បណ្ឌិតស៊ូស(Seuss) បាន​និពន្ធ​រឿង​កំប្លែង​ជា​ច្រើន ដែល​ក្នុង​នោះ មាន​រឿង​មួយ​ដំណាល​អំពី “មនុស្ស​ចម្លែក​ពីរ​នាក់ ​ធ្វើ​ដំណើរ​បញ្ច្រាស​ទិស​គ្នា។ ម្នាក់​ទៅ​ខាង​ជើង ម្នាក់​ទៀត​ទៅ​ខាង​ត្បូង​ ឆ្លង​កាត់​ទី​វាល​មួយ”។ អ្នក​ទាំង​ពីរ​ក៏​បាន​ដើរ​ទល់​មុខ​គ្នា ដោយ​រវាង​អ្នក​ទាំង​ពីរ គឺ​គ្មាន​នរណា​ម្នាក់​ព្រម​ជៀស​ផ្លូវ​ឲ្យ​ម្នាក់​ទៀត​ដើរ​ឡើយ​។ មនុស្ស​ចម្លែក​ទី​មួយ ក៏​បាន​ស្បថ​ទាំងកំ​ហឹង​ថា គាត់​នឹង​មិន​ព្រម​ជៀស​ផ្លូវ​ឡើយ ទោះ​ពិភព​លោក​នៅ​ត្រឹង​មួយ​កន្លែង​ក៏​ដោយ។(ពួកគេ​ក៏​បាន​បន្ត​ឈរ​ទល់​មុខ​គ្នា ខណៈ​ពេល​ដែល​ពិភព​លោក​នៅ​តែ​បន្ត​មាន​ចលនា​ទៅ​មុខ ហើយ​គេ​ក៏​បាន​សង់​ផ្លូវ​ធំ​ៗ​ជុំវិញ​អ្នក​ទាំង​ពីរ។​

រឿង​និទាន​នេះ​បាន​ឆ្លុះ​បញ្ចាំង អំពី​ចារិក​លក្ខណៈ​ដែល​មនុស្ស​មាន​ពី​កំណើត។ យើង​ចង់​ត្រូវ​រៀង​ខ្លួន ហើយ​យើង​ក៏​ងាយ​នឹង​ប្រកាន់​ខ្ជាប់​នូវ​ផ្នត់​គំនិត​នេះ ដោយ​ចិត្ត​រឹង​ចចេស ដែល​នាំ​ទៅ​រក​សេចក្តី​ហិន​វិនាស។​

ប៉ុន្តែ​ យើង​មាន​ហេតុ​ផល​ដែល​ត្រូវ​អរ​សប្បាយ ព្រោះ​ព្រះ​ទ្រង់​បាន​សម្រេច​ព្រះ​ទ័យ​បន្ទន់​ចិត្ត​មនុស្ស ដែល​រឹង​ចចេស។ សា​វ័កប៉ុល​បាន​យល់​អំពី​សេចក្តី​ពិត​នេះ ហេតុ​នេះ​ហើយ ពេល​ដែល​សមាជិក​ពីរ​នាក់ ក្នុង​ពួក​ជំនុំ​នៅ​ក្រុង​ភីលីព មាន​ជម្លោះ គាត់​ក៏ជួយ​ផ្សះ​ផ្សា​ពួក​គេ ដោយ​គាត់​ស្រឡាញ់​ពួក​គេ​(ភីលីព ៤:២)។ គាត់​បាន​បង្រៀន​អ្នក​ជឿ​ទាំង​ឡាយ ឲ្យ​មាន “ផ្នត់​គំនិត​តែ​មួយ” នៅ​ក្នុង​ការ​ស្រឡាញ់ ដោយ​ការ​លះបង់​ប្រយោជន៍​ផ្ទាល់​ខ្លួន ដូច​ព្រះ​គ្រីស្ទ ហើយ​បន្ទាប់​មក គាត់​ក៏​បាន​ស្នើ​ឲ្យ​ពួក​គេ “ជួយ​ស្រ្តីទំាង​ពីរ​នោះ” ដែល​ធ្លាប់​តស៊ូជា​មួយ​គាត់ នៅ​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ(៤:៣)។ ការ​អំពាវ​នាវ​ឲ្យ​ពួក​គេ​រួម​គ្នា​ធ្វើ​ការ​ជា​ក្រុម ដើម្បី​ផ្សះ​ផ្សា​អ្នក​ទាំង​ពីរ គឺ​ជា​ដំណោះ​ស្រាយ​ប្រកប​ដោយ​ប្រាជ្ញា។​

ជា​ការ​ពិត​ណាស់ មាន​ពេល​ដែល​យើង​ត្រូវ​ឈរ​យ៉ាង​មាំមួន តែ​ត្រូវ​ឈរ​តាម​គំរូ​ព្រះ​គ្រីស្ទ ដែល​ខុស​ស្រឡះ​ពីមនុស្ស​ចម្លែក​ទាំង​ពីរ ក្នុង​រឿង​និទាន។ មាន​រឿង​ជា​ច្រើន ក្នុង​ជីវិត​យើង ដែល​មិន​សម​នឹ​ងឲ្យ​យើង​តតាំង​គ្នា​យក​ឈ្នះ​យក​ចាញ់នោះ​ឡើយ។  បទ​គម្ពីរ​កាឡាទី ៥:១៥ បាន​ចែង​ថា “បើ​អ្នក​រាល់​គ្នា​ចេះ​តែ​ប្រខាំ ហើយ​ហែក​គ្នា​ស៊ី​ទៅ​វិញ​ទៅ​មក នោះ​ត្រូវ​ប្រយ័ត្ន​ចុះ ក្រែង​លោ​វិនាស​អស់​រលីង​ទៅ”។ យើង​អាច​បន្ទាប​ខ្លួន ទទួល​យោបល់​ប្រកប​ដោយ​ប្រាជ្ញា ដោយ​ចិត្ត​សុភាព ហើយស្វែង​រក​ការ​រួប​រួម ជា​មួយ​បង​ប្អួន​ប្រុស​ស្រី​របស់​យើង។—Tim Gustafson