មាន​រូប​ថត​មួយ​ធ្វើ​ឲ្យ​ខ្ញុំ​អស់​សំណើច។ ក្នុង​រូប​នោះ ខ្ញុំ​ឃើញ​ហ្វូង​មនុស្ស​កំពុង​តែ​ឈរ​សង​ខាង​ផ្លូវ​ ជា​ជួរ នៅ​ប្រទេស​ម៊ិចស៊ីកូ ដោយ​គ្រវី​ទង់​ជាតិ និង​បាច​ក្រដាស់​តូច​ៗ ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​រង់​ចាំ​អ្នក​ដឹក​នាំ​សាសនា​ម្នាក់។ មាន​កូន​ឆ្កែ​អនាថា​មួយ កំពុង​តែ​ដើរ​នៅលើ​ផ្លូវ​ថ្នល់​នោះ។ មើល​ទៅ​វា ហាក់​ដូច​ជា​មាន​ទឹក​មុខ​ញញឹម គឺ​ធ្វើ​មើល​តែ​ហ្វូង​មនុស្ស​កំពុង​តែ​អប​អរ​វា​អញ្ចឹង។ បាទ! សត្វ​ឆ្កែ​នីមួយ​ៗ​គួរ​តែ​មាន​ថ្ងៃ​ដ៏​រីក​រាយ​របស់​ពួក​វា។​

កូន​ឆ្កែ​អនាថា ដែល​បាន​ដណ្តើម​មុខ​មាត់​របស់​ជន​ល្បី​ឈ្មោះ​នោះ គឺ​គួរ​ឲ្យ​ស្រឡាញ់​ណាស់ ប៉ុន្តែ ការ​លួច​ការ​សរសើរ​ពី​នរណា​ម្នាក់ អាច​បំផ្លាញ​ខ្លួន​យើង។ ស្តេច​ដាវីឌ​បាន​ជ្រាប​អំពី​បញ្ហា​នេះ ហេតុ​នេះ​ហើយ​បាន​ជា​ទ្រង់​បដិសេធ​មិន​ព្រម​សោយ​ទឹក​ ដែល​អ្នក​ខ្លាំង​ពូកែ​របស់​ទ្រង់​បាន​ប្រថុយ​ជីវិត ទៅ​យក​មក​ថ្វាយ​ទ្រង់។ មុន​នោះ ទ្រង់មាន​បន្ទូល ដោយ​ភាព​សញ្ចប់​សញ្ចឹង​ថា បើ​សិន​ជា​នរណា​ម្នាក់​អាច​ទៅ​ដង​ទឹក​ពី​អណ្តូង នៅ​បេថ្លេហិម​មក​ថ្វាយ​ទ្រង់ នោះ​មិន​ដឹង​ជា​ល្អ​យ៉ាង​ណា​ទេ។ ទាហាន​របស់​ទ្រង់​បី​នាក់​បាន​គិត​ថា ទ្រង់​ពិត​ជា​ចង់​ឲ្យ​គេ​ទៅ​ដង​ទឹក​នោះ​មែន។ ពួក​គេ​ក៏​បាន​ឆ្លង​កាត់​ខ្សែ​ត្រៀម​របស់​សត្រូវ ចូល​ទៅ​ដង​ទឹកនោះ​យក​មក​ថ្វាយ​ទ្រង់។ ពេល​នោះ​ស្តេច​ដាវីឌ​មាន​ព្រះ​ទ័យ​ភ្ញាក់​ផ្អើល​ជា​ពន់​ពេក ហើយ​មិន​ព្រម​សោយ​ទឹក​នោះ​ទេ តែ​បាន​ចាក់​ច្រួច​ទឹក​នោះ​ថ្វាយ​ព្រះ​អម្ចាស់ ធ្វើ​ជា​ដង្វាយ​ទឹក​វិញ​(២សាំយ៉ូអែល ២៣:១៦)។

របៀប​ដែល​យើង​ឆ្លើយ​តប ចំពោះ​ការ​សរសើរ និង​ការ​ផ្តល់​កិត្តិ​យស អាច​នាំ​ឲ្យ​គេ​ដឹង​ថា យើង​ជា​មនុស្ស​ប្រភេទ​ណា។ ពេល​ណា​ការ​សរសើរ​ណា​មួយ សក្តិ​សម​នឹង​ឲ្យ​អ្នក​ដទៃ ជា​ពិសេស​ព្រះ​អម្ចាស់​ទទួល នោះ​ចូរ​យើង​ជៀស​វាង​ការ​ចង់​បាន​ការ​សរសើរ​នោះ សម្រាប់​ខ្លួន​យើង។ បើ​គេ​ផ្តល់​កិត្តិ​យស ឬ​ការ​សរសើរ​ឲ្យ​យើង នោះ​ចូរ​អរ​គុណ​គេ ហើយ​ពង្រីក​ការ​សរសើរ​នោះ ដោយ​ថ្វាយ​សិរីល្អ​ទាំង​អស់​ដល់​ព្រះ​យេស៊ូវ។ ចូរ​យើង​ចាក់​ច្រួច​ការ​សរសើរ​នោះ ដូច​ជា​ដង្វាយ​ទឹក​ថ្វាយ​ដល់​ព្រះ​អង្គ។​—Mike Wittmer