រឿង​ប្រចាំ​គ្រួសារ​ដ៏​ល្បី​ល្បាញ​មួយ បាន​ដំណាល​ថា មាន​បង​ប្អូន​ប្រុសពីរ​នាក់ ម្នាក់​ឈ្មោះ​ប៊ីលី(Billy) និង​ម្នាក់​ទៀត​ឈ្មោះ​ម៉ាវីន(Melvin) បាន​ឃើញ​យន្ត​ហោះ​មួយ​គ្រឿង​ហោះ​ហើរ​ចុះ​ឡើង បង្កើត​ជា​តូ​អក្សរ​នៅ​លើ​មេឃ​ ខណៈ​ពេល​ដែល​ពួក​គេកំពុង​តែ​ឈរ​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹក​ដោះ របស់​គ្រួសារ​ពួក​គេ។ ក្មេង​ប្រុស​ទាំង​ពីរ​ក៏​ឃើញ​អក្សរ “GP”លេច​ចេញឡើង នៅ​លើ​មេឃ។

បង​ប្អូន​ទាំង​ពីរ ក៏​បាន​សម្រេច​ចិត្ត​ជ្រើស​រើស​យក​អត្ថ​ន័យ​របស់​អក្សរ​នោះ​រៀង​ៗ​ខ្លួន។ ប៊ីលី​គិត​ថា​ អក្សរ​នោះ​មាន​ន័យ​ថា “ចូរ ទៅ​អធិប្បាយ​ព្រះ​បន្ទូល” តែ​ម៉ាវីន​គិត​ថា អក្សរ​នោះ​មាន​ន័យ​ថា “ចូរ​ទៅ​ភ្ជួរ​រាស់”។ ក្រោយ​មក លោក​ប៊ីលី ក្រាហាំ(Billy Graham) បាន​ប្តេជ្ញា​ចិត្ត​ទៅ​ផ្សាយ​ដំណឹង​ល្អ ហើយ​ក៏​បាន​ក្លាយ​ជា​អ្នក​ផ្សាយ​ដំណឹង​ល្អ​ដ៏​ល្បី​ល្បាញ។ ចំណែក​លោក​ម៉ាវីន ដែល​ជា​បង​ប្រុស​គាត់ ក៏​បាន​គ្រប់​គ្រង​កសិដ្ឋាន​ចញ្ចឹម​គោ​របស់​គ្រួសារ​ពួក​គេ ដោយ​ចិត្ត​ស្មោះ​ត្រង់​ អស់​ជា​ច្រើន​ឆ្នាំ។​

យើង​មិន​ដឹង​ច្បាស់​ថា នេះ​​ជា​រឿង​ពិត​ឬ​យ៉ាង​ណា​ទេ ប៉ុន្តែ បើ​​ព្រះ​ទ្រង់​ពិត​ជា​បាន​ត្រាស់​ហៅ​លោក​ប៊ីលី ឲ្យ​អធិប្បាយ​ព្រះ​បន្ទូល ហើយ​ត្រាស់ហៅ​លោក​ម៉ាវីន ឲ្យ​ភ្ជួរ​រាស់​ដី​មែន នោះ​ជោគ​ជ័យ​របស់​លោក​ប៊ីលី មិន​មាន​ន័យ​ថា ការ​ត្រាស់​ហៅ​ដែល​លោក​ម៉ាវីន​បាន​ទទួល​មាន​ភាព​សំខាន់​តិច​ជាង ការ​ត្រាស់​ហៅ​របស់​គាត់​នោះ​ឡើយ។

ព្រះ​ជា​ម្ចាស់​ពិត​ជា​បាន​ត្រាស់​ហៅ អ្នក​ខ្លះ​ឲ្យ​ធ្វើ​ការ​បម្រើ​ព្រះ​អង្គ​ពេញ​ពេល​(អេភេសូរ ៤:១១-១២) តែ​មិន​មាន​ន័យ​ថា អ្នក​ដទៃ​ទៀត កំពុង​តែ​ធ្វើការងារ​ដែល​សំខាន់​តិច​ជាង​នោះ​ទេ។ ត្រង់​ចំណុច​នេះ សាវ័ក​ប៉ុល​បាន​មាន​ប្រសាសន៍​ថា “ដែល​រូបកាយ​ទាំង​មូល​បាន​ផ្គុំ ហើយ​ភ្ជាប់​គ្នា​មក​អំពី​ទ្រង់ ដោយសារ​គ្រប់​ទាំង​សន្លាក់​ដែល​ផ្គត់ផ្គង់​ឲ្យ តាម​ខ្នាត​ការងារ​របស់​អវយវៈ​និមួយៗ នោះ​រូបកាយ​បាន​បង្កើត​ឡើង ដើម្បី​នឹង​ស្អាង​ខ្លួន ក្នុង​សេចក្តី​ស្រឡាញ់”(ខ.១៦)។ បាន​សេចក្តី​ថា យើង​ម្នាក់​ៗ​ត្រូវ​ថ្វាយ​ព្រះ​កិត្តិ​នាម​ដល់​ព្រះ​យេស៊ូវ ដោយ​ចិត្ត​ស្មោះ​ត្រង់ ដោយ​ប្រើ​អំណោយ​ទាន ដែល​ព្រះ​អង្គ​បាន​ប្រទាន​យើង។ ពេល​ណា​យើង​ប្រើ​អំណោយ​ទាន​ តាម​ការ​ត្រាស់​ហៅ ទោះ​យើង​ទៅ​អធិប្បាយ​ព្រះ​បន្ទូល ឬ​ភ្ជួរ​រាស់​ក្តី យើង​នៅ​តែ​អាច​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ ថ្វាយ​ព្រះយេស៊ូវ ពេល​ណា​យើង​បម្រើ ឬ​ធ្វើ​ការ​ថ្វាយ​ព្រះ​អង្គ។​—Dave Branon