នៅ​ប្រទេស​ហូឡង់ មាន​អ្នក​ច្នៃ​ម៉ូត​សំលៀក​បំពាក់​មួយ​ក្រុម បាន​ផ្តល់​ឲ្យ​នូវ​វគ្គ​សិក្ខា​សាលា ​អំពី “ការ​ដេរ​ភ្ជាប់​ពណ៌​មាស”។ វគ្គ​សិក្សា​នេះ​ទទួល​ការ​បណ្តាល​ចិត្ត ពី​វិធី​សាស្រ្ត​ឃីនសូហ្គី របស់​ជប៉ុន ដែល​ក្នុង​នោះ គេ​បាន​យក​មាស​មក​បិទ​ភ្ជាប់​ពែង​ប៉សឺ​ឡែន ដែល​បាន​បែក ដូច​នេះ អ្នក​ចូល​រួម​ក៏​បាន​រៀន​ដេរ​ភ្ជាប់​ក្រណាត់​ដែល​រហែក តាម​របៀប​ដែល​ធ្វើ​ឲ្យ​បំណះ​ខោអាវ​នោះ​លេច​ច្បាស់ ជា​ជាង​ព្យាយាម​លាក់​បាំង​វា។ អ្នក​ដែល​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​សិក្ខា​សាលា​នេះ បាន​នាំ​យក​នូវ “ខោ​អាវ​រហែក ដែល​ខ្លួន​ស្រឡាញ់ ហើយ​ដេរ​ភ្ជាប់​ដោយ​អំបោះ​ពណ៌​មាស”។ ខណៈ​ពេល​ដែល​ពួក​គេ​បាន​ជួស​ជុល​ខោអាវ​របស់​ខ្លួន ស្មាម​ជួស​ជុល​នោះ  ក៏​បាន​ក្លាយ​ជា​គ្រឿង​លម្អ ដែល​ជា “បំណះ​ពណ៌​មាស”។

ដូច​នេះ​ខោអាវ​ទាំង​នោះ​មាន​ការ​ផ្លាស់​ប្តូរ ​ឲ្យ​មាន​សម្រស់​ស្អាត ដោយ​ស្នាម​បំណះ​របស់​ពួក​វា​បាន​លេច​ឡើង​ច្បាស់។ រឿងនេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​បទ​គម្ពីរ ២​កូរិនថូស ១១:៣០ ដែល​បាន​ចែង​ថា បើ​សិន​ជា​គួរ​នឹង​អួត​ខ្លួន នោះ​ខ្ញុំ​នឹង​អួត​ពី​សេចក្តី​កំសោយ​របស់​ខ្ញុំ​វិញ។​ ទោះ​គាត់​បាន​ទទួល​ការ​បើក​សម្តែង​ដ៏​អស្ចារ្យ​ជា​ច្រើន​ពី​ព្រះ ក៏​គាត់​មិន​បាន​អួត​អំពី​ការ​នោះ​ឡើយ(២កូរិនថូស ១២:៦)។ គាត់​ថា បន្លា​នៅ​ក្នុង​សាច់​របស់​គាត់​(ខ.៧) បាន​រារាំង​គាត់ មិន​ឲ្យ​មាន​អំណួត និង​ទុក​ចិត្ត​លើ​សមត្ថ​ភាព​ខ្លួន​ឯង​ពេក។ គ្មាន​នរណា​ដឹង​ថា គាត់​បាន​និយាយ​អំពី​បន្លា​ក្នុង​សាច់​គាត់ សំដៅ​ទៅ​លើ​អ្វី​ទេ។ គាត់​ប្រហែល​ជា​និយាយ​អំពី​ទុក្ខ​លំបាក ជម្ងឺ ការ​បៀត​បៀន​ពី​ខ្មំាង​សត្រូវ ​ឬ​អ្វី​ផ្សេង​ទៀត។ ទោះ​បន្លា​នោះ​ជា​អ្វី​ក៏​ដោយ គាត់​បាន​ទូល​អង្វរ​ដល់​ព្រះ សូម​ព្រះ​អង្គដក​វា​ចេញ ប៉ុន្តែ ព្រះ​អង្គ​មាន​បន្ទូល​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ ដ្បិត​កំឡាំង​អញ​បាន​ពេញ​ខ្នាត ដោយ​សេចក្តី​កំសោយ”(ខ.៩)។

​ស្នាម​រហែក និង​ដាច់ នៅ​លើ​ខោ​អាវ​ចាស់​ៗ អាច​ក្លាយ​ជា​ចំណុច​ដ៏​ស្រស់​ស្អាត ដោយ​សារ​អ្នក​ច្នៃ​ម៉ូត​បាន​ជួស​ជុល​ជាយ៉ាង​ណា នោះ​កន្លែង​ប្រេះ​បែក និង​ភាព​កម្សោយ ក្នុង​ជីវិត​យើង ក៏​អាច​ក្លាយ​ជា​កន្លែង ដែល​អំណាច និង​សិរីល្អ​របស់​ព្រះ ​បញ្ចេញ​ពន្លឺ​ចែង​ចាំង​ផង​ដែរ។ ព្រះ​អង្គ​បាន​បង្រួប​បង្រួម​យើង កែ​ប្រែ​យើង និង​ធ្វើ​ឲ្យ​សេចក្តី​កម្សោយ​របស់​យើង ក្លាយ​ជា​ភាពស្រស់​ស្អាត។​—Amy Peterson