បន្ទប់​មាន​សភាព​ងងឹត ហើយ​ស្ងាត់ ពេល​ដែល​ខ្ញុំ​រុញ​កៅអី ទៅ​ក្បែរ​គ្រែ​គេង​របស់​ជែកគី(Jacquie)។ មុន​ពេល​ដែល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់​នេះ តយុទ្ធ​នឹង​ជំងឺ​មហារីក​អស់​រយៈ​ពេល​៣​ឆ្នាំ គាត់ជា​មនុស្ស​ដែល​ស្វាហាប់​ណាស់។ ខ្ញុំ​នៅ​តែ​អាច​ស្រមៃ​ឃើញ​គាត់​សើច ដោយ​កែវ​ភ្នែក​ពេញ​ដោយ​ភាព​រស់​រវើក នឹង​ទឹក​មុខ​ញញឹ​ស្រស់។ ឥឡូវ​នេះ នាង​ប្រែ​ជា​ស្ងាត់​ស្ងៀម និង​នៅ​មួយកន្លែង ពេល​ខ្ញុំ​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ក្នុង​បន្ទប់​ព្យាបាល​ពិសេស។​

ពេល​នោះ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​និយាយ​អ្វី ទៅ​កាន់​គាត់​ទេ។ ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​អាន​ខគម្ពីរ​ខ្លះ​ៗ​ឲ្យ​គាត់​ស្តាប់។ ខ្ញុំ​ក៏​បាន​យក​ព្រះ​គម្ពីរ​ប៊ីប​ចេញ​ពី​កាបូប ហើយ​អាន​ខ​គម្ពីរ ក្នុង​កណ្ឌ​គម្ពីរ​កូរិនថូស ខ្សែ​ទី​១។

បន្ទាប់​ពី​បាន​សួរ​សុខ​ទុក្ខ​គាត់​ហើយ ខ្ញុំ​ក៏​បាន​ចំណាយ​ពេល​ដ៏​សោក​សៅ​ម្នាក់​ឯង ក្នុង​រថយន្ត​របស់​ខ្ញុំ នៅ​កន្លែង​ចំណត។ ពេល​នោះ គំនិត​មួយ​បាន​លេច​ឡើង​ក្នុង​ចិត្ត​ខ្ញុំ ដែល​បាន​ជួយ​ទប់​ទឹក​ភ្នែក​ខ្ញុំ។ ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​បាន​ជួបគាត់ម្តង​ទៀត នៅ​នគរ​ស្ថាន​សួគ៌។  ដោយសារ​ខ្ញុំ​ជាប់​នៅ​ក្នុង​សេចក្តី​ទុក្ខ ខ្ញុំ​ក៏​បាន​ភ្លេច​សេចក្តី​ពិត ដែល​បាន​ចែង​ថា សម្រាប់​អ្នក​ជឿ​ព្រះ សេចក្តី​ស្លាប់​គ្រាន់​តែ​ជា​រឿង​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ(១កូរិនថូស ១៥:២១-២២)។ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​បាន​ជួប​ជែកគី​ម្តងទៀត​ ព្រោះយើង​ទាំង​ពីរ​សុទ្ធ​តែ​បាន​ជឿ​ថា ព្រះយេស៊ូវ​បាន​សុគត និង​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​អត់​ទោស​បាប​ឲ្យ​យើង​(ខ.៣-៤)។ បន្ទាប់​ពី ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បន្ទាប់​ពី​ព្រះ​អង្គ​សុគត​នៅ​លើ​ឈើ​ឆ្កាង សេចក្តី​ស្លាប់​ក៏​បាន​បាត់​បង់​អំណាច ដែល​កាត់​ផ្តាច់​អ្នក​ជឿ​ចេញ​ពី​គ្នា​ និង​ចេញ​ពី​ព្រះ។ បន្ទាប់​ពីយើង​ស្លាប់​ទៅ យើង​ដែល​ជាអ្នក​ជឿ​ព្រះ​អង្គ នឹង​បាន​ទៅរស់​នៅ​ក្នុង​នរគ​ស្ថាន​សួគ៌ ជា​មួយ​ព្រះ និង​ជា​មួយ​បង​ប្អូន​ប្រុស​ស្រី ខាង​វិញ្ញាណ​របស់​យើង ​ជា​រៀង​រហូត។​

ដោយ​សារ​ព្រះ​យេស៊ូវ​នៅ​មាន​ព្រះ​ជន្ម​រស់​សព្វ​ថ្ងៃ អ្នក​ជឿ​ព្រះ​អង្គ​ក៏​មាន​សង្ឃឹម ក្នុង​ពេល​បាត់​បង់ និង​ទុក្ខ​ព្រួយ។ សេចក្តី​ស្លាប់​ត្រូវ​បាន​លេប នៅ​ក្នុង​ជ័យ​ជម្នះ​នៃ​ឈើ​ឆ្កាង​(ខ.៥៤)។—Jennifer Benson Schuldt