មាន​ពេល​មួយ ខ្ញុំ​បាន​ជួប​មិត្ត​ភក្តិ​ចាស់​ម្នាក់។ គាត់​បាន​ប្រាប់​ខ្ញុំ​អំពី​ការងារ​របស់​គាត់ ប៉ុន្តែ ខ្ញុំ​ហាក់​ដូច​ជា​ពិបាក​ជឿ​គាត់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​រយៈ​ពេល​ពីរ​បី​ខែ ក្រុម​តន្រ្តី​របស់​គាត់​បាន​ទៅប្រគុំ​តន្រ្តី​នៅ​គ្រប់​ទិស​ទី។ បទ​ចម្រៀង​របស់​ក្រុម​គាត់បាន​ក្លាយ​ជា​បទ​ចម្រៀង​ពេញ​និយម​ជាង​គេ នៅ​ក្នុង​ការ​ចាក់​ផ្សាយ​តាម​វិទ្យុ ហើយ​ក្រោយ​មក ក៏​មាន​ការ​ពេញ​និយម​ខ្លាំង នៅក្នុង​កម្ម​វិធី​ទូរទស្សន៍​ផង​ដែរ។ អាជីព​របស់​គាត់​បាន​ទទួល​ជោគ​ជ័យ​លឿន​ណាស់។​

មនុស្ស​ជា​ច្រើន​មាន​ការ​ងប់​ងល់​នឹង​កេរ្តិ៍​ឈ្មោះ និង​ជោគ​ជ័យ ដែល​ធំ ហើយ​រំភើប​រីក​រាយ គឺ​ជោគ​ជ័យ​ដែល​រក​បាន​ឆាប់​រហ័ស​។ ប៉ុន្តែ រឿង​ប្រៀប​ប្រដូច​អំពី​គ្រាប់​ពូជ និង​ដំបែរ បាន​ប្រៀប​ប្រដូច​នគរ​ព្រះ(រាជ​របស់​ព្រះ នៅ​លើ​ផែន​ដី) ទៅ​នឹង​កិច្ចការ​ដ៏​តូច លាក់​កំបាំង និង​ហាក់​ដូច​ជា​មិន​សំខាន់ ដែល​មាន​ការ​លូត​លាស់​បន្តិច​ម្តង​ៗ។​

នគរ​ព្រះ គឺ​មាន​លក្ខណៈ​ដូច​ព្រះ ដែល​ជា​មហា​ក្សត្រ។ បេសក​កម្ម​របស់​ព្រះ​គ្រីស្ទ​បាន​សម្រេច កាល​ព្រះ​អង្គ​នៅ​គង់​លើ​ផែន​ដី ដោយ​ចាប់​ផ្តើម​ពី​ចំណុច​តូច​ទៅ ដូច​ជា​គ្រាប់​ពូជ ដែល​បាន​កប់​ក្នុង​ដី ឬ​ដូច​ដំបែរ ដែល​បាន​បង្កប់​នៅ​ក្នុង​ម្សៅ​នំប៉័ង។ តែ​ព្រះអង្គ​បាន​លេច​ឡើង ដូច​ជា​ដើម​ឈើ​ដុះ​ចេញ​ពី​ដី និង​រីក​ធំ​ដូច​នំប៉័ង ដែល​ត្រូវ​កម្តៅ។​

ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង ឲ្យ​រស់​នៅ តាម​ផ្លូវ​របស់​ព្រះ​អង្គ គឺ​ផ្លូវ​ដែល​តស៊ូ និង​រីក​លូត​លាស់។ ផ្លូវ​នោះ​ប្រឆាំង​នឹង​ការ​ល្បួង ដែល​នាំ​ឲ្យ​យើង​ធ្វើ​អ្វី​តាម​ចិត្ត និង​នាំ​ឲ្យ​យើង​ស្រេក​ឃ្លាន​អំណាច ហើយ​វាយ​តម្លៃ​ទៅ​លើ​ការ​អ្វី​ដែល​យើង​ធ្វើ​ ផ្អែក​ទៅ​លើ​លទ្ធផល​ដែល​យើង​ទទួល​បាន​ជា​ដើម។ ព្រះ​គ្រីស្ទ​(មិន​មែន​យើង) ប្រទាន​ឲ្យ​មាន​លទ្ធ​ផល ​ជា​ដើម​ឈើ​ធំ ដែល​មាន​សត្វ​ហើរលើ​អាកាស មក​ទំ​នៅ​លើ​មែក​(ខ.៣២) និង​ជា​នំប៉័ង ដែល​នាំ​ឲ្យ​មាន​ការ​ប្រកប​អាហារ​ដោយ​អំណរ។​—Glenn Packiam