សូម​យើង​នឹក​ស្រមៃ អំពី​ការ​រស់​នៅ ដោយ​គ្មាន ទូរស័ព្ទ​ស្មាត​ហ្វូន វ៉ាយ​ហ្វាយ ជីភីអេស ឧបករណ៍​ដែល​ភ្ជាប់​ដោយ​ប្ល៊ូធូត ឬទូរទស្សន៍​ជា​ដើម។ ក្រុង​គ្រីន ប៊ែង ជា​ក្រុង​តូច​មួយ នៅ​រដ្ឋ​វើជីនា​ខាង​លិច ។ នៅ​ទីនោះ គេ​រស់​នៅ យ៉ាង​ដូច​នេះ​ឯង បាន​ជាគេ​ដាក់​រហ័ស​នាម​ឲ្យ​ក្រុង​នេះ​ថា “ក្រុង​ស្ងាត់​ស្ងៀម​បំផុត នៅ​អាមេរិក”។ ក្រុង​នេះ​ក៏​ជា​ទីតំាង​នៃ​មន្ទីរ​សង្កេត​មើល​ផ្កាយ គ្រីន ប៊ែង ដែល​បំពាក់​ដោយ​កែវ​យឹត​វិទ្យុសាស្រ្ត ធំ​ជាង​គេ​នៅ​លើ​ពិភព​លោក ដែល​អាច​បង្វែរ​ទិស​ដៅ​បាន។ កែវ​យឹត ឬ​តេឡេស្កូប​នេះ ត្រូវ​ការ “ភាព​ស្ងប់​ស្ងាត់” ដើម្បី “ស្តាប់” រលក​វិទ្យុ​ដែល​កើត​មាន​ក្នុង​ធម្មជាតិ ដែល​បញ្ចេញ​ដោយ​ចលនា​នៃ​ផ្កាយ និង​កាឡាក់ស៊ី ក្នុង​ទី​អាវកាស​ដ៏​សែន​ឆ្ងាយ។  មុខ​របស់​វា​មាន​ក្រឡា​ផ្ទៃ​ធំ​ជាង​ទីលាន​ប្រកួត​បាល់​ទាត់ ហើយ​វា​ឈរ​នៅ​លើ​ចំណុច​កណ្តាល ​នៃ​តំបន់​ស្ងប់​ស្ងាត់ នៃ​វិទ្យុ​សាស្រ្ត​ជាតិ នៅ​លើ​ផ្ទៃ​ដី​ជាង​២​ម៉ឺន​គឺឡូម៉ែត្រ​ការេ ដែល​គេ​បាន​កំណត់​យក ដើម្បី​ការពារ​ការ​រំខាន់​ពីឧបករណ៍​អេឡិចត្រូនិច មក​លើ​កែវ​យឺត​នោះ ដែល​មាន​កំរិត​នៃ​ការ​ទទួល​រលក​វិទ្យុ​ខ្លាំង​ក្រៃ​លែង។​

ដូច​នេះ​ភាព​ស្ងប់​ស្ងាត់​នេះ ត្រូវ​បាន​គេ​បង្កើត​ឡើង ដោយ​ចេតនា ដើម្បី​ឲ្យ​អ្នក​វិទ្យា​សាស្រ្ត​អាច ស្តាប់ “តន្រ្តី​នៃ​អាវកាស”។ រឿងនេះ​ក៏​បាន​រំឭក​ខ្ញុំ​ផង​ដែរ​ថា យើង​ក៏​ត្រូវ​ការ​ភាព​ស្ងប់​ស្ងាត់​ផ្ទាល់​ខ្លួន ល្មម​នឹង​ស្តាប់​ព្រះ​មួយ​អង្គ ដែល​បាន​បង្កើត​ចក្រ​វាល។ នៅ​គ្រា​សញ្ញា​ចាស់ ព្រះ​ទ្រង់​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ មក​កាន់​រាស្រ្ត​ដែល​វង្វេង​ថា “ចូរ​ឱន​ត្រចៀក ហើយ​មក​ឯ​អញ ចូរ​ស្តាប់​ចុះ នោះ​ព្រលឹង​ឯង​នឹង​បាន​រស់​នៅ ហើយ​អញ​នឹង​តាំង​សេចក្តី​សញ្ញា​នឹង​ឯង​រាល់​គ្នា ជា​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច”(អេសាយ ៥៥:៣)។ ព្រះ​ទ្រង់​បាន​សន្យា​ថា នឹង​ប្រទាន​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​អង្គ ដល់​អស់​អ្នក ដែល​ស្វែង​រក​ព្រះ​អង្គ ហើយ​ងាក​បែរ​មក​ព្រះ​អង្គ ដើម្បី​សូម​ការ​អត់​ទោស។​

ចូរ​យើង​ផ្ចង់​ចិត្ត​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ ដោយ​ងាក​ចេញ​ពី​អ្វី​ដែល​ទាញ​នាំ​អារម្មណ៍​យើង ដើម្បី​ជួប​ព្រះ​អង្គ ក្នុង​ការ​សិក្សា​ព្រះគម្ពីរ និង​អធិ​ស្ឋាន។ ព្រះ​ជា​ម្ចាស់​មិន​គង់​នៅ​ឆ្ងាយ​ឡើយ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ចំណាយ​ពេល​ជា​មួយ​ព្រះ​អង្គ ដើម្បីឲ្យ​ព្រះ​អង្គ​ធ្វើ​ជា​អាទិភាព ក្នុង​ការ​រស់​នៅ​ប្រចំា​ថ្ងៃ និង​អស់​កល្ប​ជា​និច្ច។​—James Banks