ក្នុងអំឡុងពេលដែលខ្ញុំ និងស្វាមីខ្ញុំធ្វើដំណើរ ទៅធ្វើខួបអាពាហ៍ពិពាហ៍គំរប់២៥ឆ្នំារបស់យើង យើងក៏បានអានព្រះគម្ពីរនៅលើឆ្នេរសមុទ្រ។ ខណៈពេលដែលអ្នកលក់ធ្វើដំណើរកាត់តាមនោះ ដោយប្រាប់យើងអំពីតម្លៃរបស់ទំនិញពួកគេ យើងក៏បានអរគុណពួកគេ តែមិនបានទិញអ្វីទេ។ មានអ្នកលក់ម្នាក់ ឈ្មោះ ហ្វឺនែនដូ(Fernando) បានបញ្ចេញទឹកមុខញញឹមស្រស់ ពេលដែលយើងបដិសេធមិនព្រមទិញទំនិញគាត់ ហើយក៏បានទទូចយើង ឲ្យទិញវត្ថុអនុស្សាវរីយ៍ខ្លះ សម្រាប់មិត្តភក្តិយើង។ ប៉ុន្តែ យើងនៅតែមិនបានទិញទំនិញរបស់គាត់។ គាត់ក៏បានលើកឥវ៉ាន់គាត់ ដើរទៅមុខទៀត ដោយទឹកមុខនៅតែញញឹមជាប់។ ខ្ញុំក៏បាននិយាយថា “ខ្ញុំអធិស្ឋានសូមព្រះប្រទានពរអ្នក”។
លោកហ្វឺនែនដូក៏បានងាកមករកខ្ញុំ ហើយនិយាយថា ព្រះយេស៊ូវបានកែប្រែជីវិតគាត់។ គាត់ក៏បានលុតជង្គង់នៅចន្លោះកៅអីរបស់យើង ហើយប្រាប់យើងថា គាត់មានអារម្មណ៍ថា ព្រះវត្តមានរបស់ព្រះកំពុងតែគង់នៅទីនេះ។ បន្ទាប់មក គាត់ក៏បានចែកចាយ អំពីរបៀបដែលព្រះទ្រង់បានរំដោះគាត់ ឲ្យរួចពីការញៀនថ្នាំ និងស្រា កាលពីជាង១៤ឆ្នាំមុន។
ទឹកភ្នែកខ្ញុំក៏បានស្រក់ចុះ ខណៈពេលដែលគាត់សូត្រខគម្ពីរទំនុកដំកើង ហើយអធិស្ឋានឲ្យយើង។ យើងក៏បានសរសើរដំកើងព្រះ និងអរសប្បាយក្នុងព្រះវត្តមានព្រះអង្គ ទាំងអស់គ្នា។
បទគម្ពីរទំនុកដំកើង ជំពូក ១៤៨ គឺជាសេចក្តីអធិស្ឋាន ដែលសរសើរដំកើងព្រះ។ អ្នកនិពន្ធបទគម្ពីរទំនុកដំកើង បានលើកទឹកចិត្តមនុស្សទាំងអស់ ឲ្យសរសើរព្រះនាមព្រះអម្ចាស់ ដ្បិតទ្រង់បានចេញបង្គាប់ ហើយរបស់ទាំងនោះបានកើតមក(ខ.៥) ដ្បិតមានតែព្រះនាមទ្រង់១ ដែលខ្ពស់ប្រសើរ សិរីល្អនៃទ្រង់ខ្ពស់ជាងផែនដី និងផ្ទៃមេឃទៅទៀត(ខ.១៣)។
ព្រះទ្រង់បានអញ្ជើញយើង ឲ្យទូលថ្វាយ អំពីតម្រូវការរបស់យើង នៅចំពោះព្រះអង្គ ហើយទុកចិត្តថា ព្រះអង្គស្តាប់ឮ ហើយយកព្រះទ័យទុកដាក់ចំពោះយើង ហើយព្រះអង្គក៏សព្វព្រះទ័យ នឹងការអធិស្ឋាន ដោយការសរសើរ ដោយចិត្តកត្តញ្ញូ ទោះយើងនៅទីណាក្តី។ គឺសូម្បីតែនៅឆ្នេរសមុទ្រក៏ដោយ។—Xochitl Dixon