ថ្មីៗនេះ ខ្ញុំទើបតែបានដឹង អំពីភាពអស្ចារ្យនៃរូបចម្លាក់អាណាម័រហ្វ៊ីក។ មើលពីដំបូង យើងឃើញផ្នែកជាច្រើនរបស់វា នៅរប៉ាត់រប៉ាយ គឺមើលមិនដឹងថា វាជារូបអ្វីទេ តែពេលដែលយើងមើលវា ចំជ្រុងដែលត្រឹមត្រូវ យើងក៏បានដឹងថា វាជារូបអ្វីពិតប្រាកដ។ នៅក្នុងរូបចម្លាក់មួយនោះ មានបង្គោលបញ្ឈរជាច្រើន បានតម្រៀបគ្នា ដើម្បីបង្កើតជារូបភាពរបស់មុខនៃអ្នកដឹកនាំដ៏ល្បីម្នាក់។ នៅក្នុងរូបចម្លាក់មួយទៀត គេបានយកខ្សែកាបជាច្រើន មកបង្កើតជាទ្រង់ទ្រាយរបស់សត្វដំរី។ ហើយក្នុងរូបមួយទៀត មានរូបចំណុចមូលខ្មៅៗរាប់រយ ដែលភ្ជាប់គ្នា ដោយខ្សែ។ ពេលដែលគេមើលឲ្យត្រូវជ្រុង គេក៏បានឃើញរូបភ្នែករបស់ស្រ្តីម្នាក់។ គន្លឹះនៅក្នុងសិល្បៈអាណាម័រហ្វ៊ីក គឺស្ថិតនៅត្រង់ការមើលវា នៅជ្រុងខុសៗគ្នា ទាល់តែអត្ថន័យរបស់វាបានបង្ហាញចេញមកឲ្យយើងដឹងថា វាជារូបអ្វី។
ជួនកាល យើងក៏ពិបាកយល់ព្រះគម្ពីរប៊ីបផងដែរ ព្រោះមានខគម្ពីរជាច្រើន ដែលនិយាយអំពីប្រវត្តិសាស្រ្ត កំណាព្យ ឬអ្វីៗផ្សេងទៀត។ ប៉ុន្តែ ព្រះគម្ពីរបានប្រាប់យើង ពីគន្លឹះដើម្បីអានឲ្យយល់អត្ថន័យ ខគម្ពីរទំាងនោះ។ យើងចាំបាច់ត្រូវមើលខគម្ពីរខ្លះ នៅតាមជ្រុងខុសៗគ្នា ដោយជញ្ជឹងគិតខគម្ពីរនោះឲ្យបានស៊ីជម្រៅ។
យើងក៏ត្រូវយល់ អំពីរឿងប្រៀបប្រដូចរបស់ព្រះគ្រីស្ទ តាមរបៀបនេះផងដែរ។ អ្នកដែលជញ្ជឹងគិតយ៉ាងប្រុងប្រយ័ត្ន អំពីរឿងប្រៀបប្រដូចរបស់ព្រះអង្គ នឹង “មានភ្នែកដែលមើលយល់”អត្ថន័យព្រះបន្ទូល(ម៉ាថាយ ១៣:១០-១៦)។ សាវ័កប៉ុលបានប្រាប់លោកធីម៉ូថេ ឲ្យជញ្ជឹងគិតព្រះបន្ទូលព្រះ ដើម្បីឲ្យព្រះអង្គប្រទានគាត់នូវការយល់ដឹង(២ធីម៉ូថេ ២:៧)។ ហើយបទគម្ពីរ ទំនុកដំកើង ជំពូក១១៩ ក៏បានប្រាប់យើងផងដែរថា ការជញ្ជឹងគិតព្រះបន្ទូល នាំមកនូវប្រាជ្ញា និងការយល់ដឹង ដោយបើកភ្នែកយើង ឲ្យយល់អត្ថន័យ(១១៩:១៨,៩៧-៩៩)។
យើងក៏អាចជញ្ជឹងគិត អំពីរឿងប្រៀបប្រដូចណាមួយក្នុងព្រះគម្ពីរ រយៈពេល១សប្តាហ៍ ឬដាក់ពេលអានកណ្ឌគម្ពីរដំណឹងល្អណាមួយឡើងវិញ មួយរយៈ។ ចូរយើងចំណាយពេលមើលខគម្ពីរ ពីគ្រប់ជ្រុងទាំងអស់។ ការយល់ដឹងព្រះគម្ពីរ កើតចេញពីការជញ្ជឹងគិតខគម្ពីរ គឺមិនគ្រាន់តែអាននោះឡើយ។
ឱព្រះអម្ចាស់ សូមប្រទានយើងខ្ញុំ នូវភ្នែកដែលមើលយល់ព្រះបន្ទូលព្រះអង្គ។—Sheridan Voysey