ពេលដែលយ៉ូណាថាន (Jonathan)ធ្វើការប្តេជ្ញាចិត្ត ចំពោះឡាសូន(LaShonne) ក្នុងពិធីមង្គលការ គាត់បាននិយាយទាក់ៗ ដោយសារអារម្មណ៍របស់គាត់កំពុងតែផ្តោតទៅលើទម្ងន់ នៃការសន្យាដែលគាត់កំពុងតែធ្វើសម្រាប់នាង។ គាត់គិតថា តើធ្វើដូចម្តេចឲ្យខ្ញុំអាចធ្វើការសន្យានេះ បើសិនជាខ្ញុំមិនជឿថា ខ្ញុំអាចធ្វើតាមពាក្យសន្យានេះ? គាត់ក៏បាននិយាយចេញនូវពាក្យសន្យាទាំងនោះចប់សព្វគ្រប់ ប៉ុន្តែ ទម្ងន់នៃការប្តេជ្ញាចិត្ត នៅតែមានដដែល។ បន្ទាប់ពីពីធីភោជនីយហាបានបញ្ចប់ លោកយ៉ូណាថាន ក៏បាននាំភរិយាថ្មីថ្មោងរបស់ខ្លួន ទៅព្រះវិហារ ដើម្បីអធិស្ឋានជាង២ម៉ោង សូមឲ្យព្រះទ្រង់ជួយគាត់ រក្សាពាក្យសន្យាថា នឹងស្រឡាញ់ និងថែរក្សាឡាសូនជារៀងរហូត។
ការភ័យខ្លាចដែលយ៉ូណាថាន មានក្នុងថ្ងៃមង្គលការរបស់គាត់ គឺដោយសារគាត់បានទទួលស្គាល់ភាពកម្សោយរបស់គាត់ ដែលជាមនុស្ស។ ប៉ុន្តែ ព្រះដែលបានសន្យាថា នឹងប្រទានពរដល់ប្រជាជាតិទាំងឡាយ តាមរយៈកូនចៅរបស់លោកអ័ប្រាហំា(កាឡាទី ៣:១៦) ទ្រង់មិនមានភាពកម្សោយឡើយ។
អ្នកនិពន្ធកណ្ឌគម្ពីរហេព្រើរបានលើកទឹកចិត្តអ្នកអានដែលជាជនជាតិយូដា ឲ្យមានការស៊ូទ្រំា ហើយអត់ធ្មត់ ក្នុងការបន្តជឿព្រះយេស៊ូវ ហើយទន្ទឹមនឹងនោះ គាត់ក៏បានរំឭកពួកគេ អំពីព្រះបន្ទូលសន្យាដែលព្រះទ្រង់បានប្រទានលោកអ័ប្រាហំា និងការអត់ធ្មត់របស់គាត់ក្នុងការរង់ចាំ ព្រមទាំងការសម្រេចព្រះបន្ទូលសន្យានេះ(ហេព្រើរ ៦:១៣-១៥)។ ព្រះទ្រង់បានសន្យាថា នឹងប្រទានពរលោកអ័ប្រាហាំ ឲ្យមានកូនចៅជាច្រើន តែវ័យចំណាស់របស់លោកអ័ប្រាហាំ និងនាងសារ៉ា មិនបានរារាំងមិនឲ្យសម្រេចព្រះបន្ទូលសន្យានេះឡើយ(ខ.១៤)។
តើអ្នកមានការពិបាកទុកចិត្តព្រះ ដោយសារភាពទន់ខ្សោយ ចំណុចខ្វះខាត និងភាពជាមនុស្សឬ? តើអ្នកមានការពិបាក នៅក្នុងការធ្វើតាមការប្តេជ្ញាចិត្ត ឬពិបាកធ្វើតាមការសន្យារបស់អ្នកឬទេ? ក្នុងបទគម្ពីរ២កូរិនថូស ១២:៩ ព្រះជាម្ចាស់បានសន្យាថា នឹងជួយយើង។ គឺដូចដែលព្រះអង្គមានបន្ទូលថា “គុណរបស់អញល្មមដល់ឯងហើយ ដ្បិតកំឡាំងអញបានពេញខ្នាត ដោយសេចក្តីកំសោយ”។ ព្រះអម្ចាស់បានជួយយ៉ូណាថាន និងឡាសូន ឲ្យនៅតែមានការប្តូរផ្តាច់ ចំពោះពាក្យសន្យារបស់ពួកគេ។ ចូរយើងទុកចិត្តថា ព្រះអង្គក៏នឹងជួយយើងផងដែរ។—Arthur Jackson