មានពេលមួយ ខ្ញុំបានជួបមិត្តភក្តិចាស់ម្នាក់។ គាត់បានប្រាប់ខ្ញុំអំពីការងាររបស់គាត់ ប៉ុន្តែ ខ្ញុំហាក់ដូចជាពិបាកជឿគាត់។ ទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេលពីរបីខែ ក្រុមតន្រ្តីរបស់គាត់បានទៅប្រគុំតន្រ្តីនៅគ្រប់ទិសទី។ បទចម្រៀងរបស់ក្រុមគាត់បានក្លាយជាបទចម្រៀងពេញនិយមជាងគេ នៅក្នុងការចាក់ផ្សាយតាមវិទ្យុ ហើយក្រោយមក ក៏មានការពេញនិយមខ្លាំង នៅក្នុងកម្មវិធីទូរទស្សន៍ផងដែរ។ អាជីពរបស់គាត់បានទទួលជោគជ័យលឿនណាស់។
មនុស្សជាច្រើនមានការងប់ងល់នឹងកេរ្តិ៍ឈ្មោះ និងជោគជ័យ ដែលធំ ហើយរំភើបរីករាយ គឺជោគជ័យដែលរកបានឆាប់រហ័ស។ ប៉ុន្តែ រឿងប្រៀបប្រដូចអំពីគ្រាប់ពូជ និងដំបែរ បានប្រៀបប្រដូចនគរព្រះ(រាជរបស់ព្រះ នៅលើផែនដី) ទៅនឹងកិច្ចការដ៏តូច លាក់កំបាំង និងហាក់ដូចជាមិនសំខាន់ ដែលមានការលូតលាស់បន្តិចម្តងៗ។
នគរព្រះ គឺមានលក្ខណៈដូចព្រះ ដែលជាមហាក្សត្រ។ បេសកកម្មរបស់ព្រះគ្រីស្ទបានសម្រេច កាលព្រះអង្គនៅគង់លើផែនដី ដោយចាប់ផ្តើមពីចំណុចតូចទៅ ដូចជាគ្រាប់ពូជ ដែលបានកប់ក្នុងដី ឬដូចដំបែរ ដែលបានបង្កប់នៅក្នុងម្សៅនំប៉័ង។ តែព្រះអង្គបានលេចឡើង ដូចជាដើមឈើដុះចេញពីដី និងរីកធំដូចនំប៉័ង ដែលត្រូវកម្តៅ។
ព្រះអង្គបានត្រាស់ហៅយើង ឲ្យរស់នៅ តាមផ្លូវរបស់ព្រះអង្គ គឺផ្លូវដែលតស៊ូ និងរីកលូតលាស់។ ផ្លូវនោះប្រឆាំងនឹងការល្បួង ដែលនាំឲ្យយើងធ្វើអ្វីតាមចិត្ត និងនាំឲ្យយើងស្រេកឃ្លានអំណាច ហើយវាយតម្លៃទៅលើការអ្វីដែលយើងធ្វើ ផ្អែកទៅលើលទ្ធផលដែលយើងទទួលបានជាដើម។ ព្រះគ្រីស្ទ(មិនមែនយើង) ប្រទានឲ្យមានលទ្ធផល ជាដើមឈើធំ ដែលមានសត្វហើរលើអាកាស មកទំនៅលើមែក(ខ.៣២) និងជានំប៉័ង ដែលនាំឲ្យមានការប្រកបអាហារដោយអំណរ។—Glenn Packiam