ក្នុងរយៈពេល២៤ម៉ោង បន្ទាប់ពីអ្នកស្រីសារុនដា(Sharonda) ដែលជាម្តាយរបស់លោកគ្រីស(Chris) បានបាត់បង់ជីវិត លោកគ្រីសក៏បានទន្ទេញពាក្យដ៏មានអំណាច ប្រកបដោយព្រះគុណថា “សេចក្តីស្រឡាញ់មានអំណាចខ្លាំងជាងសេចក្តីសម្អប់”។ ម្តាយរបស់គាត់ និងមនុស្ស៨នាក់ទៀត ត្រូវបានគេសម្លាប់រង្គាល នៅក្នុងម៉ោងសិក្សាព្រះគម្ពីរ នៅពេលយប់មួយ ក្នុងក្រុងឆាលតុន រដ្ឋឃែរ៉ូឡាយណា ខាងត្បូង។ ស្ថិតក្នុងពេលដ៏ឈឺចាប់នេះ តើមានអ្វីដែលជួយឲ្យគាត់អាចបន្លឺពាក្យទាំងនេះ ចេញពីបបូរមាត់ និងចិត្តរបស់គាត់? តាមពិត លោកគ្រីសជាអ្នកជឿព្រះយេស៊ូវ ហើយម្តាយរបស់គាត់ “ស្រឡាញ់មនុស្សគ្រប់គ្នា អស់ពីចិត្ត”។
បទគម្ពីរលូកា ២៣:២៦-៤៩ បានពិពណ៌នា អំពីព្រឹត្តិការណ៍នៃការប្រហារជីវិតជនឧក្រិដ្ឋពីរនាក់ ជាមួយព្រះយេស៊ូវ ដែលព្រះអង្គគ្មានទោសសោះ(ខ.៣២)។ គេបានឆ្កាងអ្នកទាំងបី(ខ.៣៣)។ ក្នុងពេលដែលមានការថប់ដង្ហើម និងការឈឺចាប់ជាពន់ពេកនោះ ព្រះយេស៊ូវក៏បានបន្លឺព្រះសូរសៀងថា “ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ”(ខ.៣៤)។ ការផ្សំគំនិតពេញដោយសេចក្តីសម្អប់ របស់ពួកអ្នកដឹកនាំសាសនា បាននាំឲ្យមានការឆ្កាងព្រះមួយអង្គ ដែលជាអង្គបុគ្គល ដែលមានក្តីស្រឡាញ់ច្រើនជាងគេ។ ទោះទ្រង់មានការឈឺចុកចាប់យ៉ាងណាក៏ដោយ សេចក្តីស្រឡាញ់របស់ព្រះអង្គមានជ័យជម្នះជានិច្ច។
តើអ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក បានក្លាយជាគោលដៅ នៃការស្អប់ បំណងអាក្រក់ ភាពល្វីងជូរចត់ និងការរើសអើងរបស់អ្នកដទៃ ដោយរបៀបណា? សូមឲ្យការឈឺចាប់ បណ្តាលចិត្តអ្នកឲ្យអធិស្ឋាន និងសូមឲ្យគំរូរបស់ព្រះយេស៊ូវ និងមនុស្សដូចលោកគ្រីស បានលើកទឹកចិត្តអ្នក ដោយអំណាចនៃព្រះវិញ្ញាណ ដែលបានជ្រើសរើសសេចក្តីស្រឡាញ់ ជាជាងរើសយកសេចក្តីសម្អប់។—Arthur Jackson