ពេល​ដែល​លោក​គ្រូ​គង្វាល ឆាត ក្រាហាំ(Chad Graham) បើក​បរ កាត់​តាម​តំបន់​ចំណូល​ទាប នៅ​ក្បែរ​ព្រះ​វិហារ​គាត់ ក្នុងរដ្ឋ​ខូឡូរ៉ាដូ គាត់​ក៏​បាន​ចាប់​ផ្តើម​អធិស្ឋាន ឲ្យ​ប្រជាជន​នៅ​ទីនោះ ដែល​ជា “អ្នក​ជិត​ខាង”របស់​គាត់។ ពេល​គាត់​ឃើញ​ហាងបោក​គក់​តូច​មួយ គាត់​ក៏​បាន​ឈប់​ឡាន ដើម្បី​ចូល​មើល​ខាង​ក្នុង​ហាង​នោះ ហើយ​ក៏​ឃើញ​មាន​ភ្ញៀវ​ពេញ​ ។ មាន​ពួក​គេ​ម្នាក់បាន​សុំ​លុយ​លោក​ក្រាហាំ​មួយ​កាក់ សម្រាប់​ដាក់​ចូល​ក្នុង​ម៉ាស៊ីន​បោក​ខោអាវ ដើម្បី​បោក​ខោអាវ​របស់​ខ្លួន។ ការ​ស្នើ​សុំ​ដ៏​តូច​នេះ ក៏​បាន​នាំ​ឲ្យ​មាន “កម្ម​វិធី​បោក​គក់​ខោអាវ” ប្រចាំ​សប្តាហ៍ ដែល​បាន​ទទួល​ការ​ឧបត្ថម​ពី​ព្រះវិហា​របស់​លោក​ក្រាហាំ។ សមាជិក​ពួក​ជំនុំ​របស់​គាត់​បាន​បរិច្ចាក​ប្រាក់​កាក់ និង​សាប៊ូ ដល់​ហាង​បោក​គក់​នោះ ហើយ​ក៏​បាន​អធិស្ឋាន​ឲ្យ​អ្នក​ដែល​មក​បោក​គក់​ខោ​អាវ ព្រម​ទាំង​ឧត្ថម្ភដល់​ម្ចាស់​ហាង​បោក​គក់​នោះ​ផង​ដែរ។​

ការ​ឈោង​ចាប់​តំបន់​ដែល​ពួក​គេ​រស់​នៅ ដែល​រាប់​បញ្ចូល​ទាំង​កន្លែង​បោក​គក់​ខោអាវ ​គឺ​បាន​ឆ្លុះ​បញ្ចំាង​ អំ​ពី​មហា​ព្រះ​រាជ​បញ្ជា ដែល​ព្រះ​យេស៊ូវ​បាន​ដាក់​ឲ្យ​ពួក​សាវ័ក​របស់​ព្រះ​អង្គ។ គឺ​ដូច​ដែល​ព្រះ​អង្គ​មាន​បន្ទូល​ថា “គ្រប់​ទាំង​អំណាច​បាន​ប្រគល់​មក​ខ្ញុំ​នៅ​លើ​ស្ថានសួគ៌ ហើយ​លើ​ផែនដី​ផង ដូច្នេះ ចូរ​ទៅ​បញ្ចុះ​បញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ ព្រម​ទាំង​ធ្វើ​បុណ្យ​ជ្រមុជទឹក​ឲ្យ ដោយ​នូវ​ព្រះនាម​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណ​បរិសុទ្ធ​ចុះ”(ម៉ាថាយ  ២៨:១៨-១៩)។

ព្រះវត្ត​មាន​ដ៏​មាន​អំណាច នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ បាន​ជួយ​ឲ្យ​គ្រីស្ទ​បរិស័ទ​អាច​ធ្វើ​ការ​ឈោង​ចាប់ មនុស្ស​បាត់​បង់ “នៅគ្រប់ទិសទី” ដោយ​រាប់​បញ្ចូល​ទាំង​កន្លែង​បោក​គក់​ខោអាវ​ផង​ដែរ។​ ជា​ការ​ពិត​ណាស់ យើង​មិន​ទៅ​តែ​ម្នាក់​ឯង​ទេ។ ដ្បិត​ព្រះយេស៊ូវ​បាន​សន្យា​ថា “ខ្ញុំ​ក៏​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​ជា​រាល់​ថ្ងៃ​ដែរ ដរាប​ដល់​បំផុត​កល្ប”(ខ.២០)។

លោក​គ្រូ​គង្វាល​ក្រាហាំ​បាន​ពិសោធន៍​នឹង​សេចក្តី​ពិត​នេះ បន្ទាប់​ពី​គាត់​បាន​អធិស្ឋាន នៅ​កន្លែង​បោក​គក់​នោះ ឲ្យ​ភ្ញៀវ​ម្នាក់ឈ្មោះ ចេហ្វ(Jeff) ដែល​កំពុង​តយុទ្ធ​នឹង​ជំងឺ​មហា​រីក។ លោក​ក្រាហាំ​បាន​ចែក​ចាយ​ថា “ពេល​យើង​អធិស្ឋាន​ចប់ យើង​ក៏​បាន​បើក​ភ្នែក ឃើញ​ភ្ញៀវ​ទាំង​អស់​ក្នុង​ហាង​នោះ​អធិស្ឋាន​ជា​មួយ​យើង ដោយ​ដាក់​ដៃ​លើ​លោក​ចេហ្វ។ វា​ជា​ពេល​ដ៏​បរិសុទ្ធ​បំផុត ដែល​ខ្ញុំ​បាន​ជួប ក្នុង​នាម​ជា​គ្រូ​គង្វាល”។​

ដូច​នេះ ចូរ​យើង​ទៅ​គ្រប់​ទិស​ទី ដើម្បី​ប្រកាស់​អំ​ពី​ព្រះ​គ្រីស្ទ។​—Patricia Raybon