មានពេលមួយ មែហ្គិន(Megan) បានកាត់ដើមផ្កាមួយដើម ហើយជ្រលួកមុខកាត់នោះ ចូលទៅក្នុងទឹកឃ្មំ ហើយយកវាទៅដោត នៅក្នុងផើងមួយ ដែលមានពេញទៅដោយជីកំប៉ុស។ គាត់ក៏បានប្រាប់ខ្ញុំថា ការដាំផ្កាប្រភេទនេះ មានភាពងាយស្រួលអញ្ចឹងឯង។ គាត់បានបង្រៀនខ្ញុំ ពីរបៀបដាំដើមផ្កា ដោយធ្វើឲ្យដើមផ្កាមួយដើម ដែលមានសុខភាពល្អ ក្លាយជាដើមផ្កាជាច្រើន ដើម្បីឲ្យខ្ញុំមានផ្កាជាច្រើនទង សម្រាប់ចែករំលែកជាមួយអ្នកដទៃ។ គាត់ថា ទឹកឃ្មុំជួយឲ្យដើមដែលនៅខ្ចីចេញឫស។
ពេលដែលខ្ញុំមើលគាត់ធ្វើការដាំដុះ ខ្ញុំក៏បានឆ្ងល់ថា តើមានអ្វីខ្លះ ដែលជួយឲ្យយើងចាក់ឫសខាងវិញ្ញាណ បានរឹងមាំ។ តើមានអ្វីជួយយើងឲ្យពេញវ័យខាងវិញ្ញាណ ដោយក្លាយជាមនុស្សនៃសេចក្តីជំនឿ ដែលរឹងមាំ និងចម្រើនឡើង? តើមានអ្វីដែលការពារយើង មិនឲ្យក្រៀមស្វិត? ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំនៅក្រុងអេភេសូរ គាត់បានមានប្រសាសន៍ថា “ព្រះគ្រីស្ទបានសណ្ឋិតក្នុងចិត្តអ្នករាល់គ្នា ដោយសារសេចក្តីជំនឿ ប្រយោជន៍ឲ្យអ្នករាល់គ្នាបានចាក់ឫស ហើយតាំងមាំមួនក្នុងសេចក្តីស្រឡាញ់” (អេភេសូរ ៣:១៧)។ សេចក្តីស្រឡាញ់នេះមានប្រភពមកពីព្រះ ដែលបានចម្រើនកម្លំាងយើង ដោយប្រទានព្រះវិញ្ញាណបរិសុទ្ធ មកយើង។ ព្រះគ្រីស្ទគង់នៅក្នុងចិត្តយើង។ ហើយខណៈពេលដែលយើង “យល់ពីទទឹង បណ្តោយ ជំរៅ និងកំពស់នៃសេចក្តីស្រឡាញ់”(ខ.១៨) នោះយើងអាចពិសោធនឹងព្រះវត្តមានព្រះ ដោយយើងបាន “ពេញ ដល់គ្រប់ទាំងសេចក្តីពោរពេញរបស់ផងព្រះ”(ខ.១៩)។
ការលូតលាស់ខាងវិញ្ញាណតម្រូវឲ្យយើងចាក់ឫសចូលទៅក្នុងសេចក្តីស្រឡាញ់របស់ព្រះ ដោយជញ្ជឹងគិតអំពីសេចក្តីពិត ដែលចែងថា យើងជាកូនស្ងួនភ្ងារបស់ព្រះ ដែលទ្រង់អាចធ្វើ “ហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(ខ.២០)។ នេះជាមូលដ្ឋានគ្រឹះដ៏អស្ចារ្យនៃសេចក្តីជំនឿរបស់យើង!—Amy Peterson