លោកហ្វ្រេឌី ប្លុម(Fredie Blom) គឺជាជនជាតិអាហ្វ្រិកខាងត្បូង ដែលមានអាយុ១១៤ឆ្នំា នៅឆ្នំា២០១៨ ហើយក៏ត្រូវបានគេទទួលស្គាល់ថា ជាបុរសដែលអាយុវែងជាងគេ នៅសម័យនោះ។ គាត់បានកើតនៅឆ្នាំ១៩០៤ ជាឆ្នាំ ដែលបងប្អូនប្រុសត្រកូលរ៉ាយទាំងពីរនាក់(Wright Brothers) បានឆ្នៃបង្កើតយន្តហោះមុនគេក្នុងប្រវត្តិសាស្រ្ត។ គាត់បានឆ្លងកាត់សង្រ្គាមលោកទាំងពីរលើក សម័យបែកចែកពូជសាសន៍នៅប្រទេសអាហ្វ្រិកខាងត្បូង និងវិបត្តិសេដ្ឋកិច្ចពិភពលោក។ ពេលគេសួរគាត់ អំពីអាថ៌កំបាំងដែលធ្វើឲ្យគាត់មានអាយុវែងយ៉ាងនេះ លោកប្លុមគ្រាន់តែញាក់ស្មា។ គាត់មិនតែងតែជ្រើសរើសចំណីអាហារ និងការអនុវត្តន៍ដែលលើកកម្ពស់សុខមាលភាព គឺមិនខុសពីអ្នកដទៃឡើយ។ ទោះជាយ៉ាងណាក៏ដោយ លោកប្លុមបានប្រាប់អំពីហេតុផលមួយ ដែលធ្វើឲ្យគាត់មានសុខភាពល្អ គឺដោយសារព្រះអម្ចាស់ ដែលមានគ្រប់អំណាចចេស្តា ព្រះអង្គបានទ្រគាត់។
ពាក្យសម្តីរបស់លោកប្លុម បានធ្វើឲ្យខ្ញុំនឹកចាំ អំពីព្រះបន្ទូលរបស់ព្រះអម្ចាស់ ទៅកាន់ពួកអ៊ីស្រាអែល ជាជាតិសាសន៍ដែលស្ថិតក្រោមការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដ៏កាចសាហាវ។ ព្រះអង្គសន្យាថា ព្រះអង្គនឹងចំរើនកំឡាំង ហើយជួយពួកគេ ហើយនឹងទ្រពួកគេ ដោយព្រះហស្តស្តាំដ៏សុចរិត(អេសាយ ៤១:១០)។ ទោះពួកគេស្ថិតក្នុងស្ថានភាពដែលអស់សង្ឃឹមយ៉ាងណា ហើយជួបទុកលំបាកខ្លាំងប៉ុណ្ណាក៏ដោយ ព្រះអង្គបានធានាពួកគេថា ព្រះអង្គបានទ្រពួកគេ ដោយថែរក្សាពួកគេយ៉ាងស្រទន់។ ព្រះអង្គមានបន្ទូលថា “កុំឲ្យភ័យខ្លាចឡើយ ដ្បិតអញនៅជាមួយនឹងឯង កុំឲ្យស្រយុតចិត្តឲ្យសោះ ពីព្រោះអញជាព្រះនៃឯង” (ខ.១០)។
ទោះយើងមានអាយុប៉ុន្មានឆ្នាំក៏ដោយ ទុក្ខលំបាកក្នុងជីវិតយើង នឹងមកគោះទ្វាររបស់យើង។ ទំនាក់ទំនងប្តីប្រពន្ធដែលប្រេះឆា កូនដែលចាកចោលគ្រួសារ ពត៌មានដ៏រន្ធត់ពីគ្រូពេទ្យ ឬសូម្បីតែការបៀតបៀនក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ ព្រះនៃយើងឈោងទៅរកយើង ហើយឱបយើងជាប់។ ព្រះអង្គនាំយើងចូលទៅក្នុងព្រះហស្តដ៏រឹងមាំ ហើយស្រទន់។—Winn Collier