ស្វាមីខ្ញុំបានក្រោកពីដំណេក ហើយចូលទៅក្នុងផ្ទះបាយ នៅពេលព្រលឹមស្រាងៗ។ ខ្ញុំបានឃើញភ្លើងបិទបើកៗ ដូចនេះ ខ្ញុំឆ្ងល់ថា គាត់កំពុងធ្វើអ្វី។ ពេលនោះ ខ្ញុំក៏បាននឹកចាំថា កាលពីពេលព្រឹក ថ្ងៃម្សិលមិញ ខ្ញុំបានស្រែកផ្អើលពេញផ្ទះ ពេលដែលខ្ញុំបានឃើញ សត្វល្អិតមួយប្រភេទ ដែលមានជើង៦ នៅលើតុដាក់ចង្រ្កាន។ ស្វាមីខ្ញុំដឹងថា ខ្ញុំមានការភ័យខ្លាច គាត់ក៏បានប្រញាប់មកយកសត្វនោះចេញទៅក្រៅ។ នៅព្រឹកនេះ គាត់បានក្រោកពីព្រលឹម ធ្វើយ៉ាងណា មិនឲ្យមានសត្វល្អិតទៀតឡើយ ដើម្បីឲ្យខ្ញុំអាចចូលផ្ទះបាយ ដោយគ្មានការព្រួយបារម្ភទៀត។
ស្វាមីខ្ញុំបានក្រោកពីដំណេក ពីព្រលឹមស្រាងៗ ដោយគិតដល់ខ្ញុំ ពេលគឺបានចាត់ទុកតម្រូវការខ្ញុំ ជាសំខាន់ជាងតម្រូវការរបស់គាត់។ សម្រាប់ខ្ញុំ សេចក្តីស្រឡាញ់ដែលគាត់បានបង្ហាញមក គឺបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីស្រឡាញ់ ដែលសាវ័កប៉ុលបានពិពណ៌នា ក្នុងបទគម្ពីរ អេភេសូរ ៥:២៥ យ៉ាងដូចនេះថា “បុរសរាល់គ្នាអើយ ចូរស្រឡាញ់ប្រពន្ធខ្លួនដូចជាព្រះគ្រីស្ទបានស្រឡាញ់ដល់ពួកជំនុំ ហើយបានប្រគល់ព្រះអង្គទ្រង់ជំនួសផង”។ សាវ័កប៉ុលបានមានប្រសាសន៍ទៀតថា “ត្រូវឲ្យប្តីស្រឡាញ់ប្រពន្ធបែបយ៉ាងនោះឯង គឺដូចជាស្រឡាញ់រូបកាយរបស់ខ្លួនដែរ អ្នកណាដែលស្រឡាញ់ប្រពន្ធខ្លួន នោះក៏ឈ្មោះថាស្រឡាញ់ដល់ខ្លួនឯងហើយ”(ខ.២៨)។ សាវ័កប៉ុលបានបង្រៀនស្វាមី ឲ្យស្រឡាញ់ភរិយា តាមគំរូព្រះគ្រីស្ទ ដោយទ្រង់បានចាត់ទុកតម្រូវការរបស់យើង សំខាន់ជាងតម្រូវការរបស់ទ្រង់។ ស្វាមីខ្ញុំដឹងថា ខ្ញុំខ្លាចសត្វល្អិតមួយចំនួន ហើយគាត់ក៏បានយកការព្រួយបារម្ភរបស់ខ្ញុំ ជាអាទិភាពរបស់គាត់។
គោលការណ៍នេះមិនមែនសម្រាប់តែស្វាមីនោះឡើយ។ តាមគំរូរបស់ព្រះយេស៊ូវ យើងម្នាក់ៗអាចធ្វើការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដោយក្តីស្រឡាញ់ ដើម្បីជួយរំដោះភាពតប់ប្រមល់ ការភ័យខ្លាច ភាពអាម៉ាស់ ឬការថប់បារម្ភ ហើយស្គាល់សេរីភាពដ៏ពិត ដែលព្រះគ្រីស្ទសព្វព្រះទ័យឲ្យយើងមាន។—Elisa Morgan