មានរឿងដ៏ល្បីល្បាញមួយដំណាលថា កាសែតឡុនដុនថែម បានចោទជាសំណួរមួយ ដល់ប្រិយមិត្តអ្នកអានរបស់ខ្លួន នៅដើមសតវត្សរ៍ទី២០ ថា តើពិភពលោកកំពុងមានរឿងអ្វី? នេះជាសំណួរដែលគួរឲ្យចាប់អារម្មណ៍ណាស់ តើមែនទេ? គេអាចឆ្លើយតប ចំពោះសំណួរនេះភ្លាមៗថា “តើអ្នកមានពេលប៉ុន្មានម៉ោង សម្រាប់ឲ្យខ្ញុំឆ្លើយប្រាប់អ្នក អំពីរឿងទាំងនោះ?” នេះជាសំណួរដ៏ត្រឹមត្រូវ ព្រោះពិភពលោកយើងមានបញ្ហាច្រើនណាស់។ រឿងនេះក៏បានដំណាលទៀតថា ការសែតនេះបានទទួលនូវការឆ្លើយតបជាច្រើន តែមានចម្លើយដ៏ខ្លី និងឆ្លាតវ័យមួយ ដែលគួរឲ្យចាប់អារម្មណ៍ជាងគេ។ លោក ជី ខេ ឆេស្ទ័រតុន(G. K. Chesterton) ដែលជាអ្នកនិពន្ធ អ្នកតែងកំណាព្យ និងទស្សនវិទូអង់គ្លេស បានឆ្លើយសំណួរនេះ ដោយសរសេរពាក្យមួយឃ្លាយ៉ាងខ្លីថា “បាទ លោក ខ្ញុំនេះហើយជាបញ្ហារបស់ពិភពលោក”។
ទោះរឿងនេះ ជារឿងពិត ឬអត់ គេអាចជជែកគ្នាបាន។ ប៉ុន្តែ តើការឆ្លើយតបរបស់គាត់ មានន័យដូចម្តេច? អ្វីដែលគាត់បានឆ្លើយនោះ គឺជាការពិត។ កាលពីជាង២ពាន់ឆ្នាំមុន សាវ័កប៉ុល បានធ្វើការសារភាព អំពីចំណុចខ្វះខាតរបស់គាត់ កាលពីអតីតកាលថា “ដែលពីដើមខ្ញុំជាអ្នកប្រមាថ ធ្វើទុក្ខបៀតបៀន ហើយព្រហើនឈ្លានពាន”(ខ.១៣)។ បន្ទាប់មក គាត់ក៏បានលើកឡើងថា ព្រះយេស៊ូវបានយាងមកក្នុងលោកិយ ដើម្បីសង្រ្គោះមនុស្សមានបាប ហើយគាត់ក៏បានធ្វើការប្រកាសថា គាត់ជាមនុស្សមានបាបខ្លាំងជាងគេ(ខ.១៥)។ សាវ័កប៉ុលដឹងច្បាស់ថា ពិភពលោកកំពុងតែមានបញ្ហាអ្វី។ ហើយគាត់ថែមទាំងបានដឹងថា “ព្រះគុណរបស់ព្រះអម្ចាស់” ជាដំណោះស្រាយ និងជាក្តីសង្ឃឹមតែមួយ សម្រាប់ពិភពលោក(ខ.១៤)។ នេះជាសេចក្តីពិតដ៏អស្ចារ្យណាស់។ សេចក្តីពិតដ៏ស្ថិតស្ថេរនេះបើកភ្នែកយើង ឲ្យឃើញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ ដែលជួយសង្រ្គោះ។—John Blasé