លោក​ហ្វ្រែង ប៊័រមែន(Frank Borman) គឺ​ជា​មេ​បញ្ជាការ នៅ​ក្នុង​បេសកកម្ម​អវកាស​លើក​ទី​មួយ ដែល​ធ្វើ​ដំណើរ​តាម​គន្លង​ជុំវិញ​ស្ថាន​ព្រះ​ច័ន្ទ។ គាត់​មិន​មាន​ការ​ស្ងប់​ស្ងែង​អ្វី​ទេ។​​ ការ​ធ្វើ​ដំណើរ​នេះ​បាន​ចំណាយ​ពេល​ពីរ​ថ្ងៃ ទំាង​ទៅ​ទាំង​មក។ លោក​ហ្វ្រែង​បាន​ពុល​យាន្ត​អាវកាស ហើយក៏​បាន​ក្អួត​ចង្អោរ។ គាត់​ថា ភាព​គ្មាន​ទម្ងន់ ឬគ្មាន​ទំនាញ​ផែន​ដី នៅ​ក្នុង​ទីអវកាស គឺ​ជារឿង​ល្អ​គួរសម ដែល​មាន​រយៈ​ពេល​៣០​វិនាទី គាត់​ក៏​បាន​ទម្លាប់​ខ្លួន​នឹង​វា។ ពេល​យាន្ត​អាវកាស​របស់​គាត់​បើក​ទៅ​ជិត​ស្ថានព្រះ​ច័ន្ទ​គាត់​បាន​ឃើញ​ផ្ទៃ​ដី​ប្រផេះ​ស្រអាប់​របស់​វា ដែល​មាន​រណ្តៅ​មូល​ៗ​ជា​ច្រើន។ ក្រុម​ការងារ​របស់​គាត់​ក៏​បាន​ថត​រូប​ភាពវាល​រហោស្ថាន​ពណ៌​ប្រផេះ​ដ៏​ធំ​ល្វឹង​ល្វើយ​នោះ បន្ទាប់​មក ក៏បែរជា​មាន​អារម្មណ៍​ធុញ​ទ្រាន់។​

លោក​ហ្វ្រែង​បាន​ទៅ​ដល់​កន្លែង​ដែល​ពី​មុន​មក មិន​ដែល​មាន​នរណា​ទៅ​ដល់។ តែ​វា​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​គាត់​ទេ។ បើសិន​ជា​គាត់​មាន​ការ​ធុញ​ទ្រាន់​យ៉ាង​ឆាប់​រហ័ស ចំពោះ​បទ​ពិសោធន៍​នៅ​ក្រៅ​ផែន​ដី​ទៅ​ហើយ នោះ​យើង​ប្រហែល​ជា​គួរ​តែ​មានការ​រំពឹង​ចង់​បាន​តិច​ជាង​មុន ចំពោះ​រឿង​អ្វី​ដែល​កំពុង​កើត​ឡើង។ គ្រូ​ក្នុង​កណ្ឌ​សាស្តា​បាន​សង្កេត​ឃើញ​ថា គ្មាន​បទ​ពិសោធន៍ណា​មួយ​ក្នុង​ផែន​ដី​នេះ ដែល​នាំ​ឲ្យ​យើង​មាន​អំណរ​ដ៏​គ្រប់​គ្រាន់​នោះ​ឡើយ។ “ភ្នែក​មើល​មិន​ចេះ​ឆ្អែត ហើយ​ត្រចៀក​ស្តាប់​ក៏​មិន​ចេះ​ពេញ​ដែរ”(១:៨)។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា សប្បាយ​បំផុត​នៅ​ពេល​ណា​មួយ ប៉ុន្តែ ការ​សប្បាយ​នោះ​ក៏​បានរលាយ​បាត់​ទៅ​វិញ ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ហើយ​យើង​ក៏​បាន​ស្វែង​រក​ការ​សប្បាយ​បន្ទាប់​ទៀត។​

លោក​ហ្វ្រែង​បាន​ជួប​ពេល​ដែល​រំភើប​បំផុត ក្នុង​ទី​អវ​កាស ពេល​ដែល​គាត់​បាន​ឃើញ​ផែន​ដី​លេច​ចេញ​ពី​ភាព​ងងឹត ​នៅ​ពីក្រោយ​ស្រមោល​ស្ថាន​ព្រះ​ច័ន្ទ។ ផែន​ដី​មាន​សណ្ឋាន​ដូច​គ្រាប់​ឃ្លី​ពណ៌​ខៀវ​លាយ​សរ​ ដែល​ចាំ​ផ្លេក​ៗ​ ដោយ​សារ​ពន្លឺ​ព្រះ​អាទិត្យ​។​ ស្រដៀង​គ្នា​នេះ​ដែរ អំណរ​ដ៏​ពិត​របស់​យើង​ក៏​ចេញ​ពី​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ដែល​បាន​បញ្ចេញ​ពន្លឺ​​មក​លើ​យើង។ ព្រះ​យេស៊ូវ​ជា​អ្នក​ប្រទាន​ជីវិត​មក​យើង​ម្នាក់​ៗ និង​ជា​ប្រភព​តែ​មួយ​នៃ​អត្ថ​ន័យ​របស់​ជីវិត សេចក្តី​ស្រឡាញ់ និង​សម្រស់។ ដូច​នេះ ភាព​ស្កប់​ចិត្ត​ជ្រាល​ជ្រៅ​បំផុត​របស់​យើង មិន​មាន​ប្រភព​ចេញ​ពី​លោកិយ​នេះ​ឡើយ។ ទោះ​យើង​បាន​ទៅ​ដល់​ស្ថាន​ព្រះ​ច័ន្ទ ក៏យើង​នៅ​តែ​មាន​អារម្មណ៍​ថា មិន​គ្រប់​គ្រាន់​ដែរ ​គឺ​មាន​ន័យ​ថា​ មាន​តែ​ព្រះយេស៊ូវ​ទេ ដែល​អាច​ធ្វើ​ឲ្យ​យើង​ស្កប់​ចិត្ត​បាន។​—Mike Wittmer