ក្នុង​រយៈ​ពេល​២៤​ម៉ោង បន្ទាប់​ពី​អ្នក​ស្រី​សារុនដា(Sharonda) ដែល​ជា​ម្តាយ​របស់​លោក​គ្រីស(Chris) បាន​បាត់​បង់​ជីវិត លោក​គ្រីស​ក៏​បាន​ទន្ទេញ​ពាក្យ​ដ៏​មាន​អំណាច ប្រកប​ដោយ​ព្រះ​គុណ​ថា “សេចក្តី​ស្រឡាញ់​មាន​អំណាច​ខ្លាំង​ជាង​សេចក្តី​សម្អប់”។ ម្តាយ​របស់​គាត់ និង​មនុស្ស​៨​នាក់​ទៀត ត្រូវ​បាន​គេ​សម្លាប់​រង្គាល នៅ​ក្នុង​ម៉ោង​សិក្សា​ព្រះ​គម្ពីរ នៅ​ពេល​យប់​មួយ ក្នុងក្រុង​ឆាលតុន រដ្ឋ​ឃែរ៉ូឡាយណា ខាង​ត្បូង។ ស្ថិត​ក្នុង​ពេល​ដ៏​ឈឺ​ចាប់​នេះ តើ​មាន​អ្វី​ដែល​ជួយ​ឲ្យ​គាត់​អាច​បន្លឺ​ពាក្យ​ទាំង​នេះ ចេញ​ពី​បបូរ​មាត់ និង​ចិត្ត​របស់​គាត់? តាម​ពិត លោក​គ្រីស​ជា​អ្នក​ជឿ​ព្រះ​យេស៊ូវ ហើយ​ម្តាយ​របស់​គាត់ “ស្រឡាញ់​មនុស្ស​គ្រប់​គ្នា អស់​ពី​ចិត្ត”។​

បទ​គម្ពីរ​លូកា ២៣:២៦-៤៩ បាន​ពិពណ៌នា អំពី​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រហារ​ជីវិត​ជន​ឧក្រិដ្ឋ​ពីរ​នាក់ ជា​មួយ​ព្រះយេស៊ូវ ដែល​ព្រះអង្គ​គ្មាន​ទោស​សោះ​(ខ.៣២)។ គេ​បាន​ឆ្កាង​អ្នក​ទាំង​បី​(ខ.៣៣)។ ក្នុង​ពេល​ដែល​មាន​ការ​ថប់​ដង្ហើម និង​ការ​ឈឺ​ចាប់​ជា​ពន់ពេក​នោះ ព្រះ​យេស៊ូវ​ក៏​បាន​បន្លឺ​ព្រះ​សូរ​សៀង​ថា “ឱ​ព្រះវរបិតាអើយ សូម​អត់​ទោស​ដល់​អ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ជា​គេធ្វើ​អ្វី​ទេ​”(ខ.៣៤)។ ការ​ផ្សំ​គំនិត​ពេញ​ដោយ​សេចក្តី​សម្អប់ របស់​ពួក​អ្នក​ដឹក​នាំ​សាសនា បាន​នាំ​ឲ្យ​មាន​ការ​ឆ្កាង​ព្រះ​មួយ​អង្គ ដែល​ជា​អង្គ​បុគ្គល ដែល​មាន​ក្តី​ស្រឡាញ់​ច្រើន​ជាង​គេ។ ទោះ​ទ្រង់​មាន​ការ​ឈឺ​ចុក​ចាប់​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​មាន​ជ័យ​ជម្នះជានិច្ច។

តើ​អ្នក និង​មនុស្ស​ជា​ទីស្រឡាញ់​របស់​អ្នក បាន​ក្លាយ​ជា​គោល​ដៅ នៃ​ការ​ស្អប់ បំណង​អាក្រក់ ភាព​ល្វីង​ជូរ​ចត់ និង​ការ​រើស​អើងរបស់​អ្នក​ដទៃ ដោយ​របៀប​ណា? សូម​ឲ្យ​ការ​ឈឺ​ចាប់ បណ្តាល​ចិត្ត​អ្នក​ឲ្យ​អធិស្ឋាន និង​សូម​ឲ្យ​គំរូ​របស់​ព្រះ​យេស៊ូវ និង​មនុស្ស​ដូច​លោក​គ្រីស បាន​លើក​ទឹក​ចិត្ត​អ្នក ដោយ​អំណាច​នៃ​ព្រះ​វិញ្ញាណ ដែល​បាន​ជ្រើស​រើស​សេចក្តី​ស្រឡាញ់ ជា​ជាង​រើស​យក​សេចក្តី​សម្អប់។​—Arthur Jackson