ពេល​ដែល​ខ្សែ​ភាព​យន្ត​គំនូរ​ជីវ​ចល រឿង​សត្វ​ក្តាន់​ប៊ែមប៊ី របស់​ផលិត​កម្ម​វល ឌីសនី​បាន​ចាប់​ផ្តើម​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាព​យន្ត ឪពុក​ម្តាយ​ទំាង​ឡាយ ក៏​បាន​រំឭក​អនុស្សាវរីយ៍​កាល​នៅ​ក្មេង ជា​មួយ​កូន​ប្រុស​ស្រី​របស់​ខ្លួន។ ក្នុង​ចំណោម​ឪពុក​ម្តាយ​ទាំង​នោះ មាន​ស្រ្តី​ជា​ម្តាយ​ដ៏​វ័យ​ក្មេង​ម្នាក់ ដែល​ស្វាមី​របស់​នាង ជា​អ្នក​ចូល​ចិត្ត​ដើរ​ព្រៃ​ ដែល​មាន​បន្ទប់​ដាក់​តាំង​ក្បាល​សត្វក្តាន់​ដែល​គេ​បរ​បាញ់​បាន។ ខណៈ​ពេល​ដែល​នាង​អង្គុយ​ទស្សនា​រឿង​នោះ ជាមួយ​កូន​តូច​របស់​នាង​ នាង​ក៏​បាន​ពិសោធន៍​នឹងពេល​ដ៏​តាន​នឹង ជា​មួយ​កូន​ៗ​របស់​នាង ពេល​ដែល​ឃើញ​មេ​របស់​សត្វ​ក្តាន់​ប៊ែម​ប៊ី ត្រូវ​ព្រាន​ព្រៃ​បាញ់​សម្លាប់។ ​ពេល​នោះ​កូនប្រុស​ដ៏​តូច​របស់​នាង​បាន​ស្រែក​ឮ​ៗ​ពេញ​រោង​ភាព​យន្ត​ថា “បាញ់​បាន​ល្អ​ណាស់”  ។ រហូត​មក​ដល់​ថ្ងៃ​នេះ ពេល​ណា​មាន​ការ​ជួប​ជុំ​គ្នា​ជា​លក្ខណៈ​គ្រួសារ នាង​បាន​និយាយ​រំឭក អំពី​ភាព​អៀន​ខ្មាស់​របស់​នាង ដោយ​សារ​កូន​នាង​ស្រែក​យ៉ាង​ដូច​នេះ នៅក្នុង​រោង​កុន។

ពេល​ខ្លះ យើង​អស់​សំណើច ដោយ​សារ​ពាក្យ​សម្តី​​គួរ​ឲ្យ​ខ្មាស់​អៀន ដែល​កូន​ៗ​របស់​យើង​និយាយ។ ប៉ុន្តែ តើ​យើង​ត្រូវនិយាយ​ថា​ដូច​ម្តេច ពេល​ដែល​ប្រជា​ជន ​មាន​ចែង​ក្នុង​បទ​គម្ពីរ ទំនុក​ដំកើង ជំពូក ១៣៦ បាន​ធ្វើ​នូវ​រឿង​ដែល​ស្រដៀងក្មេង​ទាំង​នោះ​ដែរ? ប្រជា​ជន​អ៊ីស្រាអែល ​ជា​រាស្រ្ត​ដែល​ព្រះ​ទ្រង់​បាន​រើស និង​សង្រ្គោះ បាន​ត្រេក​អរ​ចំពោះ​សេចក្តី​ស្រឡាញ់ ដ៏​ស្ថិត​ស្ថេរ​ចំពោះ​ស្នារ​ព្រះ​ហស្ត​ទំាំង​អស់ ក៏​ដូច​ជា​សម្រាប់​ពួក​គេ។ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ​បាន​សរសើរ​ព្រះ សម្រាប់​ការ​សម្លាប់​កូន​ច្បង​របស់​សាសន៍​អេស៊ីព្ទ(ខ.១០ និងមើលនិក្ខមនំ ១២:២៩-៣០ ផងដែរ)។

តើ​ការ​ត្រេក​អរ ចំពោះ​ការ​ស្លាប់​របស់​កូន បង​ប្រុស ឬ​ឪពុក​របស់​អ្នក​ដទៃ ជា​រឿង​ត្រឹម​ត្រូវ​ដែរ​ឬ​ទេ?

ដើម្បី​ឆ្លើយ​សំណួរ​នេះ យើង​ចាំ​បាច់​ត្រូវ​អាន​រឿង​ក្នុង​ព្រះ​គម្ពីរ ឲ្យ​ចប់​ចុង​ចប់​ដើម។ លោកិយ​ពិបាក​យល់​អំពី​រឿង​នេះ ប៉ុន្តែ បន្ទាប់​ពី​ព្រះ​យេស៊ូវ​បាន​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ហើយ លោកិយ​ទំាង​មូល​ក៏​ត្រូវ​បាន​ព្រះ​អង្គ​អញ្ជើញ​ ឲ្យ​ចូល​រួម​ត្រេក​អរ​ ក្នុងរឿង​ និង​ទឹក​ភ្នែក ព្រម​ទាំង​សំណើច​របស់​គ្រួសារ​ព្រះ​អង្គ។​ ទាល់​តែ​យើង​បាន​ទទួល​ព្រះ​យេស៊ូវ ជា​ព្រះ​អង្គ​សង្រ្គោះ​របស់​យើង ហើយ​កើត​ជា​ថ្មី​ក្នុង​ព្រះ​អង្គ ទើប​យើង​អាច​ទទួល​ស្គាល់​ភាព​អស្ចារ្យ​នៃ​ព្រះ ដែល​ស្រឡាញ់​មនុស្ស​ម្នាក់​ៗ ដោយ​ការ​លះ​បង់​របស់​ទ្រង់។​—Mart DeHaan