បណ្ឌិតស៊ូស(Seuss) បាននិពន្ធរឿងកំប្លែងជាច្រើន ដែលក្នុងនោះ មានរឿងមួយដំណាលអំពី “មនុស្សចម្លែកពីរនាក់ ធ្វើដំណើរបញ្ច្រាសទិសគ្នា។ ម្នាក់ទៅខាងជើង ម្នាក់ទៀតទៅខាងត្បូង ឆ្លងកាត់ទីវាលមួយ”។ អ្នកទាំងពីរក៏បានដើរទល់មុខគ្នា ដោយរវាងអ្នកទាំងពីរ គឺគ្មាននរណាម្នាក់ព្រមជៀសផ្លូវឲ្យម្នាក់ទៀតដើរឡើយ។ មនុស្សចម្លែកទីមួយ ក៏បានស្បថទាំងកំហឹងថា គាត់នឹងមិនព្រមជៀសផ្លូវឡើយ ទោះពិភពលោកនៅត្រឹងមួយកន្លែងក៏ដោយ។(ពួកគេក៏បានបន្តឈរទល់មុខគ្នា ខណៈពេលដែលពិភពលោកនៅតែបន្តមានចលនាទៅមុខ ហើយគេក៏បានសង់ផ្លូវធំៗជុំវិញអ្នកទាំងពីរ។
រឿងនិទាននេះបានឆ្លុះបញ្ចាំង អំពីចារិកលក្ខណៈដែលមនុស្សមានពីកំណើត។ យើងចង់ត្រូវរៀងខ្លួន ហើយយើងក៏ងាយនឹងប្រកាន់ខ្ជាប់នូវផ្នត់គំនិតនេះ ដោយចិត្តរឹងចចេស ដែលនាំទៅរកសេចក្តីហិនវិនាស។
ប៉ុន្តែ យើងមានហេតុផលដែលត្រូវអរសប្បាយ ព្រោះព្រះទ្រង់បានសម្រេចព្រះទ័យបន្ទន់ចិត្តមនុស្ស ដែលរឹងចចេស។ សាវ័កប៉ុលបានយល់អំពីសេចក្តីពិតនេះ ហេតុនេះហើយ ពេលដែលសមាជិកពីរនាក់ ក្នុងពួកជំនុំនៅក្រុងភីលីព មានជម្លោះ គាត់ក៏ជួយផ្សះផ្សាពួកគេ ដោយគាត់ស្រឡាញ់ពួកគេ(ភីលីព ៤:២)។ គាត់បានបង្រៀនអ្នកជឿទាំងឡាយ ឲ្យមាន “ផ្នត់គំនិតតែមួយ” នៅក្នុងការស្រឡាញ់ ដោយការលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដូចព្រះគ្រីស្ទ ហើយបន្ទាប់មក គាត់ក៏បានស្នើឲ្យពួកគេ “ជួយស្រ្តីទំាងពីរនោះ” ដែលធ្លាប់តស៊ូជាមួយគាត់ នៅក្នុងការផ្សាយដំណឹងល្អ(៤:៣)។ ការអំពាវនាវឲ្យពួកគេរួមគ្នាធ្វើការជាក្រុម ដើម្បីផ្សះផ្សាអ្នកទាំងពីរ គឺជាដំណោះស្រាយប្រកបដោយប្រាជ្ញា។
ជាការពិតណាស់ មានពេលដែលយើងត្រូវឈរយ៉ាងមាំមួន តែត្រូវឈរតាមគំរូព្រះគ្រីស្ទ ដែលខុសស្រឡះពីមនុស្សចម្លែកទាំងពីរ ក្នុងរឿងនិទាន។ មានរឿងជាច្រើន ក្នុងជីវិតយើង ដែលមិនសមនឹងឲ្យយើងតតាំងគ្នាយកឈ្នះយកចាញ់នោះឡើយ។ បទគម្ពីរកាឡាទី ៥:១៥ បានចែងថា “បើអ្នករាល់គ្នាចេះតែប្រខាំ ហើយហែកគ្នាស៊ីទៅវិញទៅមក នោះត្រូវប្រយ័ត្នចុះ ក្រែងលោវិនាសអស់រលីងទៅ”។ យើងអាចបន្ទាបខ្លួន ទទួលយោបល់ប្រកបដោយប្រាជ្ញា ដោយចិត្តសុភាព ហើយស្វែងរកការរួបរួម ជាមួយបងប្អួនប្រុសស្រីរបស់យើង។—Tim Gustafson