តើ​អ្នក​ធ្លាប់​ប្រយុទ្ធ​នឹង​សត្វ​នាគ​ទេ? នៅ​ក្នុង​សៀវភៅ​ដែល​លោក​យូជិន ភីធ័រសិន(Eugene Peterson) បាន​និពន្ធ​មានចំណង​ជើង​ថា ការ​ស្តាប់​បង្គាប់ ដ៏​យូរ​អង្វែង នៅ​ក្នុង​ទិស​ដៅ​តែ​មួយ  គាត់​បាន​ប្រៀប​ធៀប​ការ​ភ័យ​ខ្លាច​របស់​មនុស្ស ទៅ​នឹងការ​បង្ហាញ​ចេញ​នូវ​ការ​ភ័យ​ខ្លាច និង​ការ​រួម​ផ្សំ​នៃ​សេចក្តី​ដែល​គួរ​ឲ្យ​ភ័យ​ខ្លាច​ទំាង​អស់ ដែល​អាច​ធ្វើ​ឲ្យ​យើង​ឈឺ​ចាប់។ គាត់​ថា សត្វ​មាន់​ព្រៃ​មិន​មែន​ជា​គូរ​ប្រៀប​របស់​សត្វ​នាគ​សោះ​ឡើយ។​ តើ​លោក​ភីធ័រសិន​ចង់​មាន​ន័យ​ដូច​ម្តេច? ជីវិត​របស់​យើង​មានពេញ​ទៅ​ដោយ​ទុក្ខ​លំបាក ដែល​មាន​ដូច​ជា បញ្ហា​សុខ​ភាព​ដែល​គំរាម​កំហែង​ជីវិត ការ​បាត់​បង់​ការងារ ទំនាក់​ទំនង​ប្តី​ប្រពន្ធ​ដែល​បែក​បាក់ និង​កូន​ដែល​មិន​ស្តាប់​បង្គាប់​ជា​ដើម។ បញ្ហា​ទាំង​អស់​នេះ អាច​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ ហើយ​បង្ហាញ នូវភាព​ផុយ​ស្រួយ​នៃ​ជីវិត  ដែល​យើង​មិន​មាន​កម្លាំង​គ្រប់​គ្រាន់ ដើម្បី​ប្រយុទ្ធ​នឹង​ពួក​វា តែ​ម្នាក់​ឯង​។

តែ​ក្នុង​សង្រ្គាម​នោះ យើង​មាន​ព្រះ​ដែល​ជា​អ្នក​ប្រយុទ្ធ​ជើង​ឯក។ គឺ​មិន​មែន​ជា​ជើង​ឯក​ក្នុង​រឿង​និទាន​នោះ​ទេ តែ​ជា​ជើង​ឯកដែល​ខ្លាំង​ពូកែ​ជាង​គេ ដែល​ប្រយុទ្ធ​ជំនួស​យើង ហើយ​វាយ​បំបាក់​សត្វ​នាគ ដែល​ព្យាយាម​បំផ្លាញ​យើង។ ទោះ​សត្វ​នាគ​នោះ ជា​ទុក្ខ​លំបាក​របស់​យើង ឬ​ជា​សត្រូវ​ខាង​វិញ្ញាណ ដែល​ចង់​បំផ្លាញ​យើង​ក្តី អ្នក​ប្រយុទ្ធ​ជើង​ឯក​របស់​យើង ខ្លាំង​ពូកែ​ជាង​សត្វ​នាគ​នោះ ហេតុ​នេះ​ហើយ​ជា​សាវ័ក​ប៉ុល​បាន​សរសេរ​ អំពី​ព្រះ​យេស៊ូវ​ថា “ទ្រង់​បាន​ទាំង​ទំលាក់​ងារ​ពី​ពួក​គ្រប់​គ្រង និង​ពួក​មាន​អំណាច ទាំង​ដាក់​ពួក​ទាំង​នោះ​នៅ​កណ្តាល​ជំនុំ​ឲ្យ​គេ​មើល ហើយ​ដឹកនាំ​គេ​ទៅ ដោយ​មាន​ជ័យជំនះ ដោយសារ​ឈើ​ឆ្កាង​នោះ​ឯង”(កូល៉ុស ២:១៥)។ អំណាច​ដែល​បង្ហិន​បំផ្លាញ​នៃ​លោកិយ​ដែល​មាន​បាប មិន​អាច​តតាំង​នឹង​ព្រះ​អង្គ​បាន​ឡើយ!

នៅ​ពេល​ណា​យើង​ដឹង​ថា ទុក្ខ​លំបាក​នៃ​ជីវិត​យើង​ធំ​ពេក​សម្រាប់​យើង គឺ​ជា​ពេល​ដែល​យើង​អាច​ចាប់​ផ្តើម​សម្រាក​ក្នុង​ការ​សង្រ្គោះ​របស់​ព្រះ​គ្រីស្ទ។ យើង​អាច​និយាយ​ដោយ​ទំនុក​ចិត្ត​ថា “តែ​អរ​ព្រះគុណ​ដល់​ព្រះអង្គ ពី​ព្រោះ​ទ្រង់​ប្រទាន​ឲ្យ​យើង​រាល់​គ្នា​មាន​ជ័យជំនះ ដោយ​សារ​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង”(១កូរិនថូស ១៥:៥៧)។—Bill Crowder