លោកហ្វ្រែង ប៊័រមែន(Frank Borman) គឺជាមេបញ្ជាការ នៅក្នុងបេសកកម្មអវកាសលើកទីមួយ ដែលធ្វើដំណើរតាមគន្លងជុំវិញស្ថានព្រះច័ន្ទ។ គាត់មិនមានការស្ងប់ស្ងែងអ្វីទេ។ ការធ្វើដំណើរនេះបានចំណាយពេលពីរថ្ងៃ ទំាងទៅទាំងមក។ លោកហ្វ្រែងបានពុលយាន្តអាវកាស ហើយក៏បានក្អួតចង្អោរ។ គាត់ថា ភាពគ្មានទម្ងន់ ឬគ្មានទំនាញផែនដី នៅក្នុងទីអវកាស គឺជារឿងល្អគួរសម ដែលមានរយៈពេល៣០វិនាទី គាត់ក៏បានទម្លាប់ខ្លួននឹងវា។ ពេលយាន្តអាវកាសរបស់គាត់បើកទៅជិតស្ថានព្រះច័ន្ទគាត់បានឃើញផ្ទៃដីប្រផេះស្រអាប់របស់វា ដែលមានរណ្តៅមូលៗជាច្រើន។ ក្រុមការងាររបស់គាត់ក៏បានថតរូបភាពវាលរហោស្ថានពណ៌ប្រផេះដ៏ធំល្វឹងល្វើយនោះ បន្ទាប់មក ក៏បែរជាមានអារម្មណ៍ធុញទ្រាន់។
លោកហ្វ្រែងបានទៅដល់កន្លែងដែលពីមុនមក មិនដែលមាននរណាទៅដល់។ តែវាមិនទាន់គ្រប់គ្រាន់សម្រាប់គាត់ទេ។ បើសិនជាគាត់មានការធុញទ្រាន់យ៉ាងឆាប់រហ័ស ចំពោះបទពិសោធន៍នៅក្រៅផែនដីទៅហើយ នោះយើងប្រហែលជាគួរតែមានការរំពឹងចង់បានតិចជាងមុន ចំពោះរឿងអ្វីដែលកំពុងកើតឡើង។ គ្រូក្នុងកណ្ឌសាស្តាបានសង្កេតឃើញថា គ្មានបទពិសោធន៍ណាមួយក្នុងផែនដីនេះ ដែលនាំឲ្យយើងមានអំណរដ៏គ្រប់គ្រាន់នោះឡើយ។ “ភ្នែកមើលមិនចេះឆ្អែត ហើយត្រចៀកស្តាប់ក៏មិនចេះពេញដែរ”(១:៨)។ យើងប្រហែលជាមានអារម្មណ៍ថា សប្បាយបំផុតនៅពេលណាមួយ ប៉ុន្តែ ការសប្បាយនោះក៏បានរលាយបាត់ទៅវិញ ក្នុងពេលដ៏ខ្លីខាងមុខ ហើយយើងក៏បានស្វែងរកការសប្បាយបន្ទាប់ទៀត។
លោកហ្វ្រែងបានជួបពេលដែលរំភើបបំផុត ក្នុងទីអវកាស ពេលដែលគាត់បានឃើញផែនដីលេចចេញពីភាពងងឹត នៅពីក្រោយស្រមោលស្ថានព្រះច័ន្ទ។ ផែនដីមានសណ្ឋានដូចគ្រាប់ឃ្លីពណ៌ខៀវលាយសរ ដែលចាំផ្លេកៗ ដោយសារពន្លឺព្រះអាទិត្យ។ ស្រដៀងគ្នានេះដែរ អំណរដ៏ពិតរបស់យើងក៏ចេញពីព្រះរាជបុត្រានៃព្រះ ដែលបានបញ្ចេញពន្លឺមកលើយើង។ ព្រះយេស៊ូវជាអ្នកប្រទានជីវិតមកយើងម្នាក់ៗ និងជាប្រភពតែមួយនៃអត្ថន័យរបស់ជីវិត សេចក្តីស្រឡាញ់ និងសម្រស់។ ដូចនេះ ភាពស្កប់ចិត្តជ្រាលជ្រៅបំផុតរបស់យើង មិនមានប្រភពចេញពីលោកិយនេះឡើយ។ ទោះយើងបានទៅដល់ស្ថានព្រះច័ន្ទ ក៏យើងនៅតែមានអារម្មណ៍ថា មិនគ្រប់គ្រាន់ដែរ គឺមានន័យថា មានតែព្រះយេស៊ូវទេ ដែលអាចធ្វើឲ្យយើងស្កប់ចិត្តបាន។—Mike Wittmer