ពេល​ដែល​ខ្ញុំ​ផ្លាស់​ទៅ​រស់​នៅ ក្នុង​ប្រទេស​ផ្សេង ជា​ដំបូង​ខ្ញុំ​មាន​អារម្មណ៍​ថា គេ​មិន​ស្វាគមន៍​ខ្ញុំ។ បន្ទាប់​ពី​ខ្ញុំ​រក​បាន​កន្លែង​អង្គុយ​ ក្នុង​ព្រះវិហារ​តូច​មួយ នៅ​ថ្ងៃ​ដែល​ស្វាមី​ខ្ញុំ​អធិប្បាយ​ព្រះ​បន្ទូល​នៅ​ទីនោះ បុរស​ម្នាក់​ដែល​មាន​វ័យ​ចំ​ណាស់​ជាង​ខ្ញុំ បាន​ប្រាប់​ខ្ញុំឲ្យ​ទៅ​អង្គុយ​កន្លែង​ផ្សេង ដោយ​ខ្វះ​ការ​គួរ​សម ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល។ ភរិយា​គាត់​ក៏​បាន​សុំ​ទោស​ខ្ញុំ ហើយ​រៀប​រាប់​ថា ខ្ញុំ​កំពុង​តែ​អង្គុយ​នៅ​លើ​កៅ​អី​វែង ដែល​ពួក​គេ​តែង​តែ​អង្គុយ​ជា​ប្រចាំ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ថា ពួក​ជំនុំ​នៅ​ទីនោះ​ធ្លាប់​ជួល​កៅ​អី​វែង ក្នុង​ព្រះ​វិហារ ឲ្យ​ទៅ​ពួក​ជំនុំ ដើម្បី​រៃ​អង្គាស​ប្រាក់ សម្រាប់​ព្រះ​វិហារ ហើយ​ដើម្បី​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​មាន​អ្នក​ដទៃ​មក​អង្គុយ​នៅ​កៅ​អី ដែល​មាន​ម្ចាស់​ហើយ។ គេ​ជឿ​ថា ផ្នត់​គំនិត​នេះ​បាន​បន្ត​មាន​ អស់​ជា​ច្រើន​ទសវត្សរ៍​ក្រោយ​មក​ទៀត។

ក្រោយ​មក ​ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​បង្គាប់​ពួកអ៊ីស្រាអែល​ឲ្យ​ស្វាគមន៍​ជន​បរទេស គឺ​ផ្ទុយ​ពី​វប្បធម៌​ ដែល​ខ្ញុំ​បាន​ជួប នៅ​ប្រទេស​នោះ។ ព្រះ​អង្គ​បាន​ប្រទាន​ក្រឹត្យ​វិន័យ​នោះ ដើម្បី​ឲ្យ​រាស្រ្ត​ទ្រង់​មាន​ការ​រីក​ចម្រើន ហើយ​ព្រះ​អង្គ​ក៏​បានបង្គាប់​ពួក​គេ​ឲ្យ​ស្វាគមន៍​ជន​បរទេស ដោយ​រំឭក​ពួក​គេ​ថា ពី​ដើម​ពួក​គេ​ក៏​ធ្លាប់​រស់​នៅ​ជា​ជន​បរទេស ក្នុង​ទឹក​ដី​គេ​ផង​ដែរ​(លេវីវិន័យ ១៩:៣៤)។ ពួក​គេ​មិន​គ្រាន់​តែ​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ជន​បរទេស ដោយ​ចិត្ត​សប្បុរស​ប៉ុណ្ណោះ​ទេ​(ខ.៣៣) តែ​ក៏​ត្រូវ “ស្រឡាញ់​គេ ឲ្យ​ដូច​ខ្លួន​ឯង”(ខ.៣៤)។ ព្រះ​អង្គ​បាន​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​ការ​ជិះ​ជាន់ នៅ​នគរ​អេស៊ីព្ទ ដោយ​ប្រទាន​ពួក​គេ នូវផ្ទះ ក្នុង​ទឹក​ដី ដែល​មាន “ទឹក​ដោះ និង​ទឹក​ឃ្មំ​ហូរហៀរ”(និក្ខមនំ ៣:១៧)។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​រាស្រ្ត​ព្រះ​អង្គ​ស្រឡាញ់​អ្នកដទៃ ដែល​ចូល​មក​ស្នាក់​នៅ ក្នុង​ទឹក​ដី​នោះ​ដែរ។​

ពេល​ណា​អ្នក​ជួប​មនុស្ស​ដែល​អ្នក​មិន​ដែល​ស្គាល់ អ្នក​អាច​ទូលសូម​ឲ្យ​ព្រះ​ទ្រង់​បើក​សម្តែង ឲ្យ​អ្នក​ដឹង​ថា មាន​ប្រពៃណី​ទំនៀម​ទំលាប់​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​អ្នក​ពិបាក​ចែក​រំលែក​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​ពួក​គេ។​—Amy Boucher Pye