ស្វាមី​ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ នៅ​ពេល​ព្រលឹម​ស្រាង​ៗ។​ ខ្ញុំ​បាន​ឃើញ​ភ្លើង​បិទ​បើក​ៗ ដូច​នេះ​ ខ្ញុំឆ្ងល់​ថា គាត់​កំពុង​ធ្វើ​អ្វី​។ ពេល​នោះ ខ្ញុំ​ក៏​បាន​នឹក​ចាំ​ថា កាល​ពី​ពេល​ព្រឹក ថ្ងៃ​ម្សិល​មិញ ខ្ញុំ​បាន​ស្រែក​ផ្អើល​ពេញផ្ទះ ពេល​ដែលខ្ញុំ​បាន​ឃើញ សត្វ​ល្អិត​មួយ​ប្រភេទ ដែល​មាន​ជើង​៦ នៅ​លើ​តុ​ដាក់​ចង្រ្កាន។ ស្វាមី​ខ្ញុំដឹងថា ខ្ញុំ​មាន​ការ​ភ័យ​ខ្លាច គាត់​ក៏​បានប្រញាប់​មក​យក​សត្វ​នោះ​ចេញ​ទៅ​ក្រៅ។ នៅ​​ព្រឹក​នេះ គាត់​បាន​ក្រោក​ពី​ព្រលឹម​ ​ធ្វើ​យ៉ាង​ណា មិន​ឲ្យ​មាន​សត្វ​ល្អិត​ទៀត​ឡើយ ដើម្បី​ឲ្យ​ខ្ញុំ​អាច​ចូល​ផ្ទះ​បាយ ដោយ​គ្មាន​ការ​ព្រួយ​បារម្ភ​ទៀត។

ស្វាមី​ខ្ញុំ​បាន​ក្រោក​ពី​ដំណេក ពី​ព្រលឹម​ស្រាង​ៗ ដោយ​គិត​ដល់​ខ្ញុំ ពេល​គឺ​បាន​ចាត់​ទុក​តម្រូវ​ការ​ខ្ញុំ ជា​សំខាន់​ជាង​តម្រូវ​ការ​របស់​គាត់។  សម្រាប់​ខ្ញុំ សេចក្តី​ស្រឡាញ់​ដែល​គាត់​បាន​បង្ហាញ​មក គឺ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សេចក្តី​ស្រឡាញ់ ដែល​សាវ័ក​ប៉ុល​បាន​ពិពណ៌​នា ក្នុង​បទ​គម្ពីរ អេភេសូរ ៥:២៥ យ៉ាង​ដូច​នេះ​ថា “បុរស​រាល់​គ្នា​អើយ ចូរ​ស្រឡាញ់​ប្រពន្ធ​ខ្លួន​ដូច​ជា​ព្រះគ្រីស្ទ​បាន​ស្រឡាញ់​ដល់​ពួក​ជំនុំ ហើយ​បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ផង”។ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ទៀត​ថា “ត្រូវ​ឲ្យ​ប្តី​ស្រឡាញ់​ប្រពន្ធ​បែប​យ៉ាង​នោះ​ឯង គឺ​ដូច​ជា​ស្រឡាញ់​រូបកាយ​របស់​ខ្លួន​ដែរ អ្នក​ណា​ដែល​ស្រឡាញ់​ប្រពន្ធ​ខ្លួន នោះ​ក៏​ឈ្មោះ​ថា​ស្រឡាញ់​ដល់​ខ្លួន​ឯង​ហើយ”(ខ.២៨)។ សាវ័ក​ប៉ុល​បាន​បង្រៀន​ស្វាមី ឲ្យ​ស្រឡាញ់​ភរិយា តាម​គំរូ​ព្រះ​គ្រីស្ទ ដោយ​ទ្រង់​បាន​ចាត់​ទុក​តម្រូវ​ការ​របស់​យើង សំខាន់​ជាង​តម្រូវ​ការ​របស់​ទ្រង់។ ស្វាមី​ខ្ញុំ​ដឹង​ថា​ ខ្ញុំ​ខ្លាច​សត្វ​ល្អិត​មួយ​ចំនួន ហើយ​គាត់​ក៏បាន​យក​ការ​ព្រួយ​បារម្ភ​របស់​ខ្ញុំ ជា​អាទិភាព​របស់​គាត់។​

គោលការណ៍​នេះ​មិន​មែន​សម្រាប់​តែ​ស្វាមី​នោះ​ឡើយ។ តាម​គំរូ​របស់​ព្រះ​យេស៊ូវ យើង​ម្នាក់​ៗ​អាច​ធ្វើ​ការ​លះ​បង់​ប្រយោជន៍ផ្ទាល់​ខ្លួន ដោយ​ក្តី​ស្រឡាញ់ ដើម្បី​ជួយ​រំដោះ​ភាព​តប់​ប្រមល់ ការ​ភ័យ​ខ្លាច​ ភាព​អាម៉ាស់ ឬ​ការ​ថប់​បារម្ភ ហើយ​ស្គាល់​សេរី​ភាព​ដ៏​ពិត ដែល​ព្រះ​គ្រីស្ទ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​មាន។—Elisa Morgan