ថ្មី​ៗ​នេះ ខ្ញុំ​ទើប​តែ​បាន​ដឹង អំពី​ភាព​អស្ចារ្យ​នៃ​រូប​ចម្លាក់​អាណាម័រហ្វ៊ីក។ មើល​ពី​ដំបូង យើង​ឃើញ​ផ្នែក​ជា​ច្រើន​របស់​វា នៅរប៉ាត់​រប៉ាយ គឺ​មើល​មិន​ដឹង​ថា វា​ជា​រូប​អ្វី​ទេ តែ​ពេល​ដែល​យើង​មើល​វា ចំ​ជ្រុង​ដែល​ត្រឹម​ត្រូវ យើង​ក៏​បាន​ដឹង​ថា វា​ជា​រូប​អ្វី​ពិត​ប្រាកដ។ នៅ​ក្នុង​រូប​ចម្លាក់​មួយ​នោះ មាន​បង្គោល​បញ្ឈរ​ជា​ច្រើន បាន​តម្រៀប​គ្នា ដើម្បី​បង្កើត​ជា​រូប​ភាព​របស់​មុខ​នៃ​អ្នក​ដឹក​នាំ​ដ៏​ល្បី​ម្នាក់។ នៅ​ក្នុង​រូប​ចម្លាក់​មួយ​ទៀត  គេ​បាន​យក​ខ្សែ​កាប​ជា​ច្រើន មក​បង្កើត​ជា​ទ្រង់​ទ្រាយ​របស់​សត្វ​ដំរី។ ហើយ​ក្នុង​រូបមួយ​ទៀត មាន​រូប​ចំណុច​មូល​ខ្មៅ​ៗ​រាប់​រយ ដែល​ភ្ជាប់​គ្នា ដោយ​ខ្សែ។ ពេល​ដែល​គេ​មើល​ឲ្យ​ត្រូវ​ជ្រុង​ គេ​ក៏​បាន​ឃើញ​រូប​ភ្នែករបស់​ស្រ្តី​ម្នាក់។ គន្លឹះ​​នៅ​ក្នុង​សិល្បៈអាណាម័រហ្វ៊ីក គឺ​ស្ថិត​នៅ​ត្រង់​ការ​មើល​វា នៅ​ជ្រុង​ខុស​ៗ​គ្នា ទាល់​តែ​អត្ថ​ន័យ​របស់​វា​បានបង្ហាញ​ចេញ​មក​ឲ្យ​យើង​ដឹង​ថា វា​ជា​រូប​អ្វី។​

ជួន​កាល យើង​ក៏​ពិបាក​យល់​ព្រះ​គម្ពីរ​ប៊ីប​ផង​ដែរ ព្រោះ​មាន​ខគម្ពីរ​ជា​ច្រើន ដែល​និយាយ​អំពី​ប្រវត្តិ​សាស្រ្ត កំណាព្យ​ ឬ​អ្វី​ៗ​ផ្សេង​ទៀត។ ប៉ុន្តែ ព្រះ​គម្ពីរ​បាន​ប្រាប់​យើង ពី​គន្លឹះដើម្បី​អាន​ឲ្យ​យល់​អត្ថ​ន័យ ខគម្ពីរ​ទំាង​នោះ។ យើង​ចាំ​បាច់​ត្រូវ​មើល​ខគម្ពីរខ្លះ នៅ​តាម​ជ្រុង​ខុស​ៗ​គ្នា ដោយ​ជញ្ជឹង​គិតខគម្ពីរ​នោះ​ឲ្យ​បាន​ស៊ី​ជម្រៅ។

យើង​ក៏​ត្រូវ​យល់ អំពី​រឿង​ប្រៀប​ប្រដូច​របស់​ព្រះ​គ្រីស្ទ តាម​របៀប​នេះ​ផង​ដែរ។ អ្នក​ដែល​ជញ្ជឹង​គិត​យ៉ាង​ប្រុង​ប្រយ័ត្ន​ អំពី​រឿងប្រៀប​ប្រដូច​របស់​ព្រះ​អង្គ នឹង “មាន​ភ្នែក​ដែល​មើល​យល់”អត្ថ​ន័យ​ព្រះ​បន្ទូល​(ម៉ាថាយ ១៣:១០-១៦)។ សាវ័ក​ប៉ុល​បាន​ប្រាប់​លោក​ធីម៉ូថេ ឲ្យ​ជញ្ជឹង​គិត​ព្រះ​បន្ទូល​ព្រះ ដើម្បី​ឲ្យ​ព្រះ​អង្គ​ប្រទាន​គាត់​នូវ​ការ​យល់​ដឹង​(២ធីម៉ូថេ ២:៧)។ ហើយ​បទ​គម្ពីរ ទំនុកដំកើង ជំពូក១១៩ ក៏​បាន​ប្រាប់​យើង​ផង​ដែរ​ថា ការ​ជញ្ជឹង​គិត​ព្រះ​បន្ទូល នាំ​មក​នូវ​ប្រាជ្ញា និង​ការ​យល់​ដឹង  ដោយ​បើក​ភ្នែក​យើង ឲ្យ​យល់​អត្ថ​ន័យ​(១១៩:១៨,៩៧-៩៩)។

យើង​ក៏​អាច​ជញ្ជឹង​គិត អំពី​រឿង​ប្រៀប​ប្រដូច​ណា​មួយ​ក្នុង​ព្រះ​គម្ពីរ រយៈ​ពេល​១​សប្តាហ៍ ឬ​ដាក់​ពេល​អាន​កណ្ឌ​គម្ពីរ​ដំណឹង​ល្អណា​មួយ​ឡើង​វិញ មួយ​រយៈ។ ចូរ​យើង​ចំណាយ​ពេល​មើល​ខគម្ពីរ ពី​គ្រប់​ជ្រុង​ទាំង​អស់។ ការ​យល់​ដឹង​ព្រះ​គម្ពីរ កើត​ចេញ​ពីការ​ជញ្ជឹង​គិតខគម្ពីរ គឺ​មិន​គ្រាន់​តែ​អាន​នោះ​ឡើយ។

ឱព្រះ​អម្ចាស់ សូម​ប្រទាន​យើង​ខ្ញុំ នូវ​ភ្នែក​ដែល​មើល​យល់​ព្រះ​បន្ទូល​ព្រះ​អង្គ។​—Sheridan Voysey