អស់រយៈពេលប៉ុន្មានខែកន្លងមកនេះ ខ្ញុំកំពុងតែទំនាក់ទំនងជាមួយយុវជនម្នាក់ ដែលកំពុងតែមានការគិតស៊ីជម្រៅ អំពីសេចក្តីជំនឿ។ នៅពេលមួយនោះ គាត់បានសរសេរថា “យើងគ្រាន់តែជាចំណុចដ៏តូចល្អិតក្រែលែង នៅលើខ្សែបន្ទាត់នៃប្រវត្តិសាស្រ្ត។ តើយើងសំខាន់ទេ?”
លោកម៉ូសេ ដែលជាហោរារបស់សាសន៍អ៊ីស្រាអែល ក៏យល់ស្របចំពោះទស្សនៈនេះផងដែរ បានជាគាត់ពោលថា “អាយុយើងខ្ញុំឆាប់កន្លងទៅ ហើយយើងខ្ញុំហើរទៅបាត់”(ទំនុកដំកើង ៩០:១០)។ ភាពរួញខ្លីនៃជីវិត អាចធ្វើឲ្យយើងមានការព្រួយបារម្ភ ហើយនាំឲ្យយើងឆ្ងល់ថា តើយើងសំខាន់ទេ?
យើងសំខាន់។ ព្រោះព្រះដែលបានបង្កើតយើងមក ទ្រង់ស្រឡាញ់យើង ដោយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ អស់កល្បជានិច្ច។ ក្នុងបទគម្ពីរទំនុកដំកើងនេះ លោកម៉ូសេបានពោលថា “ឱសូមចំអែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក”(ខ.១៤)។ យើងជាមនុស្សសំខាន់ ព្រោះយើងសំខាន់ចំពោះព្រះ។
យើងក៏សំខាន់ ព្រោះយើងអាចបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ដល់អ្នកដទៃ។ ជីវិតយើងខ្លីមែន តែមានន័យ បើសិនជាយើងបន្សល់ទុកនូវកេរដំណែល នៃសេចក្តីស្រឡាញ់របស់ព្រះ។ យើងរស់នៅ ក្នុងផែនដីនេះ មិនមែនដើម្បីរកលុយឲ្យបានច្រើន ហើយចូលនិវត្តឲ្យបានស្រណុកស្រួលនោះទេ តែដើម្បី “បង្ហាញសេចក្តីស្រឡាញ់របស់ព្រះ” ដល់អ្នកដទៃ ដោយបង្ហាញពួកគេ នូវសេចក្តីស្រឡាញ់របស់ព្រះអង្គ។
សរុបមក ជីវិតនៅលើផែនដីមានភាពបណ្តោះអាសន្ន ប៉ុន្តែ យើងជាស្នាព្រះហស្ត ដែលស្ថិតស្ថេរអស់កល្ប។ ដោយសារព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ នោះយើងនឹងបានរស់នៅជាមួយព្រះអង្គ ក្នុងនគរស្ថានសួគ៌ជារៀងរហូត។ នេះជាអ្វីដេលលោកម៉ូសេចង់ប្រាប់ឲ្យយើងដឹង ពេលដែលគាត់ធានាយើងថា ព្រះអង្គនឹង “ចម្អែតយើងខ្ញុំ ដោយសេចក្តីសប្បុរសនៃទ្រង់ នៅពេលព្រឹក”។ នៅ “ព្រឹក” នោះ យើងនឹងក្រោកឡើង ដើម្បីរស់នៅ និងស្រឡាញ់ ហើយទទួលសេចក្តីស្រឡាញ់ជារៀងរហូត។ មានតែព្រះអម្ចាស់ទេ ដែលបានធ្វើឲ្យជីវិតយើងមានន័យ។—David H. Roper