ពេល​ដែល​យ៉ូណាថាន (Jonathan)​ធ្វើ​ការ​ប្តេជ្ញា​ចិត្ត ចំពោះ​ឡាសូន(LaShonne) ក្នុង​ពិធី​មង្គល​ការ គាត់​បាន​និយាយ​ទាក់​ៗ ដោយសារ​អារម្មណ៍​របស់​គាត់​កំពុង​តែ​ផ្តោត​ទៅ​លើ​ទម្ងន់ នៃ​ការ​សន្យា​ដែល​គាត់​កំពុង​តែ​ធ្វើ​សម្រាប់​នាង។ គាត់​គិត​ថា តើ​ធ្វើ​ដូចម្តេច​ឲ្យ​ខ្ញុំ​អាច​ធ្វើ​ការ​សន្យា​នេះ បើ​សិន​ជា​ខ្ញុំ​មិន​ជឿថា​ ខ្ញុំ​អាច​ធ្វើ​តាម​ពាក្យ​សន្យា​នេះ​?  គាត់​ក៏​បាន​និយាយ​ចេញ​នូវពាក្យ​សន្យា​ទាំង​នោះ​ចប់​សព្វ​គ្រប់ ប៉ុន្តែ ទម្ងន់​នៃ​ការ​ប្តេជ្ញា​ចិត្ត នៅ​តែ​មាន​ដដែល។ បន្ទាប់ពី​ពីធី​ភោជនីយហា​បាន​បញ្ចប់ លោក​យ៉ូណាថាន ក៏​បាន​នាំ​ភរិយា​ថ្មី​ថ្មោង​របស់​ខ្លួន ទៅ​ព្រះ​វិហារ ដើម្បី​អធិស្ឋាន​ជាង​២​ម៉ោង សូម​ឲ្យ​ព្រះ​ទ្រង់​ជួយ​គាត់​ រក្សាពាក្យ​សន្យា​ថា នឹង​ស្រឡាញ់ និង​ថែរក្សា​ឡាសូន​ជា​រៀង​រហូត។​

ការ​ភ័យ​ខ្លាច​ដែល​យ៉ូណាថាន មាន​ក្នុង​ថ្ងៃ​មង្គល​ការ​របស់​គាត់ គឺ​ដោយ​សារ​គាត់​បាន​ទទួល​ស្គាល់​ភាព​កម្សោយ​របស់​គាត់ ដែល​ជា​មនុស្ស។ ប៉ុន្តែ ព្រះ​ដែល​បាន​សន្យា​ថា នឹង​ប្រទាន​ពរ​ដល់​ប្រជាជាតិ​ទាំង​ឡាយ​ តាម​រយៈ​កូន​ចៅ​របស់​លោក​អ័ប្រាហំា​(កាឡាទី ៣:១៦) ទ្រង់​មិន​មាន​ភាព​កម្សោយ​ឡើយ។​

អ្នក​និពន្ធ​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​លើក​ទឹក​ចិត្ត​អ្នក​អាន​ដែល​ជា​ជន​ជាតិ​យូដា ឲ្យ​មាន​ការ​ស៊ូទ្រំា ហើយ​អត់​ធ្មត់ ក្នុង​ការ​បន្ត​ជឿព្រះ​យេស៊ូវ ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​រំឭក​ពួក​គេ អំពី​ព្រះ​បន្ទូល​សន្យា​ដែល​ព្រះ​ទ្រង់​បាន​ប្រទាន​លោក​អ័ប្រាហំា និង​ការ​អត់​ធ្មត់​របស់​គាត់​ក្នុង​ការ​រង់​ចាំ ព្រម​ទាំង​ការ​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ​(ហេព្រើរ ៦:១៣-១៥)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​ពរ​លោក​អ័ប្រាហាំ​ ឲ្យមាន​កូនចៅ​ជា​ច្រើន តែ​វ័យ​ចំណាស់​របស់​លោក​អ័ប្រាហាំ និង​នាង​សារ៉ា មិន​បាន​រារាំង​មិន​ឲ្យ​សម្រេច​ព្រះ​បន្ទូល​សន្យា​នេះ​ឡើយ​(ខ.១៤)។

តើ​អ្នក​មាន​ការ​ពិបាក​ទុក​ចិត្ត​ព្រះ ដោយ​សារ​ភាព​ទន់​ខ្សោយ ចំណុច​ខ្វះ​ខាត និង​ភាព​ជា​មនុស្ស​ឬ? តើ​អ្នក​មាន​ការ​ពិបាក នៅ​ក្នុង​ការ​ធ្វើ​តាម​ការ​ប្តេជ្ញា​ចិត្ត ឬ​ពិបាក​ធ្វើ​តាម​ការ​សន្យា​របស់​អ្នក​ឬ​ទេ? ក្នុង​បទ​គម្ពីរ​២កូរិនថូស ១២:៩ ព្រះ​ជា​ម្ចាស់​បាន​សន្យាថា នឹង​ជួយ​យើង។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ”។ ព្រះ​អម្ចាស់​បាន​ជួយ​យ៉ូណាថាន និង​ឡាសូន ឲ្យ​នៅ​តែ​មាន​ការ​ប្តូរ​ផ្តាច់ ចំពោះ​ពាក្យ​សន្យា​របស់​ពួកគេ​។ ចូរ​យើង​ទុក​ចិត្ត​ថា ព្រះ​អង្គ​ក៏​នឹង​ជួយ​យើង​ផង​ដែរ។​—Arthur Jackson