ពេលដែលខ្សែភាពយន្តគំនូរជីវចល រឿងសត្វក្តាន់ប៊ែមប៊ី របស់ផលិតកម្មវល ឌីសនីបានចាប់ផ្តើមចាក់បញ្ចាំងនៅតាមរោងភាពយន្ត ឪពុកម្តាយទំាងឡាយ ក៏បានរំឭកអនុស្សាវរីយ៍កាលនៅក្មេង ជាមួយកូនប្រុសស្រីរបស់ខ្លួន។ ក្នុងចំណោមឪពុកម្តាយទាំងនោះ មានស្រ្តីជាម្តាយដ៏វ័យក្មេងម្នាក់ ដែលស្វាមីរបស់នាង ជាអ្នកចូលចិត្តដើរព្រៃ ដែលមានបន្ទប់ដាក់តាំងក្បាលសត្វក្តាន់ដែលគេបរបាញ់បាន។ ខណៈពេលដែលនាងអង្គុយទស្សនារឿងនោះ ជាមួយកូនតូចរបស់នាង នាងក៏បានពិសោធន៍នឹងពេលដ៏តាននឹង ជាមួយកូនៗរបស់នាង ពេលដែលឃើញមេរបស់សត្វក្តាន់ប៊ែមប៊ី ត្រូវព្រានព្រៃបាញ់សម្លាប់។ ពេលនោះកូនប្រុសដ៏តូចរបស់នាងបានស្រែកឮៗពេញរោងភាពយន្តថា “បាញ់បានល្អណាស់” ។ រហូតមកដល់ថ្ងៃនេះ ពេលណាមានការជួបជុំគ្នាជាលក្ខណៈគ្រួសារ នាងបាននិយាយរំឭក អំពីភាពអៀនខ្មាស់របស់នាង ដោយសារកូននាងស្រែកយ៉ាងដូចនេះ នៅក្នុងរោងកុន។
ពេលខ្លះ យើងអស់សំណើច ដោយសារពាក្យសម្តីគួរឲ្យខ្មាស់អៀន ដែលកូនៗរបស់យើងនិយាយ។ ប៉ុន្តែ តើយើងត្រូវនិយាយថាដូចម្តេច ពេលដែលប្រជាជន មានចែងក្នុងបទគម្ពីរ ទំនុកដំកើង ជំពូក ១៣៦ បានធ្វើនូវរឿងដែលស្រដៀងក្មេងទាំងនោះដែរ? ប្រជាជនអ៊ីស្រាអែល ជារាស្រ្តដែលព្រះទ្រង់បានរើស និងសង្រ្គោះ បានត្រេកអរចំពោះសេចក្តីស្រឡាញ់ ដ៏ស្ថិតស្ថេរចំពោះស្នារព្រះហស្តទំាំងអស់ ក៏ដូចជាសម្រាប់ពួកគេ។ បទគម្ពីរទំនុកដំកើងនេះបានសរសើរព្រះ សម្រាប់ការសម្លាប់កូនច្បងរបស់សាសន៍អេស៊ីព្ទ(ខ.១០ និងមើលនិក្ខមនំ ១២:២៩-៣០ ផងដែរ)។
តើការត្រេកអរ ចំពោះការស្លាប់របស់កូន បងប្រុស ឬឪពុករបស់អ្នកដទៃ ជារឿងត្រឹមត្រូវដែរឬទេ?
ដើម្បីឆ្លើយសំណួរនេះ យើងចាំបាច់ត្រូវអានរឿងក្នុងព្រះគម្ពីរ ឲ្យចប់ចុងចប់ដើម។ លោកិយពិបាកយល់អំពីរឿងនេះ ប៉ុន្តែ បន្ទាប់ពីព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញហើយ លោកិយទំាងមូលក៏ត្រូវបានព្រះអង្គអញ្ជើញ ឲ្យចូលរួមត្រេកអរ ក្នុងរឿង និងទឹកភ្នែក ព្រមទាំងសំណើចរបស់គ្រួសារព្រះអង្គ។ ទាល់តែយើងបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះរបស់យើង ហើយកើតជាថ្មីក្នុងព្រះអង្គ ទើបយើងអាចទទួលស្គាល់ភាពអស្ចារ្យនៃព្រះ ដែលស្រឡាញ់មនុស្សម្នាក់ៗ ដោយការលះបង់របស់ទ្រង់។—Mart DeHaan