មាន​រឿង​ដ៏​ល្បី​ល្បាញ​មួយ​ដំណាល​ថា កាសែត​ឡុនដុន​ថែម បាន​ចោទ​ជា​សំណួរ​មួយ ដល់​ប្រិយ​មិត្ត​អ្នក​អាន​របស់​ខ្លួន​ នៅដើម​សតវត្សរ៍​ទី​២០ ថា តើ​ពិភព​លោក​កំពុង​មាន​រឿង​អ្វី?  នេះ​ជា​សំណួរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់ តើ​មែន​ទេ? គេ​អាច​ឆ្លើយ​តប ចំពោះ​សំណួរ​នេះ​ភ្លាម​ៗ​ថា “តើ​អ្នក​មាន​ពេល​ប៉ុន្មាន​ម៉ោង សម្រាប់​ឲ្យ​ខ្ញុំ​ឆ្លើយ​ប្រាប់​អ្នក​ អំពី​រឿង​ទាំង​នោះ?” នេះ​ជាសំណួរ​ដ៏​ត្រឹម​ត្រូវ ព្រោះ​ពិភព​លោក​យើង​មាន​បញ្ហា​ច្រើន​ណាស់។ រឿង​នេះ​ក៏​បាន​ដំណាល​ទៀត​ថា ការសែត​នេះ​បាន​ទទួល​នូវ​ការ​ឆ្លើយ​តប​ជា​ច្រើន តែ​មាន​ចម្លើយ​ដ៏​ខ្លី និង​ឆ្លាត​វ័យ​មួយ ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ។ លោក ជី ខេ ឆេស្ទ័រតុន(G. K. Chesterton) ដែល​ជា​អ្នក​និពន្ធ អ្នក​តែង​កំណាព្យ និង​ទស្សនវិទូ​អង់​គ្លេស បាន​ឆ្លើយ​សំណួរ​នេះ ដោយ​សរសេរ​ពាក្យមួយ​ឃ្លា​យ៉ាង​ខ្លី​ថា “បាទ លោក ខ្ញុំ​នេះ​ហើយ​ជា​បញ្ហា​របស់​ពិភព​លោក”។

ទោះ​រឿង​នេះ ជា​រឿង​ពិត ឬ​អត់ គេ​អាច​ជជែក​គ្នា​បាន។ ប៉ុន្តែ តើ​ការ​ឆ្លើយ​តប​របស់​គាត់ មាន​ន័យ​ដូច​ម្តេច? អ្វី​ដែល​គាត់​បានឆ្លើយ​នោះ គឺ​ជា​ការ​ពិត។ កាល​ពី​ជាង​២​ពាន់​ឆ្នាំ​មុន សាវ័ក​ប៉ុល បាន​ធ្វើ​ការ​សារ​ភាព អំពី​ចំណុច​ខ្វះ​ខាត​របស់​គាត់ កាល​ពី​អតីតកាល​ថា “ដែល​ពី​ដើម​ខ្ញុំ​ជា​អ្នក​ប្រមាថ ធ្វើ​ទុក្ខ​បៀត​បៀន ហើយ​ព្រហើន​ឈ្លានពាន”(ខ.១៣)។ បន្ទាប់​មក គាត់​ក៏​បាន​លើកឡើង​ថា ព្រះ​យេស៊ូវ​បាន​យាង​មក​ក្នុង​លោកិយ ដើម្បី​សង្រ្គោះ​មនុស្ស​មាន​បាប  ហើយ​គាត់​ក៏​បាន​ធ្វើ​ការ​ប្រកាស​ថា គាត់​ជាមនុស្ស​មាន​បាប​ខ្លាំង​ជាង​គេ​(ខ.១៥)។ សាវ័ក​ប៉ុល​ដឹង​ច្បាស់​ថា ពិភព​លោក​កំពុង​តែ​មាន​បញ្ហា​អ្វី។ ហើយ​គាត់​ថែម​ទាំង​បាន​ដឹង​ថា “ព្រះ​គុណ​របស់​ព្រះ​អម្ចាស់” ជា​ដំណោះ​ស្រាយ និង​ជា​ក្តី​សង្ឃឹម​តែ​មួយ សម្រាប់​ពិភព​លោក​(ខ.១៤)។ នេះ​ជា​សេចក្តីពិត​ដ៏​អស្ចារ្យ​ណាស់។ សេចក្តី​ពិត​ដ៏​ស្ថិត​ស្ថេរ​នេះ​បើក​ភ្នែក​យើង ឲ្យ​ឃើញ​ពន្លឺ​នៃ​សេចក្តី​ស្រឡាញ់​របស់​ព្រះ​គ្រីស្ទ ដែល​ជួយ​សង្រ្គោះ​។​—John Blasé