មានពេលមួយ ខ្ញុំបានឮសម្លេងច្រៀងសរសើរដំកើងព្រះ ពីជាន់លើមក នៅម៉ោង៦:៣៣ ព្រឹក ថ្ងៃសៅរ៍។ ខ្ញុំគិតថា ក្នុងផ្ទះខ្ញុំ មិនទាន់មាននរណាម្នាក់ក្រោកពីដំណេកទេ ប៉ុន្តែ ពេលដែលខ្ញុំបានឮសម្លេងច្រៀងរដិបរដុបរបស់កូនស្រីខ្ញុំ ខ្ញុំក៏បានដឹងថា ខ្ញុំគិតខុសហើយ។ នាងបានបន្លឺសម្លេងច្រៀង ទាំងមិនទាន់ស្វាងនៅឡើយ។
កូនស្រីពៅខ្ញុំ គឺជាអ្នកចម្រៀង។ តាមពិត នាងមិនអាចឈប់ច្រៀងបានឡើយ។ នាងច្រៀង ពេលណានាងក្រោកពីដំណេក។ ពេលនាងទៅសាលា។ ពេលនាងចូលគេង។ នាងបានចាប់កំណើតមក ដោយមានបទចម្រៀង ក្នុងចិត្តនាង ហើយភាគច្រើន បទចម្រៀងរបស់នាងផ្តោតទៅលើព្រះយេស៊ូវ។ នាងសរសើរព្រះ ដោយមិនរើសពេលវេលា និងទីកន្លែង។
ខ្ញុំចូលចិត្តសម្លេងរបស់កូនស្រីខ្ញុំ ដែលមានភាពសាមញ្ញ ភាពប្តូរផ្តាច់ និងភាពស្មោះអស់ពីចិត្ត។ ពេលដែលខ្ញុំបានឃើញនាង បន្លឺសម្លេងច្រៀងចេញពីក្នុងចិត្ត ដោយក្តីអំណរដូចនេះ ខ្ញុំក៏បាននឹកចាំ អំពីការអញ្ជើញឲ្យសរសើរដំកើងព្រះ ដែលមានចែងពេញព្រះគម្ពីរប៊ីប។ គឺដូចដែលបទគម្ពីរ ទំនុកដំកើង ជំពូក៩៥ បានចែងថា “មកចុះ យើងនឹងច្រៀងថ្វាយព្រះយេហូវ៉ា ចូរយើងឡើងសំឡេងដោយអំណរ ដល់ថ្មដានៃសេចក្តីសង្គ្រោះរបស់យើង”(ខ.១)។ ពេលដែលយើងអានខគម្ពីរបន្ទាប់ទៀត យើងក៏បានដឹងថា ការសរសើរដំកើងនេះ បានហូរចេញមក ពេលយើងដឹងថា ព្រះអង្គជានរណា(“ដ្បិតព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ” ខ.៣) និងដឹងថា យើងជានរណា(“ដ្បិតទ្រង់ជាព្រះនៃយើងខ្ញុំហើយ
យើងខ្ញុំក៏ជាហ្វូងចៀមនៅទីគង្វាលរបស់ទ្រង់ គឺជារាស្ត្រដែលនៅក្នុងព្រះហស្តទ្រង់” ខ.៧)។
សម្រាប់កូនស្រីរបស់ខ្ញុំ សេចក្តីពិតទាំងនោះ គឺជាអ្វីដែលលេចឡើង ក្នុងគំនិតរបស់នាង នៅពេលព្រឹក។ ដោយសារព្រះគុណព្រះ នោះអ្នកថ្វាយបង្គំដ៏តូចម្នាក់នេះ បាននាំឲ្យយើងនឹកចាំ អំពីក្តីអំណរ ដែលយើងមាន ក្នុងការសរសើរដំកើងព្រះអង្គ។—Adam R. Holz