ក្នុង​អំឡុង​ពេល​ដែល​ខ្ញុំ និង​ស្វាមី​ខ្ញុំ​ធ្វើ​ដំណើរ ទៅ​ធ្វើ​ខួប​អាពាហ៍​ពិពាហ៍​គំរប់​២៥​ឆ្នំា​របស់​យើង យើង​ក៏​បាន​អាន​ព្រះ​គម្ពីរ​នៅលើ​ឆ្នេរ​សមុទ្រ។ ខណៈ​ពេល​ដែល​អ្នក​លក់​ធ្វើ​ដំណើរ​កាត់​តាម​នោះ ដោយ​ប្រាប់​យើង​អំពី​តម្លៃ​របស់​ទំនិញ​ពួក​គេ យើង​ក៏​បានអរគុណ​ពួក​គេ តែ​មិន​បាន​ទិញ​អ្វី​ទេ។ មាន​អ្នក​លក់​ម្នាក់ ឈ្មោះ ហ្វឺនែនដូ(Fernando) បាន​បញ្ចេញ​ទឹក​មុខ​ញញឹម​ស្រស់ ពេល​ដែល​យើង​បដិសេធ​មិន​ព្រម​ទិញ​ទំនិញ​គាត់ ហើយ​ក៏​បាន​ទទូច​យើង ឲ្យ​ទិញ​វត្ថុ​អនុស្សាវរីយ៍​ខ្លះ សម្រាប់​មិត្ត​ភក្តិ​យើង។ ប៉ុន្តែ យើង​នៅ​តែ​មិន​បាន​ទិញ​ទំនិញ​របស់​គាត់។ គាត់​ក៏​បាន​លើក​ឥវ៉ាន់​គាត់ ដើរ​ទៅ​មុខ​ទៀត ដោយ​ទឹក​មុខ​នៅ​តែ​ញញឹម​ជាប់​។ ខ្ញុំ​ក៏​បាន​និយាយ​ថា “ខ្ញុំ​អធិស្ឋាន​សូម​ព្រះ​ប្រទាន​ពរ​អ្នក”។

លោក​ហ្វឺនែនដូ​ក៏​បាន​ងាក​មក​រក​ខ្ញុំ ហើយ​និយាយ​ថា ព្រះ​យេស៊ូវ​បាន​កែ​ប្រែ​ជីវិត​គាត់។ គាត់​ក៏​បាន​លុត​ជង្គង់​នៅ​ចន្លោះ​កៅ​អីរបស់​យើង ហើយ​ប្រាប់​យើង​ថា គាត់​មាន​អារម្មណ៍​ថា ព្រះ​វត្ត​មាន​របស់​ព្រះ​កំពុង​តែ​គង់​នៅ​ទីនេះ។ បន្ទាប់​មក គាត់​ក៏​បាន​ចែកចាយ អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​រំដោះ​គាត់ ឲ្យ​រួច​ពី​ការ​ញៀន​ថ្នាំ និង​ស្រា កាល​ពី​ជាង​១៤​ឆ្នាំ​មុន។​

ទឹក​ភ្នែក​ខ្ញុំ​ក៏​បាន​ស្រក់​ចុះ ខណៈ​ពេល​ដែល​គាត់​សូត្រ​ខគម្ពីរ​ទំនុក​ដំកើង ហើយ​អធិស្ឋាន​ឲ្យ​យើង។ យើង​ក៏​បាន​សរសើរ​ដំកើង​ព្រះ និង​អរ​សប្បាយ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ​អង្គ ទាំង​អស់​គ្នា។​

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក ១៤៨ គឺ​ជា​សេចក្តី​អធិស្ឋាន ដែល​សរសើរ​ដំកើង​ព្រះ។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង បាន​លើកទឹក​ចិត្ត​មនុស្ស​ទាំង​អស់ ​ឲ្យ​សរសើរ​ព្រះ​នាម​ព្រះ​អម្ចាស់ ដ្បិត​ទ្រង់​បាន​ចេញ​បង្គាប់ ហើយ​របស់​ទាំង​នោះ​បាន​កើត​មក(ខ.៥) ដ្បិត​មាន​តែ​ព្រះនាម​ទ្រង់​១ ដែល​ខ្ពស់​ប្រសើរ សិរីល្អ​នៃ​ទ្រង់​ខ្ពស់​ជាង​ផែនដី និង​ផ្ទៃ​មេឃ​ទៅ​ទៀត(ខ.១៣)។

ព្រះ​ទ្រង់​បាន​អញ្ជើញ​យើង ឲ្យ​ទូល​ថ្វាយ អំពី​តម្រូវ​ការ​របស់​យើង នៅ​ចំពោះ​ព្រះ​អង្គ ហើយ​ទុក​ចិត្ត​ថា ព្រះ​អង្គ​ស្តាប់​ឮ ហើយ​យក​ព្រះ​ទ័យ​ទុក​ដាក់​ចំពោះ​យើង ហើយ​ព្រះ​អង្គ​ក៏​សព្វ​ព្រះ​ទ័យ នឹង​ការ​អធិស្ឋាន ដោយ​ការ​សរសើរ ដោយ​ចិត្ត​កត្តញ្ញូ ទោះ​យើង​នៅ​ទីណា​ក្តី។ គឺ​សូម្បី​តែ​នៅ​ឆ្នេរ​សមុទ្រ​ក៏​ដោយ។​—Xochitl Dixon