មាន​ពេល​មួយ ខ្ញុំ​បាន​ឮ​សម្លេង​ច្រៀង​សរសើរ​ដំកើង​ព្រះ ពី​ជាន់​លើ​មក នៅ​ម៉ោង​៦:៣៣ ព្រឹក ថ្ងៃសៅរ៍។ ខ្ញុំ​គិត​ថា​ ក្នុង​ផ្ទះ​ខ្ញុំ មិន​ទាន់​មាន​នរណា​ម្នាក់​ក្រោក​ពី​ដំណេក​ទេ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​បាន​ឮ​សម្លេង​ច្រៀង​រដិប​រដុប​របស់​កូន​ស្រី​ខ្ញុំ ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំគិត​ខុស​ហើយ។​ នាង​បាន​បន្លឺ​សម្លេង​ច្រៀង ទាំង​មិន​ទាន់​ស្វាង​នៅ​ឡើយ។

កូន​ស្រី​ពៅ​ខ្ញុំ គឺ​ជា​អ្នក​ចម្រៀង។ តាមពិ​ត នាង​មិន​អាច​ឈប់​ច្រៀង​បាន​ឡើយ។ នាង​ច្រៀង ពេល​ណា​នាង​ក្រោក​ពី​ដំណេក។ ពេល​នាង​ទៅ​សាលា។ ពេល​នាង​ចូល​គេង។ នាង​បាន​ចាប់​កំណើត​មក ដោយ​មាន​បទ​ចម្រៀង ក្នុង​ចិត្ត​នាង ហើយ​ភាគ​ច្រើន ​បទ​ចម្រៀង​របស់​នាង​ផ្តោត​ទៅ​លើ​ព្រះ​យេស៊ូវ។ នាង​សរសើរ​ព្រះ ដោយ​មិន​រើស​ពេល​វេលា និង​ទីកន្លែង។​

ខ្ញុំ​ចូល​ចិត្ត​សម្លេង​របស់​កូន​ស្រី​ខ្ញុំ ដែល​មាន​ភាព​សាមញ្ញ ភាព​ប្តូរ​ផ្តាច់ ​និង​ភាព​ស្មោះ​អស់​ពី​ចិត្ត។ ពេល​ដែល​ខ្ញុំ​បាន​ឃើញ​នាង បន្លឺ​សម្លេង​ច្រៀង​ចេញ​ពី​ក្នុង​ចិត្ត ដោយ​ក្តី​អំណរ​ដូច​នេះ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ការ​អញ្ជើញ​ឲ្យ​សរសើរ​ដំកើង​ព្រះ ដែល​មាន​ចែងពេញ​ព្រះ​គម្ពីរ​ប៊ីប។ គឺ​ដូច​ដែល​បទ​គម្ពីរ ទំនុកដំកើង ជំពូក៩៥  បាន​ចែង​ថា “មក​ចុះ យើង​នឹង​ច្រៀង​ថ្វាយ​ព្រះយេហូវ៉ា ចូរ​យើង​ឡើង​សំឡេង​ដោយ​អំណរ ដល់​ថ្មដា​នៃ​សេចក្តី​សង្គ្រោះ​របស់​យើង”(ខ.១)។ ពេល​ដែល​យើង​អាន​ខគម្ពីរ​បន្ទាប់​ទៀត យើង​ក៏​បាន​ដឹង​ថា ការ​សរសើរ​ដំកើង​នេះ បាន​ហូរ​ចេញ​មក  ពេល​យើង​ដឹង​ថា ព្រះ​អង្គ​ជា​នរណា​(“ដ្បិត​ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ​យ៉ាង​ធំ ហើយ​ជា​មហាក្សត្រ​យ៉ាង​ខ្ពស់​លើ​អស់​ទាំង​ព្រះ”​ ខ.៣) និង​ដឹង​ថា​ ​យើង​ជា​នរណា​(“ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ

យើង​ខ្ញុំ​ក៏​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់ គឺ​ជា​រាស្ត្រ​ដែល​នៅ​ក្នុង​ព្រះហស្ត​ទ្រង់” ខ.៧)។

សម្រាប់​កូន​ស្រី​របស់​ខ្ញុំ សេចក្តី​ពិត​ទាំង​នោះ គឺ​ជា​អ្វី​ដែល​លេច​ឡើង ក្នុង​គំនិត​របស់​នាង នៅ​ពេល​ព្រឹក។ ដោយ​សារ​ព្រះ​គុណព្រះ នោះ​អ្នក​ថ្វាយ​បង្គំ​ដ៏​តូច​ម្នាក់​នេះ បាន​នាំ​ឲ្យ​យើង​នឹក​ចាំ អំពី​ក្តី​អំណរ ដែល​យើង​មាន​ ក្នុង​ការ​សរសើរ​ដំកើង​ព្រះ​អង្គ។—Adam R. Holz