លោកមៃឃល យ៉ាខូនេលី(Michael Yaconelli) គឺជាអ្នកនិពន្ធសៀវភៅរឿងកំប្លែង។ ដោយសារគាត់រស់នៅក្បែរកសិដ្ឋានចិញ្ចឹមគោ នោះគាត់បានសង្កេតឃើញថា សត្វគោងាយនឹងដើរវង្វេងចេញពីហ្វូង ពេលដែលពួកវាកំពុងស៊ីស្មៅ។ ពួកវាចេះតែបន្តផ្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីរកវាល ដែលសំបូរស្មៅជាង។ នៅជាយកសិដ្ឋាន សត្វគោអាចរកបានស្មៅខ្ចីៗ នៅក្រោមម្លប់ដើមឈើ។ នៅក្រៅរបងដែលដួលរលំ មានរុក្ខជាតិតូចដែលមានរស់ជាតិឈ្ងុយឆ្ងាញ់។ បន្ទាប់មក សត្វគោអាចបន្តដំណើរទៅមុខទៀត នៅក្រៅរបង ហើយក៏ចេញទៅដល់ផ្លូវថ្នល់។ ពួកវាស៊ីស្មៅពីកន្លែងមួយទៅកន្លែងមួយយឺតៗ ទាល់តែវង្វេង។
មិនមែនមានតែសត្វគោទេ ដែលមានបញ្ហាដើររហេតរហូត។ សត្វចៀមក៏ឧស្សាហ៍វង្វេងចេញពីហ្វូងផងដែរ ហើយចំណែកឯមនុស្សវិញ ទំនងជាងាយនឹងវង្វេងញឹកញាប់ជាងសត្វទាំងនេះទៀត។
ប្រហែលមកពីហេតុនេះហើយ បានជានៅក្នុងព្រះគម្ពីរ ព្រះទ្រង់បានប្រៀបធៀបយើង នឹងសត្វចៀម។ យើងងាយនឹងផ្លាស់ទីទៅមុខបត់ចុះឡើង ហើយព្យាយាមចម្អែតខ្លួនឯង នៅតាមផ្លូវរបស់យើង ដោយការបន្ថែមបន្ថយ និងធ្វើការសម្រេចចិត្តដ៏ល្ងង់ខ្លៅ ដោយមិនបានកត់សម្គាល់ថា ខ្លួនឯងកំពុងតែវង្វេងចេញពីសេចក្តីពិត បានឆ្ងាយប៉ុណ្ណាហើយទេ។
មានពេលមួយ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកផារិស៊ី អំពីសត្វចៀមមួយក្បាលដែលបានវង្វេង។ សត្វចៀមនោះ មានតម្លៃចំពោះអ្នកគង្វាលណាស់ បានជាគាត់ទុកហ្វូងចៀមគាត់ចោលសិន ដើម្បីទៅស្វែងរកវា។ ហើយពេលដែលគាត់បានរកឃើញចៀមដែលវង្វេងនោះ គាត់ក៏បានអរសប្បាយ(លូកា ១៥:១-៧)។
ព្រះជាម្ចាស់ក៏មានព្រះទ័យរីករាយយ៉ាងខ្លាំង ចំពោះអ្នកដែលបានងាកបែរមករកព្រះអង្គវិញ។ គឺដូចដែលព្រះយេស៊ូវមានបន្ទូលថា “លុះមកដល់ផ្ទះវិញ អ្នកនោះនឹងហៅពួកសំឡាញ់ និងពួកអ្នកជិតខាងមក ប្រាប់ថា សូមអរសប្បាយជាមួយនឹងខ្ញុំ ដ្បិតចៀមខ្ញុំដែលបាត់ នោះឃើញវិញហើយ” (ខ.៦)។ ព្រះទ្រង់បានចាត់ព្រះអង្គសង្រ្គោះមួយអង្គ ឲ្យមកសង្រ្គោះយើង ហើយនាំយើងទៅរកផ្ទះដ៏អស់កល្ប។—Cindy Hess Kasper