏​បាន​ដឹង​ថា ស្រ្តី​នោះ​បាន​ឲ្យ​គេ​សាក់​រូប​នៅ​លើ​ចិញ្ចើម ព្រោះ​គាត់​មាន​អារម្មណ៍​ថា វា​នឹង​នាំ​ឲ្យ​គាត់​មាន​សំណាង​ល្អ។ សំណួរ​របស់​ហាលេយ​គឺ​ជា​ការ​និយាយ​បង្វៀង​ដ៏​ប្រថុយ ចេញ​ពី​ការ​ជជែក​ជា​ធម្មតា​ អំពី​រឿង​ហិរញ្ញ​វត្ថុ ប៉ុន្តែ វា​បាន​បើក​ឱកាស​ឲ្យ​នាង​សន្ទនា​ជា​មួយ​គាត់ អំពី​រឿង​សំណាង និង​សេចក្តី​ជំនឿ ពោល​គឺ​បាន​នាំ​ឲ្យ​នាង​មាន​ឱកាសជ​ជែក​ អំពីមូល​ហេតុ​ដែល​នាង​ពឹង​ផ្អែក​លើ​ព្រះ​យេស៊ូវ។ ការ​ចំណាយ​ពេល​ដែល​នាង​គិត​ថា​ ឥត​ប្រយោជន៍ បាន​ប្រែ​ក្លាយ​ពេល​ជួប​គ្នា ដែល​ព្រះ​ទ្រង់​បាន​រៀប​ចំ។​

ព្រះយេស៊ូវ​ក៏​ធ្លាប់​យាង​តាម​ផ្លូវ​វាង​ផង​ដែរ។ កាល​ព្រះ​អង្គ​កំពុង​តែ​ធ្វើ​ដំណើរ​ពី​ស្រុក​យូដា​ ទៅ​ស្រុក​កាលីឡេ​ ព្រះ​អង្គ​បាន​យាងតាម​ផ្លូវ​វាង​ ហើយ​ក៏​បាន​ជជែក​ជា​មួយ​ស្រ្តី​សាសន៍​សាម៉ារី​ម្នាក់ ដែល​តាម​ធម្មតា​ គេ​មិន​នឹក​ស្មាន​ថា ជន​ជាតិ​យូដា​និយាយ​រកជន​ជាតិ​សាម៉ារី​ឡើយ។ ដែល​អាក្រក់​ជាង​នេះ​ទៀត​នោះ គឺ​នាង​ជា​ស្រ្តី​ផិត​ក្បត់ ដែល​សូម្បី​តែ​សាសន៍​សាម៉ារី​ដទៃ​ទៀត ក៏​ជៀស​ចេញ​ពី​នាង​ផង​ដែរ។ ​តែ​ព្រះ​អង្គ​បាន​មាន​បន្ទូល​ជា​មួយ​នាង ហើយ​ការ​នេះ​បាន​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​ទទួល​សេចក្តីសង្រ្គោះ​(យ៉ូហាន ៤:១-២៦,៣៩-៤២)។

តើ​អ្នក​នឹង​ទៅ​ជួប​មនុស្ស ​ដែល​អ្នក​មិន​ចង់​ជួប​ឬ? តើ​អ្នក​ឧស្សាហ៍​ជួប​អ្នក​ជិត​ខាង​ណា​ម្នាក់ ដែល​អ្នក​តែង​តែ​ជៀស​វាង​ឬ​ទេ? ព្រះ​គម្ពីរ​បាន​រំឭក​យើង​ថា យើង​ត្រូវ​ត្រៀម​ខ្លួន​ជា​និច្ច ដើម្បី​ផ្សាយ​ដំណឹង​ល្អ ទោះ​ត្រូវ​ពេល ឬ​ខុស​ពេល​ក្តី​(២ធីម៉ូថេ ៤:២)។ នៅ​ពេល​ណា​អ្នក​បាន​ជួប​គេ សូម​និយាយ​បង្វៀង​អំពី​រឿង​ផ្សេង។ ព្រះ​ទ្រង់​ប្រទាន​ឱកាស​ឲ្យ​អ្នក​និយាយ​ជា​មួយ​គេ​ អំ​ពី​ព្រះ​អង្គ​នៅ​ពេល​នោះ!—Leslie Koh