សូមយើងនឹកស្រមៃ អំពីការរស់នៅ ដោយគ្មាន ទូរស័ព្ទស្មាតហ្វូន វ៉ាយហ្វាយ ជីភីអេស ឧបករណ៍ដែលភ្ជាប់ដោយប្ល៊ូធូត ឬទូរទស្សន៍ជាដើម។ ក្រុងគ្រីន ប៊ែង ជាក្រុងតូចមួយ នៅរដ្ឋវើជីនាខាងលិច ។ នៅទីនោះ គេរស់នៅ យ៉ាងដូចនេះឯង បានជាគេដាក់រហ័សនាមឲ្យក្រុងនេះថា “ក្រុងស្ងាត់ស្ងៀមបំផុត នៅអាមេរិក”។ ក្រុងនេះក៏ជាទីតំាងនៃមន្ទីរសង្កេតមើលផ្កាយ គ្រីន ប៊ែង ដែលបំពាក់ដោយកែវយឹតវិទ្យុសាស្រ្ត ធំជាងគេនៅលើពិភពលោក ដែលអាចបង្វែរទិសដៅបាន។ កែវយឹត ឬតេឡេស្កូបនេះ ត្រូវការ “ភាពស្ងប់ស្ងាត់” ដើម្បី “ស្តាប់” រលកវិទ្យុដែលកើតមានក្នុងធម្មជាតិ ដែលបញ្ចេញដោយចលនានៃផ្កាយ និងកាឡាក់ស៊ី ក្នុងទីអាវកាសដ៏សែនឆ្ងាយ។ មុខរបស់វាមានក្រឡាផ្ទៃធំជាងទីលានប្រកួតបាល់ទាត់ ហើយវាឈរនៅលើចំណុចកណ្តាល នៃតំបន់ស្ងប់ស្ងាត់ នៃវិទ្យុសាស្រ្តជាតិ នៅលើផ្ទៃដីជាង២ម៉ឺនគឺឡូម៉ែត្រការេ ដែលគេបានកំណត់យក ដើម្បីការពារការរំខាន់ពីឧបករណ៍អេឡិចត្រូនិច មកលើកែវយឺតនោះ ដែលមានកំរិតនៃការទទួលរលកវិទ្យុខ្លាំងក្រៃលែង។
ដូចនេះភាពស្ងប់ស្ងាត់នេះ ត្រូវបានគេបង្កើតឡើង ដោយចេតនា ដើម្បីឲ្យអ្នកវិទ្យាសាស្រ្តអាច ស្តាប់ “តន្រ្តីនៃអាវកាស”។ រឿងនេះក៏បានរំឭកខ្ញុំផងដែរថា យើងក៏ត្រូវការភាពស្ងប់ស្ងាត់ផ្ទាល់ខ្លួន ល្មមនឹងស្តាប់ព្រះមួយអង្គ ដែលបានបង្កើតចក្រវាល។ នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានមានបន្ទូលតាមរយៈហោរាអេសាយ មកកាន់រាស្រ្តដែលវង្វេងថា “ចូរឱនត្រចៀក ហើយមកឯអញ ចូរស្តាប់ចុះ នោះព្រលឹងឯងនឹងបានរស់នៅ ហើយអញនឹងតាំងសេចក្តីសញ្ញានឹងឯងរាល់គ្នា ជាសញ្ញាដ៏នៅអស់កល្បជានិច្ច”(អេសាយ ៥៥:៣)។ ព្រះទ្រង់បានសន្យាថា នឹងប្រទានសេចក្តីស្រឡាញ់ដ៏ស្មោះត្រង់របស់ព្រះអង្គ ដល់អស់អ្នក ដែលស្វែងរកព្រះអង្គ ហើយងាកបែរមកព្រះអង្គ ដើម្បីសូមការអត់ទោស។
ចូរយើងផ្ចង់ចិត្តស្តាប់ព្រះសូរសៀងព្រះ ដោយងាកចេញពីអ្វីដែលទាញនាំអារម្មណ៍យើង ដើម្បីជួបព្រះអង្គ ក្នុងការសិក្សាព្រះគម្ពីរ និងអធិស្ឋាន។ ព្រះជាម្ចាស់មិនគង់នៅឆ្ងាយឡើយ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងចំណាយពេលជាមួយព្រះអង្គ ដើម្បីឲ្យព្រះអង្គធ្វើជាអាទិភាព ក្នុងការរស់នៅប្រចំាថ្ងៃ និងអស់កល្បជានិច្ច។—James Banks