រឿងប្រចាំគ្រួសារដ៏ល្បីល្បាញមួយ បានដំណាលថា មានបងប្អូនប្រុសពីរនាក់ ម្នាក់ឈ្មោះប៊ីលី(Billy) និងម្នាក់ទៀតឈ្មោះម៉ាវីន(Melvin) បានឃើញយន្តហោះមួយគ្រឿងហោះហើរចុះឡើង បង្កើតជាតូអក្សរនៅលើមេឃ ខណៈពេលដែលពួកគេកំពុងតែឈរនៅក្នុងកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ របស់គ្រួសារពួកគេ។ ក្មេងប្រុសទាំងពីរក៏ឃើញអក្សរ “GP”លេចចេញឡើង នៅលើមេឃ។
បងប្អូនទាំងពីរ ក៏បានសម្រេចចិត្តជ្រើសរើសយកអត្ថន័យរបស់អក្សរនោះរៀងៗខ្លួន។ ប៊ីលីគិតថា អក្សរនោះមានន័យថា “ចូរ ទៅអធិប្បាយព្រះបន្ទូល” តែម៉ាវីនគិតថា អក្សរនោះមានន័យថា “ចូរទៅភ្ជួររាស់”។ ក្រោយមក លោកប៊ីលី ក្រាហាំ(Billy Graham) បានប្តេជ្ញាចិត្តទៅផ្សាយដំណឹងល្អ ហើយក៏បានក្លាយជាអ្នកផ្សាយដំណឹងល្អដ៏ល្បីល្បាញ។ ចំណែកលោកម៉ាវីន ដែលជាបងប្រុសគាត់ ក៏បានគ្រប់គ្រងកសិដ្ឋានចញ្ចឹមគោរបស់គ្រួសារពួកគេ ដោយចិត្តស្មោះត្រង់ អស់ជាច្រើនឆ្នាំ។
យើងមិនដឹងច្បាស់ថា នេះជារឿងពិតឬយ៉ាងណាទេ ប៉ុន្តែ បើព្រះទ្រង់ពិតជាបានត្រាស់ហៅលោកប៊ីលី ឲ្យអធិប្បាយព្រះបន្ទូល ហើយត្រាស់ហៅលោកម៉ាវីន ឲ្យភ្ជួររាស់ដីមែន នោះជោគជ័យរបស់លោកប៊ីលី មិនមានន័យថា ការត្រាស់ហៅដែលលោកម៉ាវីនបានទទួលមានភាពសំខាន់តិចជាង ការត្រាស់ហៅរបស់គាត់នោះឡើយ។
ព្រះជាម្ចាស់ពិតជាបានត្រាស់ហៅ អ្នកខ្លះឲ្យធ្វើការបម្រើព្រះអង្គពេញពេល(អេភេសូរ ៤:១១-១២) តែមិនមានន័យថា អ្នកដទៃទៀត កំពុងតែធ្វើការងារដែលសំខាន់តិចជាងនោះទេ។ ត្រង់ចំណុចនេះ សាវ័កប៉ុលបានមានប្រសាសន៍ថា “ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើតឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្តីស្រឡាញ់”(ខ.១៦)។ បានសេចក្តីថា យើងម្នាក់ៗត្រូវថ្វាយព្រះកិត្តិនាមដល់ព្រះយេស៊ូវ ដោយចិត្តស្មោះត្រង់ ដោយប្រើអំណោយទាន ដែលព្រះអង្គបានប្រទានយើង។ ពេលណាយើងប្រើអំណោយទាន តាមការត្រាស់ហៅ ទោះយើងទៅអធិប្បាយព្រះបន្ទូល ឬភ្ជួររាស់ក្តី យើងនៅតែអាចនាំឲ្យមានការផ្លាស់ប្តូរ ថ្វាយព្រះយេស៊ូវ ពេលណាយើងបម្រើ ឬធ្វើការថ្វាយព្រះអង្គ។—Dave Branon