ខេលិប(Caleb) ជា​ក្មេង​ដែល​មាន​ការ​ភ័យ​ខ្លាច​ច្រើន។ រៀង​រាល់​ពេល​យប់ ពេល​គាត់​បាន​បិទ​ភ្នែក គាត់​មាន​អារម្មណ៍​ថា ភាព​ងងឹត​បាន​ហ៊ុម​ព័ទ្ធ​ជុំ​ជិត។ ភាព​ស្ងប់​ស្ងាត់​ក្នុង​បន្ទប់​គាត់ ត្រូវ​បាន​រំខាន​ជា​ទៀង​ទាត់ ដោយ​សម្លេង​ក្រេត​ក្រត​ៗ​នៃ​ផ្ទះ​របស់​គាត់ ដែល​សង់​ពី​ឈើ នៅ​ប្រទេស​ខូស្តារីកា។ បន្ទាប់​មក សត្វ​ប្រជៀវ​នៅ​ក្នុង​បន្ទប់​តូច​ក្រោម​ដំបូល​ផ្ទះ មាន​សកម្ម​ភាព​កាន់​តែ​ខ្លាំង​ឡើង។ ម្តាយ​របស់​គាត់​បាន​ដាក់​អំពូល​ពេល​យប់ ក្នុង​បន្ទប់​គាត់ តែ​ក្មេង​តូច​ម្នាក់​នេះ នៅ​តែ​ខ្លាច​ភាព​ងងឹត។ នៅ​ពេល​យប់​មួយ​នោះ ឪពុក​របស់​ខេលិប​បាន​យក​ខគម្ពីរ​មួយ​ខ មក​បិទ​នៅ​ជាប់​គ្រែ​គេង​គាត់។ ខគម្ពីរ​នោះ​ចែង​ថា​ “​ចូរ​ឲ្យ​មាន​កំឡាំង និង​ចិត្ត​ក្លាហាន​ចុះ កុំ​ឲ្យ​ខ្លាច​ឡើយ ក៏​កុំ​ឲ្យ​ស្រយុត​ចិត្ត​ផង ដ្បិត​ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​ជា​មួយ​នៅ​កន្លែង​ណា ដែល​ឯង​ទៅ​ផង”(យ៉ូស្វេ ១:៩)។ ខេលិប​ក៏​បាន​ចាប់​ផ្តើម​អាន​ខគម្ពីរ​នេះ​រៀង​រាល់​យប់ ហើយ​ខគម្ពីរ​អំពី​ព្រះ​បន្ទូល​សន្យា​នោះ​នៅជាប់​នឹង​គ្រែ​គាត់ រហូត​ដល់​ពេល​ដែល​គាត់​ទៅ​រៀន​នៅ​មហា​វិទ្យា​ល័យ។​

បទ​គម្ពីរ យ៉ូស្វេ ជំពូក១ បាន​ពិពណ៌នា អំពី​ការ​ផ្ទេរ​តួនាទី​ជា​អ្នក​ដឹកនាំ ទៅ​លោក​យ៉ូស្វេ បន្ទាប់​ពី​លោក​ម៉ូសេ​ស្លាប់។ ព្រះ​ទ្រង់បាន​បង្គាប់​លោក​យ៉ូស្វេ​ជា​ច្រើន​ដង ឲ្យ “មាន​កម្លាំង និង​មាន​ចិត្ត​ក្លាហាន” ហើយ​ក៏​បាន​បង្គាប់​ពួក​អ៊ីស្រាអែល​ឲ្យ​យល់​ច្បាស់ អំពី​សារៈ​សំខាន់​នៃ​ព្រះ​រាជ​បញ្ជា​មួយ​នេះ​(ខ.៦-៧,៩)។ ជា​ការ​ពិត​ណាស់ ពួក​គេ​មាន​អារម្មណ៍​ភ័យ​ខ្លាច ខណៈ​ពេល​ដែលពួក​គេ​ប្រឈម​មុខ​ដាក់​ពេល​អនាគត ដែល​មិន​ច្បាស់​លាស់ តែ​ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ធានា​ដល់​ពួក​គេ​សារ​ជា​ថ្មី​ថា “អញ​នឹង​នៅ​ជា​មួយ​នឹង​ឯង ដូច​ជា​បាន​នៅ​ជា​មួយ​នឹង​ម៉ូសេ​ដែរ អញ​មិន​ដែល​ខាន​នឹង​ប្រោស​ឯង ក៏​មិន​ដែល​បោះបង់​ចោល​ឯង​ឡើយ”(ខ.៥)។

វា​ជា​រឿង​ធម្មតា​ទេ ដែល​យើង​មាន​ការ​ភ័យ​ខ្លាច ប៉ុន្តែ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខុសភាព​ផ្លូវ​កាយ ចិត្ត និង​វិញ្ញាណ​របស់​យើង ពេលណា​យើង​រស់​នៅ​ក្នុង​ការ​ភ័យ​ខ្លាច​ជាប់​ជា​និច្ច។ ដូច​ដែល​ទ្រង់​បាន​លើក​ទឹក​ចិត្ត​អ្នក​បម្រើ​ទ្រង់​នៅ​សម័យ​ដើម​ជា​យ៉ាង​ណា នោះ​យើង​ក៏​អាច​មាន​ភាព​រឹង​មាំ និង​ចិត្ត​ក្លាហាន​ផង​ដែរ ព្រោះ​ព្រះ​អង្គ​បាន​សន្យា​ថា នឹង​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច។—Cindy Hess Kasper