លោក​មៃឃល យ៉ាខូនេលី(Michael Yaconelli) គឺជា​អ្នក​និពន្ធ​សៀវភៅ​រឿង​កំប្លែង។​​ ដោយ​សារ​គាត់​រស់​នៅ​ក្បែរ​កសិដ្ឋាន​ចិញ្ចឹម​គោ នោះ​គាត់​បាន​សង្កេត​ឃើញ​ថា សត្វ​គោ​ងាយ​នឹង​ដើរ​វង្វេង​ចេញពី​ហ្វូង ពេល​ដែល​ពួក​វា​កំពុង​ស៊ី​ស្មៅ។ ពួក​វា​ចេះ​តែបន្ត​ផ្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ដើម្បី​រក​វាល ដែល​​សំបូរ​ស្មៅជាង។ នៅ​ជាយ​កសិដ្ឋាន សត្វ​គោ​អាច​រក​បានស្មៅ​ខ្ចី​ៗ នៅ​ក្រោម​ម្លប់​ដើម​ឈើ។ នៅ​ក្រៅ​របង​ដែល​ដួល​រលំ មាន​រុក្ខ​ជាតិ​តូច​ដែល​មាន​រស់​ជាតិ​ឈ្ងុយ​ឆ្ងាញ់។ បន្ទាប់​មក សត្វគោ​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត នៅ​ក្រៅ​របង ហើយ​ក៏​ចេញ​ទៅ​ដល់​ផ្លូវ​ថ្នល់។ ពួក​វា​ស៊ី​ស្មៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​យឺត​ៗ ទាល់​តែ​វង្វេង។​

មិន​មែន​មាន​តែ​សត្វ​គោ​ទេ ដែល​មាន​បញ្ហា​ដើរ​រហេតរហូត។ សត្វ​ចៀម​ក៏​ឧស្សាហ៍​វង្វេង​ចេញ​ពី​ហ្វូង​ផង​ដែរ ហើយ​ចំណែក​ឯមនុស្ស​វិញ ទំនង​ជា​ងាយ​នឹង​វង្វេង​ញឹក​ញាប់​ជាង​សត្វ​ទាំង​នេះ​ទៀត។

ប្រហែល​មក​ពី​ហេតុ​នេះ​ហើយ បាន​ជា​នៅ​ក្នុង​ព្រះ​គម្ពីរ ព្រះ​ទ្រង់​បាន​ប្រៀប​ធៀប​យើង នឹង​សត្វ​ចៀម។  យើង​ងាយ​នឹង​ផ្លាស់​ទីទៅ​មុខ​បត់​ចុះ​ឡើង ហើយ​ព្យាយាម​ចម្អែត​ខ្លួន​ឯង នៅ​តាម​ផ្លូវ​របស់​យើង ដោយ​ការ​បន្ថែម​បន្ថយ និង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ល្ងង់​ខ្លៅ ដោយ​មិន​បាន​កត់​សម្គាល់​ថា ខ្លួន​ឯង​កំពុង​តែ​វង្វេង​ចេញ​ពី​សេចក្តី​ពិត បាន​ឆ្ងាយ​ប៉ុណ្ណា​ហើយ​ទេ។

មាន​ពេល​មួយ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​ពួក​ផារិស៊ី អំពី​សត្វ​ចៀម​មួយ​ក្បាល​ដែល​បាន​វង្វេង។ សត្វ​ចៀម​នោះ​ មានតម្លៃ​ចំពោះ​អ្នក​គង្វាល​ណាស់ បាន​ជា​គាត់​ទុក​ហ្វូង​ចៀម​គាត់​ចោល​សិន ដើម្បី​ទៅ​ស្វែង​រក​វា។ ហើយ​ពេល​ដែល​គាត់​បាន​រក​ឃើញ​ចៀម​ដែល​វង្វេង​នោះ គាត់​ក៏​បាន​អរ​សប្បាយ​(លូកា ១៥:១-៧)។

ព្រះជា​ម្ចាស់​ក៏​មាន​ព្រះ​ទ័យ​រីក​រាយ​យ៉ាង​ខ្លាំង ចំពោះ​អ្នក​ដែល​បាន​ងាក​បែរ​មក​រក​ព្រះ​អង្គ​វិញ។ គឺ​ដូច​ដែល​ព្រះ​យេស៊ូវ​មានបន្ទូល​ថា “លុះ​មក​ដល់​ផ្ទះ​វិញ អ្នក​នោះ​នឹង​ហៅ​ពួក​សំឡាញ់ និង​ពួក​អ្នក​ជិត​ខាង​មក ប្រាប់​ថា សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ដ្បិត​ចៀម​ខ្ញុំ​ដែល​បាត់ នោះ​ឃើញ​វិញ​ហើយ” (ខ.៦)។ ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​អង្គ​សង្រ្គោះ​មួយ​អង្គ ឲ្យ​មក​សង្រ្គោះ​យើង ហើយនាំ​យើង​ទៅ​រក​ផ្ទះ​ដ៏​អស់​កល្ប។​—Cindy Hess Kasper